ភ្នំពេញៈ កម្ពុជា​កំពុង​ពិចារណា​ពី​ការអនុញ្ញាត​ឱ្យ​ជនជាតិ​ថៃ​ដែល​រស់នៅ​ក្នុង​ខេត្ត​ចំនួន ៧ ជាប់​ព្រំដែន​ជាមួយ​ប្រទេស​កម្ពុជា​អាច​ចូលមក​ទស្សនា​ខេត្ត​សៀមរាប ពិសេស​រមណីយដ្ឋាន​អង្គរ​ដោយ​ប្រើប្រាស់​ត្រឹមតែ​បណ្ណ​ព្រំដែន Border Pass គឺ​មិន​ចាំបាច់​មាន​លិខិត​ឆ្លងដែន​នោះ​ទេ​។

គំនិត​នេះ​ត្រូវបាន​លើកឡើង​នៅក្នុង​កិច្ចប្រជុំ​ពេញ​អង្គ​របស់​គណៈកម្មការ​អន្តរក្រសួង ដើម្បី​សម្រួល​ការ​ធ្វើដំណើរ និង​ដឹកជញ្ជូន​ភ្ញៀវទេសចរ និង​អ្នកដំណើរ​នៅ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ និង​ច្រកទ្វារ​អន្តរជាតិ​ទូទាំងប្រទេស​ (​គ​.​អ​.​ច​.​ទ​.) ​កាលពី​ថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ ២០២២ នៅ​ទីស្ដីការ​ក្រសួង​ទេសចរណ៍ ក្រោម​អធិបតីភាព​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន គ​.​អ​.​ច​.​ទ​.​។


ខេត្ត​ទាំង ៧ របស់​ប្រទេស​ថៃ ដែល​ជាប់​ជាមួយ​ព្រំដែន​កម្ពុជា រួមមាន ខេត្ត​ឧត្បុល​រាជធានី​, ខេត្ត​ស៊ីសាកេត​, ខេត្ត​សុរិន្ទ ខេត្ត​បុរីរម្យ​ចន្ទ​បុរី និង​ខេត្ត​ត្រាត​។

រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ និង​ជា​អនុប្រធាន គ​.​អ​.​ច​.​ទ​. លោក ហោ សារុន បាន​ឱ្យ​ដឹង​ក្រោយ​កិច្ចប្រជុំ​ថា រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន ចង់​ឱ្យ​មាន​ការធ្វើ​សំណើ​ទៅ​រាជរដ្ឋាភិបាល​ដើម្បី​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ថៃ​ដែល​រស់នៅ​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​អាច​ឆ្លង​មក​ខេត្ត​សៀមរាប​ដែល​ជា​ខេត្ត​ទី​២ (​បន្ទាប់ពី​ខេត្ត​ទី​១ ដែល​ជាប់​ព្រំដែន​) ដោយ​គ្រាន់តែ​ប្រើប្រាស់​បណ្ណ​ព្រំដែន Border Pass (​មិនចាំបាច់​មាន​លិខិត​ឆ្លងដែន​)។ លោក​បាន​លើក​ឧទាហរណ៍​ថា បើ​ពលរដ្ឋ​ថៃ​រស់នៅ​ខេត្ត​ស្រះកែវ ពេល​ចូលមក​ខេត្ត​បន្ទាយមានជ័យ ហើយ​អាច​ចូលមក​ខេត្ត​សៀមរាប​, អ្នក​នៅ​ខេត្ត​សុរិន្ទ្រ ពេល​ចូលមក​ខេត្ត​ឧត្តរមានជ័យ អាច​ចូល​បន្ត​មក​ខេត្តសៀមរាប​បាន​។


លោក​ថ្លែង​ថា​៖ «​ប្រជាពលរដ្ឋ​ថៃ​ខ្លះ​គាត់​ចង់​មក​លេង​ប្រាសាទ​អង្គរវត្ត តែ​គាត់​អត់​មាន​លិខិត​ឆ្លង​ដែន ដូច្នេះ​បើ​គាត់​រស់នៅ​ខេត្ត​ជាប់​ព្រំដែន​គាត់​អាច​ស្នើសុំ​បណ្ណ​ព្រំដែន នឹង​អាច​ចូលមក​ទស្សនា​រមណីយដ្ឋាន​អង្គរ​បាន​» ។

បើ​តាម លោក សារុន ប្រសិនបើ​ការអនុវត្ត​យ៉ាង​ដូច្នេះ កម្ពុជា​នឹង​ទទួល​ផល​ចំណេញ​បន្ថែម​ពី​វិស័យ​ទេសចរណ៍ តាមរយៈ​ការ​ចូលមក​ទស្សនា​ដោយផ្ទាល់​របស់​ភ្ញៀវ​ដែល​ជា​ប្រជាជន​ថៃ​រស់នៅ​តាម​ខេត្ត​ជាប់​ព្រំដែន​។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោកស្រី ឆាយ ស៊ីវលីន ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ខាងលើ បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ក្នុង​ថ្ងៃទី​ ២០ ខែ​កញ្ញា​ថា បើ​កម្ពុជា​មាន​គោលការណ៍​អនុញ្ញាត​ឱ្យ​ប្រជាជន​ថៃ​រស់នៅ​ក្នុង​ខេត្ត​ទាំង ៧ ជាប់​ព្រំដែន​កម្ពុជា ធ្វើដំណើរ​មក​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​ដោយ​ប្រើប្រាស់​បណ្ណ​ព្រំដែន​នោះ គឺជា​ការល្អ​ណាស់ ព្រោះ​វា​អាច​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​ជួយ​ធ្វើឱ្យ​វិស័យ​ទេសចរណ៍​ខេត្ត​សៀមរាប​មាន​ដំណើរការ​ឡើងវិញ​បាន​លឿន ពិសេស​ក្នុង​អំឡុងពេល​អន្តរកាល​នេះ​។ លោកស្រី​បន្ត​ថា ដោយសារ​ស្ថានភាព​ជំងឺ​កូវីដ ១៩ និង​កំណើន​សេដ្ឋកិច្ច​ពិភពលោក​នៅ​មិនទាន់​ច្បាស់លាស់ ហេតុនេះ​ក្តី​រំពឹង​ចំពោះ​ភ្ញៀវ​មកពី​ប្រទេស ក្រៅ ឬ​តំបន់​ឆ្ងាយៗ គឺ​មិនទាន់​អាច​វាយតម្លៃ​ថា​នឹង​វិវឌ្ឍ​ទៅ​បែបណា​ទេ​។

លោកស្រី​បន្ថែម​ទៀត​ថា ម្យ៉ាង​វិញ​ទៀត ប្រជាជន​ថៃ​នៅតាម​ព្រំដែន​មួយ​ចំនួន​ក៏​មាន​ដូនតា​ជា​ខ្មែរ ហើយ​ភាគច្រើន​មិនមាន​លិខិត​ឆ្លង​ផងដែរ​។

លោកស្រី​បញ្ជាក់​ថា​៖ «​ការ​អនុញ្ញាត​ឱ្យ​ប្រជាជន​រស់នៅ​ក្នុង​ខេត្ត​ជាប់​ព្រំដែន​ចូលមក​ទស្សនា​ប្រាសាទ​អង្គរវត្ត​នឹង​ចូលរួម​ចំណែក​យ៉ាងច្រើន​ក្នុងការ​ធ្វើឱ្យ​ចរន្ត​ទេសចរណ៍​អន្តរជាតិ​នៅ​ខេត្ត​សៀមរាប​ឆាប់​ងើបឈរ​ឡើងវិញ​» ។

ទាក់ទង​នឹង​ប្រទេស​ជិតខាង​ដូចជា​វៀតណាម និង​ឡាវ លោកស្រី ស៊ីវលីន ប្រាប់​ថា នេះ​គឺ​គ្រាន់តែ​ជា​គម្រោង​សាកល្បង​ទី​១ ប៉ុណ្ណោះ​។

អ្នក​នាំ​ពាក្យ​រដ្ឋបាល​ខេត្ត​សៀមរាប លោក លីវ សុខុន បាន​និយាយ​ថា បើ​រដ្ឋាភិបាល​យល់ស្រប​តាម​គំនិត​ខាងលើ​នោះ វា​នឹង​ជំរុញ​ឱ្យ​ភ្ញៀវ​ទេសចរ​ថៃ​ចូលមក​ទស្សនា​ខេត្ត​សៀមរាប​កាន់តែ​ច្រើន ខណៈ​បច្ចុប្បន្ន​ភ្ញៀវ​ទេសចរ​ថៃ​មក​ទស្សនា​ប្រាសាទ​បុរាណ​ក្នុង​ខេត្ត​សៀមរាប​ក៏​កំពុង​កើនឡើង​ច្រើន​ដែរ​។

ការ​ធ្វើដំណើរ​មក​ខេត្ត​សៀមរាប​ដោយ​ប្រើប្រាស់​បណ្ណ​ព្រំដែន Border Pass នឹង​ជួយ​សម្រួល​កាន់តែ​ច្រើន​ដល់​ប្រជាជន​ថៃ​រស់​តាម​ព្រំដែន​ឱ្យ​ស្គាល់​ពី​វប្បធម៌ និង​ប្រាសាទ​បុរាណ​ខ្មែរ​កាន់តែ​ច្រើន ខណៈ​ជនជាតិ​ថៃ​ដែល​រស់នៅ​តាម​ព្រំដែន​មួយ​ចំនួន​ក៏​មាន​ឈាមជ័រ​ពី​ជនជាតិ​ខ្មែរ​ដែរ​។ បន្ថែម​លើ​នេះ​ក៏មាន​ប្រជាជន​ខ្មែរ​មួយ​ចំនួន​កំពុង​រស់នៅ​ក្នុង​ខេត្ត​ជាប់​ព្រំដែន តាំងពី​សម័យ​សង្គ្រាម ហើយ​ចង់​ធ្វើ​ដំណើរ​មក​ទស្សនា​ប្រាសាទ​បុរាណ​ក្នុង​ខេត្ត​សៀមរាប​ទៀតផង​។

លោក​អះអាង​ថា​៖ «​បើ​រដ្ឋាភិបាល​កម្ពុជា​ដាក់​ចេញ​ជា​គោលនយោបាយ​ក្នុង​ការ​ប្រើប្រាស់​បណ្ណ​ព្រំដែន​សម្រាប់​ប្រជាជន​ថៃ​នៅ​បណ្តា​ខេត្ត​ជាប់​ព្រំដែន​វា​នឹង​នាំមក​នូវ​ផលប្រយោជន៍​ជាច្រើន​សម្រាប់​កំណើន​ភ្ញៀវ​ទេសចរ ក៏​ដូចជា​ចំណូល​ជាតិ​បាន​មួយកម្រិត​» ។

ទោះយ៉ាងណា លោក សុខុន លើក​ឡើង​ថា ដើម្បី​ធានា​ប្រសិទ្ធភាព និង​ការ​គ្រប់គ្រង​ចំពោះ​ការ​ប្រើប្រាស់​បណ្ណ​ព្រំដែន​នេះ គឺ​ទាមទារ​ឱ្យមាន​ការ​ត្រួតពិនិត្យ និង​ការ​ដាក់ចេញ​នូវ​លក្ខខណ្ឌ​ឱ្យបាន​ច្បាស់​ការ​កំណត់​រយៈពេល​ស្នាក់នៅ និង​ធ្វើដំណើរ ជាដើម​។

ទិន្នន័យ​ក្រសួង​ទេសចរណ៍​បាន​ឱ្យ​ដឹង​ថា ក្នុង​រយៈពេល ៨ ខែ​ឆ្នាំ ២០២២ កម្ពុជា​ទទួលបាន​ទេសចរ​អន្តរជាតិ ៩៩៨ ២៧២ នាក់ កើន ៧២០ ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២១ ក្នុងនោះ​ភ្ញៀវ​ជនជាតិ​ថៃ​មាន​ចំនួន​ច្រើន​ជាងគេ គឺ ៣៤៨ ៦៦០ នាក់ កើន​ឡើង ៤៧៧,៣ ភាគរយ​៕