ចាប់ពីពេលនេះតទៅរាល់បណ្តាវិនិយោគិនទាំងអស់នឹងអាចទទួលបានព័ត៌មាន (ថា Profile Listing) ជាផ្លូវការអំពីការចុះបញ្ជីមូលបត្ររដ្ឋជាបន្តបន្ទាប់នៅលើផ្សារមូលបត្រកម្ពុជា (CSX) បន្ទាប់ពីការដាក់ឱ្យដំណើរការជាផ្លូវការនៃការចុះបញ្ជីព័ត៌មានរបស់មូលបត្ររដ្ឋដែលទើបតែបានបោះផ្សាយលើកទី១កាលពីពេលថ្មីៗកន្លងមកនេះ។
យោងតាម CSX បានប្រកាសអំពីការចុះបញ្ជីព័ត៌មានរបស់មូលបត្ររដ្ឋជាផ្លូវការមកកាន់ទីផ្សាររបស់ខ្លួនកាលពីថ្ងៃទី២១ ខែកញ្ញា។ ការបោះផ្សាយមូលបត្ររដ្ឋលើកទី១ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី៧ ខែកញ្ញាកន្លងមកនេះដែលធនាគារជាតិជាភ្នាក់ងារបោះផ្សាយ ជាលទ្ធផលនៃការបោះផ្សាយលើកទី១មានគ្រឹះស្ថានចូលរួមចំនួន ៨ បានចូលរួមទិញមូលបត្ររដ្ឋនេះ ជាមួយបរិមាណចូលរួមដេញថ្លៃសរុប ៤១ ៨០០ ឯកតា និងអត្រាចំណូលដេញថ្លៃឈ្នះ ២,២ ភាគរយ។
ហុង សុហួរ អគ្គនាយក CSX បានថ្លែងមកកាន់ភ្នំពេញកាលពីថ្ងៃទី២២ ខែកញ្ញានេះថា ការចុះបញ្ជី មូលបត្ររដ្ឋនៅ CSX គឺគ្រាន់តែជាការចុះបញ្ជីព័ត៌មានតែប៉ុណ្ណោះក្នុងការផ្តល់ព័ត៌មាននានានៅលើទីផ្សារ ចំណែកឯការចុះបញ្ជីពេញលេញក្នុងការអនុញ្ញាតឱ្យសាធារណៈអាចទិញលក់បាននោះគឺមិនទាន់ចាប់ផ្តើមនៅឡើយទេ។
លោកបានមានប្រសាសន៍ថា៖ «ការចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជាចែកចេញជា២ គឺការចុះបញ្ជីព័ត៌មាន ក្រុមហ៊ុន និងការចុះបញ្ជីពេញលេញ។ ហើយការចុះបញ្ជីពេញលេញគឺជាការចុះបញ្ជីលក់មូលបត្រ ចំណែកការចុះបញ្ជីព័ត៌មានគ្រាន់តែជាការដាក់តាំងដោយពុំមានការទិញលក់នោះទេ» ។
លោកបានថ្លែងបញ្ជាក់ថា៖ «សម្រាប់ការចុះបញ្ជីលើកទី២ លើកទី៣បន្តបន្ទាប់ នឹងត្រូវចុះបញ្ជីព័ត៌មាននៅ CSX ទាំងអស់។ នាពេលបច្ចុប្បន្នពុំទាន់មានការទិញលក់នៅលើផ្សារមូលបត្រនៅឡើយទេ ដោយសារយើងត្រូវការពេលវេលាបន្តិចទៀតក្នុងការរៀបចំនិងធ្វើឱ្យដំណើរការប្រកបដោយប្រសិទ្ធភាពមុននឹងយើងចាប់ផ្តើមការទិញលក់មូលបត្ររដ្ឋបាននៅលើទីផ្សាររដ្ឋយើង» ។
លោក ស៊ូ សុជាតិ អគ្គនាយកនៃនិយតករមូលបត្រកម្ពុជា (SERC) បានថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពី ថ្ងៃទី២២ ខែកញ្ញាថា ជាធម្មតាពេលដែលការបោះផ្សាយមូលបត្រហើយនៅផ្សារបឋម (Primary Market) គេតែងតែយកទៅចុះបញ្ជីនៅផ្សារបន្ទាប់ (Secondary Market) ប៉ុន្តែសម្រាប់មូលបត្ររដ្ឋ នេះមិនអត់ទាន់ធ្វើតាមរយៈយន្តការទីផ្សារ ដូច្នេះហើយទើបមានការបោះផ្សាយតាមរយៈធនាគារជាតិនៃកម្ពុជា (NBC) ។
លោកបានថ្លែងបញ្ជាក់ថា៖ «ឯកសារគោលនយោបាយតម្រូវឱ្យយកព័ត៌មានដែលបោះផ្សាយហើយនោះមកចុះបញ្ជីជា Profile Listing មានន័យថាត្រូវប្រមូលផ្តុំព័ត៌មានទុកនៅក្រោមផ្សារមូលបត្រកម្ពុជា។ ដូច្នេះ CSX បានទទួលព័ត៌មានទាំងអស់នៃការបោះផ្សាយលើកទី១ដែលមានអ្នកទិញរួចនោះយកមកចុះបញ្ជីមកតម្កល់ទុកព័ត៌មាននៅក្រោមយន្តការទីផ្សារ ប៉ុន្តែមិនមែនក្នុងគោលដៅសម្រាប់ការជួញដូរនៅ Secondary Market ទេ នេះគ្រាន់តែជា Profile listing ប៉ុណ្ណោះ។
«ដូច្នេះ ហើយផ្សារមូលបត្រយើងបានទទួលនូវព័ត៌មានទាំងនេះ ហើយនេះជាលើកទី១នៃការចុះបញ្ជី ប៉ុន្តែជាបន្តទៀតឱ្យតែគ្រប់យន្តការនៃការបោះផ្សាយទាំងអស់ បើសិនមានបោះផ្សាយលើកទី២លើក ទី៣ទៀត ព័ត៌មានទាំងអស់នឹងរត់មកទីផ្សារដើម្បីប្រមូលផ្តុំទុកដែលយើងហៅថា Profile Listing» ។ នេះបើយោងតាមការថ្លែងបញ្ជាក់ពីលោក ស៊ូ សុជាតិ ។
NBC បានប្រកាសកាលពីថ្ងៃទី១៩ ខែកញ្ញាពីការបោះផ្សាយមូលបត្ររដ្ឋលើកទី២នៅ ថ្ងៃទី២១ កន្លង មកនេះជាមួយក្នុងការកៀរគរទឹកប្រាក់ប្រមាណ ២០០ ពាន់លានរៀល ដែលមានតម្លៃចរិត គឺ ១ លាន រៀលក្នុង ១ ឯកតាជាមួយអត្រាថេរ ២,៤៤ ភាគរយ រយៈពេលទូទាត់គឺរៀងរាល់ ៦ ខែម្តង។ សម្រាប់ លទ្ធផលនៃការបោះផ្សាយនេះពុំទាន់បញ្ចេញជាសាធារណៈនៅឡើយគិតត្រឹមថ្ងៃទី២២ ខែកញ្ញានេះ។
ជាមួយនឹងការបោះផ្សាយមូលបត្ររដ្ឋនេះដែល NBC ជាភ្នាក់ងារបោះផ្សាយរាជរដ្ឋាភិបាលបានដាក់ ផែនការក្នុងការកៀរគរទុន ៣០០ លានដុល្លារគឺជាទឹកប្រាក់អតិបរមាដែលរាជរដ្ឋាភិបាលទទួលបានការអនុញ្ញាតពីរដ្ឋសភា៕