រោងចក្រ​ថាមពល​ពី​ជីវម៉ាស់ តម្លៃ $៦ លាន បើក​ដំណើរការ​

Content image - Phnom Penh Post
លោក សាយ សំអាល់ កាត់​ខ្សែបូ បើក​ដំណើរ​ការ​រោងចក្រ​ថាមពល​ពីជីវម៉ាស់។ សហ​ការី

ភ្នំពេញៈ រោងចក្រ​ថាមពល​ជីវម៉ាស់​ដ៏សំខាន់​មួយ​ស្ថិត​ក្នុង​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ត្រូវបាន​ដាក់​ឱ្យ​ដំណើរការ​កាលពី​ថ្ងៃទី ២២ ខែ​កញ្ញា ដែល​នេះ​គឺជា​ព្រឹត្តិការណ៍​ដ៏សំខាន់ និង​ជា​គំរូ​ដ៏ល្អ​ក្នុងការ​ប្រើប្រាស់​ថាមពល​កកើត​ឡើង​វិញ​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

​រោងចក្រ​ថាមពលជីវម៉ាស់​នេះ ត្រូវបាន​បង្កើតឡើង​ដើម្បី​ជាការ​រួម​ចំណែក​ដល់​កិច្ច​ខិតខំ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ រោងចក្រ​នេះ​បាន​ចាប់ផ្តើម​សាងសង់​កាលពី​ថ្ងៃទី ៨ ខែធ្នូ ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​ដៃគូ BECIS ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី ក្រោម​ទុន​វិនិយោគ​ប្រមាណ ៦ លានដុល្លារ។

​មាន​ទីតាំងនៅ​ក្នុងភូមិ​របោះ​អង្កាញ់ សង្កាត់​ព្រែក​ឯង រោងចក្រ​នេះ​នឹង​ប្រើប្រាស់​អង្កាម​ដែល​មាន​ប្រភព​មកពី​ខេត្ត​ព្រៃវែង ហើយ​វា​នឹង​ផ្គត់ផ្គង់​ថាមពល​ទៅ​ដល់​រោងចក្រ​ស្រាបៀរ Heineken Cambodia។​

​លោក Dolf van den Brink អគ្គ​នាយក​ក្រុមហ៊ុន Heineken Cambodia បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​រោងចក្រ​នេះ​ថា រោងចក្រ​ជីវម៉ាស​ថ្មី​នេះ​នឹង​ក្លាយជា​ជំហាន​ដ៏សំខាន់​មួយ​នៃ​គោលដៅ​របស់​ក្រុមហ៊ុន​ក្នុងការ​ផលិត​ស្រាបៀរ។​

​លោក​និយាយថា​៖ «​នៅ​ទូទាំង​ពិភពលោក យើង​កំពុង​សហការ​យ៉ាង​ជិតស្និទ្ធ​ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ផ្គត់ផ្គង់ និង​ដៃគូ​របស់​យើង​ដើម្បី​សម្រេច​គោល​ដៅ​ប្រកបដោយ​មហិច្ឆតា​របស់​យើង​នៃការ​បំភាយ​ឧស្ម័ន​សូន្យ​ក្នុង​ផលិតកម្ម​ផ្ទាល់​របស់​យើង​ត្រឹម​ឆ្នាំ ២០៣០ និង​ខ្សែចង្វាក់​តម្លៃ​ទាំងមូល​របស់​យើង​នៅ​ត្រឹម​ឆ្នាំ ២០៤០»។​

​លោក​បន្ថែមថា កម្ពុជា​កំពុង​ផ្លាស់ប្តូរ​ទៅជា​ប្រទេស​ដែល​បញ្ចេញ​ឧស្ម័ន​ក្នុង​កម្រិត​ទាប និង​កា​ររីកចម្រើន​យ៉ាង​ឆាប់រហ័ស​ក្នុង​តំបន់​សម្រាប់​ការលក់​ឥណទាន​កាបូន​ប្រកបដោយ​ជោគជ័យ​នៅ​ក្នុង​ទីផ្សារ​ពិភពលោក​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​។ ក្រុមហ៊ុន​ប្ដេជ្ញា​នឹង​រួម​ចំណែក​ក្នុង​ដំណើរ​នេះ និង​ដើរតួនាទី​ជាផ្នែក​មួយ​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

​លោក​បន្តថា ជាមួយនឹង​រោងចក្រ​ជីវម៉ាស់​តម្លៃ ៦ លាន​ដុល្លារ​នេះ ក្រុមហ៊ុន​នឹង​ប្តូរ​ទៅប្រើ​ប្រាស់​ថាមពល​ជីវម៉ាស់​។ ក្រុមហ៊ុន Heineken Cambodia រំពឹងថា​នឹង​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក​មក​នៅ​ត្រឹម ៦០ ភាគរយ​ក្នុង​ការផលិត​របស់​ខ្លួន។​

​លោក Eren Ergin អគ្គនាយក​ក្រុមហ៊ុន BECIS បានឱ្យដឹង​ថា ការ​ដាក់​ឱ្យ​ដំណើរការ​ថាមពល​កកើត​ឡើង​វិញ​ជីវម៉ាស់​នេះ​នឹងមិន​ត្រឹមតែ​រួម​ចំណែក​ទៅដល់​ការ​កាត់បន្ថយ​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែមទាំង​ដល់​សហគមន៍​ដោយ​បង្កើត​ការងារ និង​ធ្វើជា​គំរូ​ក្នុងការ​ប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ​ផងដែរ។​

​លោក​បញ្ជាក់ថា​៖ «​អ្វី​ជា​គម្រោង​ដ៏​សំខាន់​នៃ​រោងចក្រ​នេះ​សម្រាប់​ក្រុមហ៊ុន BECIS Cambodia គឺ​ដើម្បី​ចែក​រំលែក​ចំណេះដឹង និង​ផ្តល់​សិទ្ធិ​អំណាច​ដល់​សហគមន៍​មូលដ្ឋាន និង​សាលារៀន​លើ​ដំណោះស្រាយ​ថាមពល​កកើត​ឡើងវិញ និង​គំនិត​ផ្តួចផ្តើម​ចរាចរណ៍​សេដ្ឋកិច្ច តាមរយៈ​ឧទាហរណ៍​ពី​រោងចក្រ​នេះ»។

​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក សាយ សំ​អាល់ បានឱ្យ​ដឹងថា រោងចក្រ​ជីវម៉ាស់​នេះ​មិន​ត្រឹមតែ​បង្កើត​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ និង​រួមចំណែក​ក្នុងការ​កាត់បន្ថយ​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​រួម​ចំណែក​ដោយ​ផ្ទាល់​ជាមួយ​រដ្ឋាភិបាល​ក្នុង​កិច្ច​ខិតខំ​ដោះស្រាយ​បញ្ហា​បរិស្ថាន​ផងដែរ។​

​លោក​បញ្ជាក់ថា​៖ «​ការវិនិយោគ​នេះ​បង្ហាញ​យ៉ាងច្បាស់​ពី​ទំនុក​ចិត្ត​របស់​វិនិយោគិន​លើ​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល ព្រមទាំង​ចក្ខុវិស័យ​រយៈពេល​វែង​របស់​វិនិយោគិន​នៅ​ក្នុង​កំណើន​សេដ្ឋកិច្ច​កម្ពុជា»៕

ព័ត៌មានថ្មីៗ