ភ្នំពេញៈ និយតករមូលបត្រកម្ពុជា (SERC) បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយវិទ្យាស្ថានអភិវឌ្ឍន៍ចិន ដែលជាវិទ្យាស្ថានមួយប្រមូលផ្តុំទៅដោយ Think Tank របស់ប្រទេសចិន និងជាមួយក្រុមហ៊ុន MOONXBT GLOBAL LIMITED ក្នុងគោលបំណងដើម្បីអភិវឌ្ឍធនធានមនុស្ស និងអភិវឌ្ឍផលិតផលថ្មីៗដូចជាដូចជាទ្រព្យឌីជីថលជាដើម។
ការចុះហត្ថលេខាលើ MoU នេះធ្វើឡើងកាលពីថ្ងៃទី ១១ ខែតុលា រវាងលោក ស៊ូ សុជាតិ អគ្គនាយកSERC , លោក ឈី ជាន អនុប្រធាន នៃវិទ្យាស្ថានអភិវឌ្ឍន៍ចិន (China Development Institute-CDI) និងលោក Anderson ប្រធានគ្រប់គ្រងនៃក្រុមហ៊ុន MOONXBT GLOBAL LIMITED ប្រចាំប្រទេសឥណ្ឌូនេស៊ី។
លោក ស៊ូ សុជាតិ បានថ្លែងក្នុងពិធីចុះហត្ថលេខាថា កិច្ចសហការនេះគឺជាសក្ខីភាពថ្មីមួយទៀតរបស់ SERC ជាមួយស្ថាប័ន២ក្នុងពេលតែ ១ គឺ SERC ជាមួយវិទ្យាស្ថានអភវិឌ្ឍន៍ចិនស្តីពី «ការអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជា» និង SERC ជាមួយក្រុមហ៊ុន MOONXBT GLOBAL LIMITED ស្តីពី «កិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹង និងការអភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យមូលបត្រនៅកម្ពុជា»។
លោកបានថ្លែងថា៖ «គោលបំណងនៃការចុះ MoU ទាំង២នេះគឺដើម្បីបង្កើតនូវយន្តការនៃកិច្ចសហប្រតិបត្តិការជាផ្លូវការមួយក្នុងការអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជា ដែលក្នុងនោះរួមមាន ការលើកកម្ពស់ការកសាងសមត្ថភាពមន្រ្តីនៃ SERC ការអភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យមូលបត្រ ការចូលរួមបង្កើតនូវផលិតផលមូលបត្រថ្មីៗនៅកម្ពុជារួមទាំងទ្រព្យសកម្មឌីជីថល និងការផ្សព្វផ្សាយឱ្យតួអង្គពាក់ព័ន្ធសំខាន់ៗចូលរួមក្នុងទីផ្សារឱ្យបានកាន់តែច្រើន ដែលនឹងជះឥទ្ធិពលជាវិជ្ជមាន ដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប្រកបដោយស្ថិរភាព»។
លោក ស៊ូ សុជាតិ បានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍ថា នាពេលបច្ចុប្បន្ននេះ ន.ម.ក. នៅមិនទាន់បានផ្តល់ការអនុញ្ញាត ឬអាជ្ញាប័ណ្ណណាមួយពាក់ព័ន្ធនឹងការប្រកបអាជីវកម្ម ឬសេវាកម្មពាក់ព័ន្ធនឹងទ្រព្យឌីជីថលនៅឡើយទេ ដោយផលិតផលនេះស្ថិតនៅក្នុងការសិក្សាស្រាវជ្រាវ និងការពិនិត្យពិចារណាលើនីតិវិធី បែបបទ ក៏ដូចជាយន្តការនានា ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការគ្រប់គ្រងអាជីវកម្មនេះ។
យោងតាមរបាយការណ៍ពី SERC រហូតដល់ដើមខែតុលានេះ ទីផ្សារមូលបត្រកម្ពុជាមានទីផ្សារមូលបត្រកម្មសិទ្ធិ ដែលមានក្រុមហ៊ុន ៩ កំពុងចុះបញ្ជីជួញដូរមូលបត្រកម្មសិទ្ធិ និងទីផ្សារមូលបត្របំណុលដែលមានក្រុមហ៊ុនចំនួន ៧ បានចុះបញ្ជីលក់មូលបត្រចំនួន ៩ តែគិតត្រឹមខែតុលានេះ សញ្ញាបណ្ណចំនួន ៣ បានដល់ឥណប្រតិទានហើយ។
លោកបានថ្លែងថា៖ «យើងមានក្រុមហ៊ុនមួយចំនួនទៀតក៏កំពុងស្ថិតនៅក្នុងដំណាក់កាលរៀបចំការបោះផ្សាយលក់មូលបត្រទាំងមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុល។ វាជាមោទនភាពមួយ ដែលទីផ្សាររបស់យើងទើបតែចាប់ផ្តើមក្រោយគេក៏ពិតមែន តែយើងនឹងមានក្រុមហ៊ុនបោះផ្សាយសញ្ញាបណ្ណបៃតងនាពេលឆាប់ៗខាងមុខនេះ ដែលតាមរយៈផលិតផលនេះ វានឹងកាន់តែលើកកម្ពស់ទីផ្សារមូលបត្រកម្ពុជាបន្ថែមទៀត ព្រោះថា ដ្បិតតែទីផ្សារយើងថ្មី តែសញ្ញាបណ្ណដែលបោះផ្សាយនេះ គឺស្របទៅនឹងស្តង់ដាសញ្ញាបណ្ណបៃតងអាស៊ាន»៕