ភ្នំពេញៈ កំណើន​នៃ​ការ​ចូល​មក​បណ្តាក់​ទុន​ និង​បញ្ជា​ទិញ​ពី​​ទីផ្សារ​អន្តរជាតិ​ បាន​ធ្វើឱ្យ​ចំនួន​ទឹក​ប្រាក់​នាំ​ចូល-នាំចេញ​ទំនិញ ​​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​ (SSEZ) ​រយៈពេល​ ៣ ​ត្រីមាស​ដំបូង​នៃ​​ឆ្នាំ ២០២២ មាន​ទឹក​ប្រាក់​សរុប​ជាង ១,៩ ​ពាន់​លាន​ដុល្លារ​កើន​ជាង ២១ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​ ២០២១។

ស្ថិតិ​ចុងក្រោយ​របស់ SSEZ ​បង្ហាញ​ថា ចាប់​ពី​ខែ​មករា ដល់​ខែ​កញ្ញា ឆ្នាំ​ ២០២២ ក្រុមហ៊ុន/​សហគ្រាស​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ បាន​នាំចូល-​នាំចេញ​ទំនិញ​ក្នុង​ទឹកប្រាក់​ ១ ៩០៤ ​លាន​ដុល្លារ​កើន​ឡើង ២១,២៧ ​ភាគរយ​បើធៀប​​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២១ ដែល​មាន​ចំនួន ១,៥៧ ​ពាន់​លាន។ ទោះ​យ៉ាង​ណា​ទិន្នន័យ​មិន​បាន​ញែក​ចំនួន​ទឹកប្រាក់​នាំចូល-​នាំចេញ ​ពី​គ្នា​​នោះ​ទេ​។


អភិបាល​រង​ខេត្ត​ព្រះសីហនុ លោក ឡុង ឌីម៉ង់ បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ ​កាល​ពី​​ថ្ងៃ​ទី ​១៧ ខែ​​តុលា​ថា សកម្មភាព​ចង្វាក់​ផលិតកម្ម​ និង​ការ​នាំចូល​-​នាំ​ចេញ​ ក្នុង​តំបន់​សេដ្ឋកិច្ច​ SSEZ បាន​កើន​ឡើង​ជា​លំដាប់​ដោយ​សារ​កត្តា​មួយ​ចំនួន​ដូចជា​មាន​សុខសន្តិភាព, សុវត្ថិភាព​ទីសាធារណៈ, ប្រសិទ្ធភាព​​ការ​គ្រប់គ្រង​ជំងឺ​កូវីដ​ ១៩, ច្បាប់​វិនិយោគ​ថ្មី​​​ដែល​មាន​លក្ខណៈ​អំណោយផល និង​ទាក់ទាញ​, ការ​ចូល​ជា​ធរមាន​ជា​បន្ត​បន្ទាប់​នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​​ដែល​កម្ពុជា​ជា​សមាជិក, និង​ការ​ទទួលបាន​​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នាំ​ទំនិញ​ចូល​ប្រទេស​ធំៗ​។ លោក​បន្ត​ថា ក្រៅ​ពី​នោះ​ កម្ពុជា​ក៏​ទទួល​បាន​ភាព​វិជ្ជមាន​ពី​កត្តា​ខាងក្រៅ​ផង​ដែរ​ដូច​ជា បញ្ហា​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ប្រទេស​មួយ​ចំនួន, ​ការ​ធ្លាក់​ចុះ​ផលិតកម្ម​នៅ​​ប្រទេស​ខ្លះ​​​ដោយសារ​កូវីដ ១៩, និង​ជម្លោះ​ផ្នែក​ភូមិសាស្រ្ត​នយោបាយ​ប្រទេស​មួយ​ចំនួន។

លោក​បន្ថែម​​ថា៖​ «​លក្ខណៈ​អំណោយផល​របស់​​កម្ពុជា​កំពុង​ធ្វើ​ឱ្យ​ទឹក​ប្រាក់​​​នាំចូល-​នាំចេញ​ទំនិញ​របស់ SSEZ បន្ត​កើនឡើង​ជា​លំដាប់​»។ លោក​បន្ត​​ថា​៖​ «​នៅ​ពេលនេះ​គឺ​មិន​ត្រឹមតែ​សកម្មភាព​នាំចូល-​នាំ​ចេញ​ក្នុង​​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​ កើន​ឡើង​ប៉ុណ្ណោះ​ទេ សូម្បី​តែ​តំបន់​សេដ្ឋកិច្ច​ផ្សេង​ទៀត ព្រម​ទាំង​គម្រោង​វិនិយោគ​​នៅ​ក្រៅ​តំបន់​សេដ្ឋកិច្ច ក៏​កំពុង​កើន​ឡើង​ដែរ​»។


យោងតាម​លោក ឌីម៉ង់ ក្រុមហ៊ុន/សហគ្រាស​ ដែល​កំពុង​វិនិយោគ​​ក្នុង SSEZ មាន​ភាគច្រើន​​មក​ពី​ចិន ថៃ និង​កូរ៉េ​ជា​ដើម​។

ប្រធាន​សមាគម​ពាណិជ្ជករ​ដឹក​ជញ្ជូន និង​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​​នៅ​កម្ពុជា លោក ជា ចាន់ដារ៉ា បាន​ប្រាប់​​ថា លក្ខណ​ពិសេស​ដែល​ធ្វើឱ្យ​សកម្មភាព​ផលិតកម្ម ការ​ដឹក​ជញ្ជូន និង​ចំនួន​ទឹកប្រាក់​នាំ​ចូល-​នាំ​ចេញ ​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ មាន​កំណើន​ជា​បន្តបន្ទាប់​​ (ទោះបី​ក្នុង​អំឡុង​​ការ​រាតត្បាត​ជំងឺ​កូវីដ​ ១៩) គឺ​ដោយសារ​តែ​ទីតាំង​​វា​នៅ​ជិត​កំពង់ផែ​អន្តរជាតិ ដែល​បង្ក​ភាព​ងាយ​ស្រួល​សម្រាប់​ការ​ដឹក​ជញ្ជូន​។ លោក​បន្ត​ថា បច្ចុប្បន្ន​ចំនួន​រោងចក្រ​ថ្មីៗ​ក៏​កំពុង​លេច​ឡើង​​នៅ​ទីនោះ ដែល​មាន​ដូច​ជា គ្រឿង​បរិក្ខារ​អគ្គិសនី សូឡា សម្លៀក​បំពាក់ គ្រឿង​សង្ហារិម បរិក្ខារធ្វើ​ដំណើរ និង​ផលិតផល​សម្រាប់​នាំ​ចេញ​​មួយ​ចំនួន​ទៀត​។

លោក​​បញ្ជាក់​​ថា៖​ «​ការ​កើន​ឡើង​បរិមាណ​នាំ​ចេញ​-​នាំ​ចូល គឺ​​មក​ពីទទួល​បាន​នូវ​ការ​បញ្ជា​ទិញ​ពី​ក្រៅប្រទេស​ច្រើន​​​ដូចជា​ ប៉ែក​ខាង​អឺរ៉ុប អាមេរិក និង​ក៏​មាន​​​ក្នុង​អាស៊ី​​ដែរ»​។

ទាក់ទង​​ចំនួន​​ប្រាក់​នាំចូល-​នាំចេញ​របស់ SSEZ នៅ​ពេល​ខាង​មុខ លោក ចាន់ដារ៉ា បាន​ប្រាប់​ថា ដោយសារ​ផលិតកម្ម​ក្នុង SSEZ ​ភាគច្រើន​បម្រើ​ឱ្យ​ទីផ្សារ​អន្តរជាតិ ដូច្នេះ​ចំនួន​ទឹកប្រាក់​នាំចូល-​នាំចេញ​ទំនិញ ​ក៏​អាស្រ័យ​លើ​ដំណើរ​​សេដ្ឋកិច្ច​ពិភពលោក​ផងដែរ​។

ក្នុង​ឆ្នាំ​ ២០២១ តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​បាន​នាំចូល-​នាំចេញ ក្នុង​ទឹក​ប្រាក់​សរុប ២ ២៣៤ លាន​ដុល្លារ​កើន​ ៤២,៧៥​ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២០​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី SSEZ។

ទិន្នន័យ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​បង្ហាញ​ថា នៅក្នុង​រយៈពេល ៣ ត្រីមាស ឆ្នាំ​ ២០២២ ពាណិជ្ជកម្ម​អន្តរជាតិ​​របស់​កម្ពុជា​​មាន​ទឹក​ប្រាក់​សរុប ៤១ ០២២,​៦០ ​លាន​ដុល្លារ កើន​ឡើង ១៨ ​ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​​ក្នុង​ឆ្នាំ​ ២០២១ ក្នុង​នោះ​ការ​នាំចូល​មាន​តម្លៃ ២៣ ៧៦៤,២៧ ​លាន​ដុល្លារ កើន ១៥,២ ​ភាគរយ និង​នាំ​ចេញ​មាន​តម្លៃ ១៧ ២៥៨,៣៤ ​​លាន​ដុល្លារ កើនឡើង ២២,១ ​ភាគរយ៕