ក្រុមហ៊ុន​Tesla​ បាន​រាយការណ៍​កាល​ពី​ថ្ងៃពុធ​ ទី ១៩ ​ខែ​តុលាថា ​ប្រាក់ចំណេញ​នៅ​ត្រីមាសទី៣របស់ខ្លួន​ បានកើន​ឡើងទ្វេដង​ធៀប​នឹងឆ្នាំមុន។ ​ជា​ការកើន​ឡើង ​ដោយសារ​កំណើន​នៃ​ការលក់​រថយន្ត​កាន់តែ​ខ្ពស់។

ក្រុមហ៊ុន​ផលិត​រថយន្ត ​និង​ផ្ទាំង​សូឡា​នៅ ​Austin​ រដ្ឋ ​Texas សហ​រដ្ឋ​អាមេរិក​មួយនេះ​បាន​ប្រកាស​ប្រាក់​ចំណូល​សុទ្ធ​ចំនួន ​៣,២៩ ​ប៊ីលាន​ដុល្លារ​ គិត​ចាប់ពី​ខែ​កក្កដា​ ដល់​ខែកញ្ញា​។


នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Tesla ​គឺ​មហា​សេដ្ឋី​អាមេរិក​លោក ​Elon Musk បាន​ថ្លែងនៅ​ក្នុង​សន្និសីទ​ប្រចាំត្រី​មាស​របស់​ក្រុមហ៊ុនថា​ Tesla ​កំពុង​ពិចារណា​ចំពោះ​ការ​ទិញ​ភាគហ៊ុន​មក​វិញ​សម្រាប់​ឆ្នាំក្រោយ ក្នុង​ទំហំ​ជាទឹក​ប្រាក់ពី​ ៥ ប៊ីលាន​ដុល្លារ ​ទៅ​ ១០ ប៊ី​លានដុល្លារ ​បើទោះបី​ជា​សេដ្ឋកិច្ច​ធ្លាក់ចុះ​ក៏​ដោយ។​

ក្រុមហ៊ុន ​Tesla ​រក​ចំណេញ​បាន​ ១,០៥ ​ដុល្លារ ​ក្នុង ​១ ហ៊ុន ​ដែល​លើពី​ការព្យាករ​ទុក​របស់​ Wall Street ដែល​បញ្ជាក់ថា ​ក្រុមហ៊ុន​នេះ​អាច​រក​បាន​ចំណេញ​តែ ​១ ដុល្លារ​ ក្នុង ១ ហ៊ុនប៉ុណ្ណោះ។


ប្រាក់ចំណូល​របស់​ក្រុមហ៊ុន​ បាន​កើនឡើង​ ៥៦ ភាគដល់​កំណត់​ត្រា​ ២១,៤៥ ប៊ីលាន​ដុល្លារ ប៉ុន្តែ​ទាបជាង​ការ​ប៉ាន់ស្មាន​ដែលថា​ក្រុមហ៊ុន​នឹង​រកប្រាក់​ចំណូល​មធ្យម ​២១,៩៨ ​ប៊ីលាន​ដុល្លារ​។

កាល​ពីដើម​ខែ​តុលានេះ​ Tesla ​បាន​រាយការណ៍​ពី​ការ​លក់​រថយន្ត​កើនឡើង ​៣៥ ​ភាគ​រយ​ សម្រាប់​រយៈ​ពេល​ពី​ខែ​កក្កដា​ដល់​ខែកញ្ញា ​ប្រៀបធៀប​ទៅនឹង​ត្រីមាស​ទី២​ នៃ​ឆ្នាំ​ ២០២២​ ខណៈ​ដែល​រោងចក្រ​ដ៏​ធំ​របស់​ក្រុមហ៊ុន​នៅក្នុង​ប្រទេសចិន​មាន​បញ្ហា​ខ្សែ​ចង្វាក់ ​ផ្គត់ផ្គង់​ដោយសារ​ការរឹត​បន្តឹង​ជំងឺ​រាតត្បាត​កូវីដ ១៩​។ ក្រុមហ៊ុន បាន​លក់​រថយន្ត​អគ្គិសនី​ចំនួន​ ៣៤៣ ៨៣០ ​គ្រឿង​ នៅក្នុង​ត្រីមាស​ទី៣ ​កន្លង​ទៅ​ ខណៈដែល​ការលក់​ក្នុង​ត្រីមាសទី២​ ពី​ខែមេសា ​ដល់​ខែ​មិថុនា ​មាន​ត្រឹមតែ​ ២៥៤ ៦៩៥ ​គ្រឿង។

មក​ដល់​ពេល​នេះ​ក្រុមហ៊ុន​បាន​ចែកចាយ​រថយន្ត​បាន​ចំនួន​ ៩០៨ ​៥៧៣​ គ្រឿង ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន​ក្រុមហ៊ុន​បាន​ចែកចាយ​រថយន្ត​ចំនួន​ ៩៣៦ ​០០០ គ្រឿង។ ​ដើម្បី​បង្កើន​ការ​លក់ ៥០ ​ភាគរយ​ លើស​ពី​ការ​លក់​កាល​ពីឆ្នាំមុន ​គឺ​ក្រុមហ៊ុន​ត្រូវ​លក់រថយន្ត​ឱ្យ​ បាន​ចំនួន ១,៤ លាន​គ្រឿង ដូច្នេះ​ក្រុមហ៊ុន​នឹងត្រូវ​លក់​រថយន្ត​ច្រើន​ជាង​ ៤៩០ ០០០​ គ្រឿង​ទៀត ​ក្នុង​ត្រីមាស​ទី៤​។

ក្រុមហ៊ុន ​Tesla ​ក៏​បាន​បញ្ជាក់​ថា មុខងារ​បើកបរ​ដោយខ្លួន​ឯង​នឹង​ទៅដល់​ដៃអ្នក​ប្រើប្រាស់​គ្រប់​គ្នា​ចំពោះ​តែអ្នក​ដែល​បានបញ្ជា​ទិញ​នៅចុង​ឆ្នាំនេះ។ ​បច្ចុប្បន្ន​មុខ​ងារ​នេះ កំពុង​តែស្ថិត​នៅក្នុង​ដំណាក​កាល​សាកល្បង​លើ​រថយន្ត​ចំនួន​ ១៦០ ​០០០ គ្រឿង​។

ភាគហ៊ុន​របស់​ក្រុមហ៊ុន ​Tesla ​បាន​ធ្លាក់ចុះ​ ៦,៣ ភាគរយ ក្នុង​ម៉ោងជួញដូរ​នាថ្ងៃពុធ ​ទី ១៩​ ខែតុលា ក្រោយពី​ក្រុមហ៊ុននេះ​ប្រកាស​ពី​ទំហំ​នៃ​ការ​លក់ក្នុង​ត្រីមាសទី៣ ​ដែល​មិនដូចទៅ​នឹង​ការព្យាករ​របស់​ Wall Street។ ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​Tesla​ បាន​ធ្លាក់ចុះ ​៣៧​ ភាគ​ក្នុងរយៈ​ពេល​ ១ ឆ្នាំនេះ ដែល​មួយ​ចំណែក​ធំគឺ​ដោយ​សារលោក​ Musk​ ប្រកាស​យកប្រាក់ ​៤៤ ​ប៊ីលាន​ទិញ​បណ្តាញ​សង្គម​ Twitter៕