ភ្នំពេញៈ អ្នក​ក្នុង​វិស័យ​ទេសចរណ៍​បាន​លើកឡើង​ថា ការសម្រេច​របស់​រដ្ឋាភិបាល​ក្នុង​ការបន្ត​អនុវត្ត​វិធានការ​បន្ថែម​រយៈពេល ៣ ​ខែ​ទៀត សម្រាប់​បន្ត​គ្រប់គ្រង​ផលប៉ះពាល់ និង​គាំទ្រ​ការ​ងើប​ឡើងវិញ​នៃ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា គឺមាន​សារៈសំខាន់​ក្នុង​ការជួយ​ធ្វើឱ្យ​វិស័យនេះ​បន្ត​និរន្តរភាព​របស់ខ្លួន ទោះបី​ពេលនេះ​ស្ថានភាព​ទីផ្សារ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ចាប់ផ្តើម​កម្រើក​ឡើងវិញ​ជា​បណ្តើរៗ​ក៏ដោយ​។

រដ្ឋាភិបាល​កម្ពុជា​កាលពី​ថ្ងៃទី​ ២៥ ខែតុលា ឆ្នាំ​ ២០២២ បានចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី​ «​វិធានការ​បន្ថែម​សម្រាប់​បន្ត​គ្រប់គ្រង​ផលប៉ះពាល់ និង​គាំទ្រ​ការ​ងើប​ឡើងវិញ​នៃ​វិស័យ​ទេសចរណ៍​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​» ​ដោយ​ក្នុង​ខ្លឹម​សារបាន​លើកឡើង​ថា ទោះបី​ស្ថានភាព​ជំងឺ​កូវីដ​ ១៩ មាន​ភាព​ល្អប្រសើរ​ក៏ដោយ ក៏​បញ្ហា​ប្រឈម​មួយចំនួន​ដូចជា សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន និង​ការកើនឡើង​អតិផរណា គឺ​កំពុង​បង្ក​នូវ​ហានិភ័យ​ថ្មី និង​ផ្តល់​ផលប៉ះពាល់​ដល់​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​សកល​។ សម្រាប់​វិស័យ​ទេសចរណ៍ ទោះបី​ភ្ញៀវទេសចរ​មាន​ការ​កើនឡើង ប៉ុន្តែ​កំណើន​នេះ​នៅមាន​កម្រិត​។


លិខិត​បន្តថា ក្រោម​ស្មារតី​បុរេសកម្ម និង​ទទួល​ខុសត្រូវ​ខ្ពស់ រដ្ឋាភិបាល​បានដាក់​ចេញ​វិធានការ​សំខាន់ៗ​ចំនួន​ ៣ រួមមាន ទី​១ ការបន្ត​លើកលែង​ការបង់ពន្ធ​ប្រចាំខែ​គ្រប់​ប្រភេទ លើកលែង​តែ​អាករ​លើ​តម្លៃបន្ថែម​ចំពោះ​សណ្ឋាគារ ផ្ទះសំណាក់ និង​ក្រុមហ៊ុន​ភ្នាក់ងារ​ទេសចរណ៍ ដែល​បាន​ចុះបញ្ជី​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​មាន​សកម្មភាព​អាជីវកម្ម​នៅ​ភ្នំពេញ ខេត្ត​សៀមរាប និង​ព្រះសីហនុ សម្រាប់​រយៈពេល​ ៣​ ខែ​បន្ថែមទៀត គឺ​ពី​ខែតុលា ដល់​ខែធ្នូ ឆ្នាំ​ ២០២២, ទី​២ ការលើកលែង​ពន្ធ​លើ​ប្រាក់ចំណូល​សម្រាប់​ឆ្នាំ​ ២០២២ ចំពោះ​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​ក្រុមហ៊ុន​ភ្នាក់ងារ​ទេសចរណ៍ ដែលមាន​សកម្មភាព​អាជីវកម្ម​នៅ​រាជធានី​ភ្នំពេញ សៀមរាប និង​ខេត្ត​ព្រះសីហនុ និង​ទី៣ គឺ​ការបន្ត​ជំរុញ​អាជីវកម្ម​នៅក្នុង​វិស័យ​ទេសចរណ៍ រៀបចំ​កម្មវិធី​អភិវឌ្ឍន៍​ជំនាញ​ដល់​បុគ្គលិក និង​មានលទ្ធភាព​សុំ​ការគាំទ្រ​ហិរញ្ញប្បទាន​ពី​សំណាក់​គម្រោង​មូលនិធិ​អភិវឌ្ឍន៍​ជំនាញ​ (SDF) ​តាម​ការចាំបាច់​។

ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរ​អង្គរ លោក ខៀវ ធី បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៦ ខែតុលា​ថា ទោះបី​នៅពេល​នេះ​វិស័យ​ទេសចរណ៍​ខេត្ត​សៀមរាប​ចាប់ផ្តើម​មាន​ភ្ញៀវ​ឡើងវិញ​ខ្លះ​ហើយក៏​ដោយ ការសម្រេច​លើកលែង​ពន្ធ​ប្រចាំខែ​ចំពោះ​សណ្ឋាគារ ផ្ទះសំណាក់ និង​ក្រុមហ៊ុន​ទេសចរណ៍ ដែលមាន​សកម្មភាព​អាជីវកម្ម​ក្នុង​ខេត្ត​សៀមរាប ខេត្ត​ព្រះសីហនុ និង​ភ្នំពេញ គឺ​ពិតជា​សំខាន់​។ អ្វី​ដែលមាន​ក្នុង​ពេលនេះ គឺអាច​ក្នុង​ចន្លោះ​ពី ២០-៣០​ ភាគរយ​ប៉ុណ្ណោះ​បើ​ធៀប​នឹង​ពេល​ដែលមាន​ភ្ញៀវ​ច្រើន​បំផុត​ (​អំឡុង​ឆ្នាំ​ ២០១៩)​។ លោក​បន្តថា ការជួយ​របស់​រដ្ឋាភិបាល​នឹង​ជួយ​ឱ្យ​ក្រុមហ៊ុន និង​សេវា​ស្នាក់នៅ​ អាច​បន្ត​និរន្តរភាព​រហូតដល់​ពេល​មាន​ភ្ញៀវ​ដូច​មុន​វិញ​។


លោក​ថ្លែងថា​៖ «​ការមិន​យកពន្ធ​ពី​រដ្ឋ​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ជាង ២ ​ឆ្នាំ​មកនេះ​បាន​ជួយ​ឱ្យ​ក្រុមហ៊ុន​ក្នុង​វិស័យ​ទេសចរណ៍​បន្ត​ឈរជើង​បាន​ខ្លះៗ គឺ​មិន​បិទ​ទាំងស្រុង​ទេ​»​។

លោក​ប្រាប់ទៀតថា ភ្ញៀវ​មក​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប ពេល​នេះ​គឺ​ភាគច្រើន​មកពី​ប្រទេស​ឥណ្ឌា អាមេរិក និង​មកពី​ប្រទេស​និយាយ​ភាសា​អេស្ប៉ាញ​ (​អេស្ប៉ាញ និង​តំបន់​អាមេរិក​ឡាទីន​) ខណៈ​ភ្ញៀវ​ជនជាតិ​ចិន​មិនទាន់​មាន​ច្រើន​ទេ​។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ លោក តាំង សុចិត្រ​គ្រឹះស្នា​បាន​ប្រាប់ថា ការបន្ត​មិន​យកពន្ធ​ពី​សណ្ឋាគារ ផ្ទះសំណាក់ និង​ក្រុមហ៊ុន​ទេសចរណ៍​ក្នុង​ខេត្ត​-​ក្រុង​ទាំង ៣ ដែល​មុនពេល​មាន​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ធ្លាប់​ទទួលបាន​ទេសចរ​អន្តរជាតិ​ច្រើន​នោះ គឺ​បាន​ជួយ​កាត់បន្ថយ​ការ​ចំណាយ​បាន​មួយចំណែក ដែល​ធ្វើឱ្យ​ពួកគេ​អាច​យកប្រាក់​ទាំងនោះ​ទៅ​ទ្រទ្រង់​អាជីវកម្ម និង​ការពង្រឹង​សមត្ថភាព​ដល់​បុគ្គលិក ជាដើម​៕