ភ្នំពេញៈ អគ្គនាយកផ្សារមូលបត្រកម្ពុជា (CSX) លោក ហុង សុហួរ មានសុទិដ្ឋិនិយមថា ជាមួយនឹងការកើននៃចំណាប់អារម្មណ៍របស់សាធារណជនលើការវិនិយោគក្នុងវិស័យមូលបត្រកម្ពុជា នឹងសម្រេចតាមគោលដៅដែលបានដាក់ឱ្យមានទំហំជួញដូរចំនួន ១ លានដុល្លារក្នុង ១ ថ្ងៃ នៅឆ្នាំក្រោយ និង ១០០ លានដុល្លារនៅក្នុងរយៈពេល ៧ ឆ្នាំទៅមុខ។
ថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ២៦ ខែតុលាឆ្នាំ ២០២២ លោក ហុង សុហួរ លើកឡើងថា ក្នុងរយៈពេល ៣ ថ្ងៃនៃពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា My First Stock ឆ្នាំ ២០២២ ដែលប្រារព្ធធ្វើកាលពីថ្ងៃទី ២១, ២២ និង ២៣ ខែតុលា ឆ្នាំ ២០២២ នៅរាជធានីភ្នំពេញមានវិនិយោគិនថ្មីជាង ២ ពាន់នាក់បានស្នើបើកគណនីជួញដូរភាគហ៊ុន ដែលស្មើនឹងបរិមាណនៃការបើកគណនីរយៈពេល ៧ ខែ។
លោកថ្លែងថា៖ «ជារួមយើងឃើញថា សាធារណជនមានការចាប់អារម្មណ៍ពីទីផ្សាររបស់យើងច្រើនជាងការដែលយើងបានរៀបចំកន្លងៗមក គឺប្រមាណ ៤ ទៅ ៥ ដងធៀបនឹងកម្មវិធីមុនៗ។ នេះជាក្តីសង្ឃឹមដ៏ធំសម្រាប់យើង។ យើងក៏បានសង្កេតឃើញមុនពេលចាប់ផ្តើមដំណើរការកម្មវិធីយើងគឺការចាប់អារម្មណ៍ច្រើន ហើយសកម្មភាពជួញដូរក៏កើនឡើងដែរ។ នេះមានន័យថា ការចាប់អារម្មណ៍កើនឡើង គឺមានអ្នកបើកគណនី និងអ្នកជួញដូរច្រើនជាងមុន»។
លោកបញ្ជាក់ថា៖ «ការកើនឡើងនេះកាន់តែផ្តល់ក្តីសង្ឃឹមដល់យើងដែលបានកំណត់គោលដៅឱ្យបានទំហំជួញដូរ ១ លានដុល្លារក្នុង ១ ថ្ងៃនៅក្នុងឆ្នាំខាងមុខនេះ គឺយើងនឹងអាចសម្រេចបាន។ គោលដៅដើម្បីសម្រេចបាន ១០០ លានដុល្លារក្នុងរយៈពេល ៧ ឆ្នាំក្រោយដូចជាមិនពិបាកទេ គឺយើងប្រហែលជាយើងអាចធ្វើបាន»។
ក្នុងការចូលរួមពិព័រណ៍ផ្សារហ៊ុន កាលពីពេលថ្មីៗ ក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរឺធី ទទួលបានការបើកគណនីជួញដូរថ្មីចំនួន ៧៣០ គណនី។
លោក ជា សុធា អគ្គនាយកក្រុមហ៊ុន ភីភី លីង បានថ្លែងថា៖ «លទ្ធផលដែលយើងទទួលបានក្នុងពេលនេះ បង្ហាញពីការចាប់អារម្មណ៍ និងចំណេះដឹងកាន់តែច្រើនរបស់សាធារណជនក្នុងការវិនិយោគមូលបត្រដែលនិយតករទីផ្សារ ប្រតិបត្តិករទីផ្សារ ក្រុមហ៊ុនឈ្មួញជើងសាមូលបត្រ និងភាគីពាក់ព័ន្ធទាំងអស់តែងតែព្យាយាមផ្សព្វផ្សាយកន្លងមក»។
លោក ស៊ូ សុជាតិ អគ្គនាយកនិយតករមូលបត្រកម្ពុជាបានលើកឡើងក្នុងថ្ងៃបើកពិព័រណ៍ផ្សារហ៊ុនថា គិតត្រឹមត្រីមាសទី ៣ ឆ្នាំ ២០២២ SERC បានផ្តល់លេខអត្តសញ្ញាណវិនិយោគិនចំនួន ៣៣ ១៨៦ ដែលក្នុងនោះវិនិយោគិនសញ្ជាតិខ្មែរមាន ២៨ ៦១៨ និងវិនិយោគិនបរទេសចំនួន ៤ ៥៦៨ ។
លោកបន្តថា៖ «ដើម្បីជំរុញទីផ្សារយើងឱ្យកាន់តែសកម្ម និងអាចប្រកួតប្រជែងជាមួយទីផ្សារផ្សេងទៀតនៅក្នុងតំបន់ ខ្ញុំសូមឱ្យក្រុមហ៊ុនមូលបត្រ និងក្រុមហ៊ុនបោះផ្សាយចូលរួមយ៉ាងសកម្មក្នុងការជំរុញការផ្សព្វផ្សាយអំពីផ្សារមូលបត្រកម្ពុជា ដើម្បីជំរុញសកម្មភាពជួញដូរឱ្យកាន់តែសកម្ម និងទាក់ទាញក្រុមហ៊ុនឱ្យងាកមករកជម្រើសហិរញ្ញប្បទានតាមរយៈផ្សារមូលបត្រ» នេះជាការអំពាវនាវរបស់លោក សុជាតិ។
យោងតាម CSX កាលពីឆ្នាំ ២០២១ បរិមាណជួញដូរភាគហ៊ុនប្រចាំថ្ងៃជាមធ្យមបានកើនដល់ ២៣៤ ៦២៨ ហ៊ុនក្នុង ១ ថ្ងៃ កើនឡើងប្រមាណ ៤០០ ភាគរយធៀបនឹងឆ្នាំ ២០២០ រីឯទំហំជួញដូរភាគហ៊ុនប្រចាំថ្ងៃជាមធ្យមបានកើនឡើងដល់ ២៦៩ ១៦៩ ដុល្លារ កើន ១២៧ ភាគរយ និងចំនួនគណនីជួញដូរកើនឡើងជាង ៤ ពាន់គណនី គឺកើនឡើង ៣ ម៉ឺនគណនី៕