ភ្នំពេញៈ ក្រុមហ៊ុន Royal Group Power Company Ltd (RGP) និងក្រុមហ៊ុន Keppel Energy Pte Ltd (KE) បានចុះកិច្ចព្រមព្រៀងបឋមរួមគ្នាលើការចងកាតព្វកិច្ចប្រគល់សិទ្ធិផ្តាច់មុខ ដើម្បីសិក្សាលទ្ធភាពអភិវឌ្ឍ និងប្រតិបត្តិការរួមគ្នាលើគម្រោងថាមពលកកើតឡើងវិញនៅកម្ពុជា ដែលមានសមត្ថភាពប្រមាណ ២ ៥០០ មេហ្គាវ៉ាត់ នៅក្នុងគោលបំណងនាំទៅសិង្ហបុរី ១ ០០០ មេហ្គាវ៉ាត់ តាមរយៈខ្សែបញ្ជូនតង់ស្យុងខ្ពស់នៅក្រោមសមុទ្រ ដែលក្រុមហ៊ុន KE គឺជាអ្នកទទួលទិញ។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងបឋមនេះធ្វើឡើងកាលពីថ្ងៃទី ១១ ខែវិច្ឆិកា ដោយមានការចូលរួមជាអធិបតីភាពរបស់ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោក គិត ម៉េង អគ្គនាយកក្រុមហ៊ុន Royal Group ដែលជាក្រុមហ៊ុនមេរបស់ Royal Group Power Company Ltd (RGP) បានប្រាប់ថា កិច្ចព្រមព្រៀងផ្តាច់មុខជាមួយក្រុមហ៊ុន Keppel គឺដើម្បីអភិវឌ្ឍ និងនាំចេញថាមពលរហូតដល់ ១ ០០០ មេហ្គាវ៉ាត់ ពីកម្ពុជាទៅប្រទេសសិង្ហបុរី ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបញ្ជូនថាមពលសម្រាប់ដោះស្រាយការនាំចេញថាមពលពីឡាវ គឺតំណាងឱ្យការចាប់ផ្តើមនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ និងក្រុមហ៊ុនទាំង ២។
លោកបញ្ជាក់ថា៖ «នេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការអាស៊ាន។ កិច្ចសហប្រតិបត្តិការរវាងធុរកិច្ច និងធុរកិច្ចរបស់យើង នឹងចូលរួមចំណែកយ៉ាងច្រើនដល់ការអនុវត្តកាន់តែទូលំទូលាយនូវខ្សែបណ្តាញបញ្ជូនថាមពលអាស៊ាន តាមរយៈតំណភ្ជាប់ផ្នែកអគ្គិសនីក្នុងអាស៊ានដោយអនុវត្តនូវធាតុផ្សំជាគន្លឹះ នៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់ក្រសួងរ៉ែ និងថាមពលនៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី ក្នុងអំឡុងពេលនៃកិច្ចប្រជុំរដ្ឋមន្ត្រីថាមពលអាស៊ានលើកទី៤០ នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២២»។
សេចក្តីប្រកាសព័ត៌មានរួមនៃពិធីចុះកិច្ចព្រមព្រៀងខាងលើលើកឡើងថា កិច្ចព្រមព្រៀងនេះ គឺជាផ្នែកមួយក្នុងយុទ្ធសាស្ត្ររបស់ KI ក្នុងការស្វែងរកធនធានថាមពលប្រកបដោយចីរភាព និងអាចទុកចិត្តបានដែលជួយគាំទ្រដល់ពាណិជ្ជកម្មថាមពលឆ្លងកាត់ព្រំដែនអាស៊ាន ដោយរាប់បញ្ចូលទាំងការនាំចូលថាមពលបៃតងទៅប្រទេសសិង្ហបុរី ផងដែរ។
លោកស្រី Cindy Lim ប្រធាននាយិកាប្រតិបត្តិក្រុមហ៊ុន Keppel Infrastructure Holdings Pte Ltd (KI) ដែលជាក្រុមហ៊ុនមេ Keppel Energy Pte Ltd(KE) បាននិយាយថា កិច្ចព្រមព្រៀងនេះជាជំហានដ៏សំខាន់ក្នុងការពន្លឿនការអភិវឌ្ឍធនធានថាមពលកកើតឡើងវិញ ក៏ដូចជាចាប់យកកាលានុវត្តភាពដែលកើតចេញពីចក្ខុវិស័យខ្សែបណ្តាញបញ្ជូនថាមពលអាស៊ាននៃពាណិជ្ជកម្មអគ្គិសនីពហុភាគីលើសពីព្រំដែនអន្តរជាតិ ដោយរាប់បញ្ចូលទាំងការនាំចូលជាសក្តានុពលនូវអគ្គិសនី ដែលមានកាបូនទាបទៅកាន់ប្រទេសសិង្ហបុរី។
លោកស្រីអះអាងថា៖ «តាមរយៈកិច្ចព្រមព្រៀងនេះ មិនត្រឹមតែអាស៊ានអាចឆ្លងឆ្ពោះទៅរកថាមពលចម្រុះបៃតងយ៉ាងលឿនប៉ុណ្ណោះទេ គឺថែមទាំងជួយជំរុញភាពធន់នឹងថាមពលសម្រាប់សិង្ហបុរី និងតំបន់ផងដែរ។ Keppel Infrastructure មានសេចក្តីសោមនស្សរីករាយក្នុងការពង្រីកភាពជាដៃគូជាមួយកម្ពុជា និងទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយ Royal Group Power ដើម្បីផ្តល់ជូននូវដំណោះស្រាយថាមពល រួមនឹងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ដែលប្រកបដោយចីរភាព និងអាចពង្រីកវិសាលភាពបាន ដើម្បីបំពេញតាមកំណើនតម្រូវការក្នុងតំបន់»។
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលកម្ពុជា លោក ស៊ុយ សែម និងលោក Tan See Leng រដ្ឋមន្ត្រីក្រសួងធនធានមនុស្ស និងជារដ្ឋមន្ត្រីទី២ ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២២ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាតាមប្រព័ន្ធអនឡាញស្តីពី «កិច្ចសហប្រតិបត្តិការថាមពល» រវាងក្រសួងរ៉ែ និងថាមពលកម្ពុជា ជាមួយក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី។
ក្នុងអំឡុងពេលចុះអនុស្សររណៈយោគយល់គ្នានោះ លោក ស៊ុយ សែម បានលើកឡើងថា នេះគឺជាជំហានដ៏សំខាន់ ដើម្បីភាពរីកចម្រើននៃការអភិវឌ្ឍវិស័យថាមពលទាំងក្នុងតំបន់ និងប្រទេសទាំង ២ បន្ថែមទៀត ជាពិសេសគឺចូលរួមចំណែកកែលម្អហេដ្ឋារចនាសម្ព័ន្ធអន្តរកាលថាមពល និងការបង្កើនឱកាសពាណិជ្ជកម្មតភ្ជាប់ថាមពលក្នុងតំបន់៕