ភ្នំពេញៈ សមាគម​រោងចក្រ​​កាត់ដេរ​នៅ​កម្ពុជា​ (GMAC) បានធ្វើការ​ផ្លាស់ប្តូរ​ឈ្មោះ​ទៅជា​ «​សមាគម​វាយ​ន​ភណ្ឌ សម្លៀក​​បំពាក់ ស្បែកជើង និង​ផលិត​​ផល​ធ្វើដំណើរ​ (TAFTAC)» ក្នុង​គោលបំណង​ដើម្បី​ពង្រីក​វិសាលភាព និង​លើកកម្ពស់ ការនាំចេញ និង​ការបង្កើត​ការងារ​ក្នុង​វិស័យនេះ​ឱ្យ​កាន់តែ​ទូលំទូលាយ​បន្ថែមទៀត​។​

​ការប្រកាស​អំពី​ការផ្លាស់ប្តូរ​ឈ្មោះ​ឱ្យទៅជា TAFTAC ត្រូវបាន​ធ្វើឡើង​ កាលពី​ថ្ងៃទី ​១៧ ខែវិច្ឆិកា ឆ្នាំ​ ២០២២ ក្រោម​អ​ធិ​​ប​តី​ភាព​លោក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង និង​ជា​មេ​​បញ្ជាការ​កងទ័ពជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ​។​


​ប្រធាន TAFTAC លោក គង់​ សាង បាន​ថ្លែង​ក្នុង​កម្មវិធី​នោះ​ថា បន្ទាប់ពី​កម្ពុជា​ធ្វើ​សមា​ហ​​រណកម្ម​ចូលក្នុង​តំបន់​អាស៊ាន​នា​ឆ្នាំ​ ១៩៩៩ គឺ​ក្នុង​ឆ្នាំ​ ២០០២ GMAC បាន​ក្លាយជា​សមាជិក​ស​ហ​ព័ន្ធ​ឧស្សាហកម្ម​វាយ​ន​​ភណ្ឌ​អាស៊ាន​។ លុះ​មកដល់​ឆ្នាំ​ ២០០៨ ការនាំចេញ​ក្នុង​វិស័យនេះ​បាន​ឈានទៅដល់​៣​ពាន់​​លាន​ដុល្លារ​។

ពី​ ១ ​ឆ្នាំទៅ​ ១ ​ឆ្នាំ សមាគម​បាន​បន្តធ្វើ​ការងារ​ដោយ​ឥត​នឿយហត់​លើ​ការ​​កែលម្អ​សមត្ថភាព​ប្រកួតប្រជែង​របស់​កម្ពុជា ដោយ​ផ្តោតលើ​ចំណុច​អាទិភាព រួមមាន​វិស័យ​ការងារ ភ័ស្តុភារ ពន្ធដារ បរិស្ថាន និង​ចីរភាព​។ នៅ​ឆ្នាំ​ ២០១២ រោងចក្រ​សមាជិក​រប​ស់ស​មា​​គម​បាន​កើន​ដល់​ចំនួន ៤០០ ​រោងចក្រ​។ សមាគម​បន្ត​ពង្រឹងសមត្ថភាព​ក្រុម​លេខាធិការដ្ឋាន​របស់​សមា​គម ​ដើម្បី​បម្រើ​សមា​​ជិ​ក​ឱ្យបាន​ល្អ និង​ទូលំទូលាយ​ជាង​មុន​។ ក្នុង​ឆ្នាំ​ ២០១៤ ការនាំ​​ចេញ​របស់ GMAC បាន​ឈានដល់ ៦​ ពាន់​លាន​ដុល្លារ​។​


​លោក​បន្តថា ក្នុង​ឆ្នាំ​ ២០១៥ រោងចក្រ​ស្បែកជើង​ទាំងអស់​ត្រូវបាន​លើកទឹកចិត្ត​ឱ្យចូល​ទៅជា​សមាជិកសមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ក្រោម​ការ​​ណែនាំ​របស់​ក្រសួង​ពាណិជ្ជ​​កម្ម​។ ក្នុង​ឆ្នាំ ​២០១៦ GMAC ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជា​ជីវៈ បានទទួល​ជោគជ័យ​ក្នុងការ​ឡប​ប៊ី​សហរដ្ឋអាមេរិក​ ដើម្បីឱ្យ​មានការ​រួច​ពន្ធ​សម្រាប់​ផលិត​​ផល​ធ្វើដំណើរ និង​កាបូប​ដែល​ផលិត​ក្នុងប្រទេស​កម្ពុជា​។

​លោក​បញ្ជាក់ថា​៖ «​បន្ទាប់ពី​ទទួលបាន​ការអនុគ្រោះ​ពា​ណិ​​ជ្ជ​កម្មនេះ សមាគម​នឹង​រាជ​រដ្ឋា​ភិ​បាល​បានចាប់ផ្តើម​ធ្វើដំណើរ​ទ​ស្សន​កិច្ច​ជំរុញ​ការវិនិយោគ​ទៅ​ទីក្រុង​ហុងកុង ដើម្បី​ទាក់​​ទាញ​វិនិយោគិន និង​អ្នកបញ្ជា​​ទិញ​ថ្មីៗ​។ វា​ជា​កត្តារួម​ចំណែក​ដល់​ភាព​រីកចម្រើន​យ៉ាង​លឿន​នៃ​វិស័យនេះ ដោយ​កើន​ឡើងដល់​ប្រមាណ ១,៥ ពាន់​លាន​ដុល្លារ​ ក្នុង​ឆ្នាំ​ ២០២១»​។​

​លោក ហ៊ុន មា​ណែ​ត បាន​ថ្លែងថា ចាប់តាំងពី​បង្កើតឡើង​នៅ​ឆ្នាំ​ ១៩៩៦ សមាគម​មួយ​​នេះ​បាន​ដំណើរការ ២៥ ឆ្នាំ​មកហើយ​។ សមាគម​នេះ​បាន​ដើរ​​តួនាទី​ជា​តំណាង​សំឡេង​រួម​តែមួយ​របស់​វិនិយោគិន​ក្នុង​វិស័យ​កាត់ដេរ ការពារ និង​លើកកម្ពស់​សិទ្ធិ និង​ប្រយោជន៍​ស្របច្បាប់​របស់​វិនិយោគិន​ទាំងអស់​ក្នុង​វិស័យនេះ និង​បង្កើត​នូវ​វេទិកា​សម្រាប់​ការប្រឹក្សា​យោបល់​ និង​កិច្ចសន្ទនា​សង្គម​នានា​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ​លើ​បញ្ហា​ជា​​ច្រើន​ដែលមាន​ផលប៉ះពាល់​ជា​សក្តានុពល​ដល់​បរិយាកាស​វិនិយោគ​ទូទៅ សំដៅ​បង្កើត​នូវ​ស្ថានភាព​អំណោយផល​ដល់​កំ​ណើ​ន​នៃ​ការនាំចេញ និង​ការ​​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​

​លោក​បញ្ជាក់ថា វិស័យ​វាយ​​ន​ភណ្ឌ កាត់ដេរ​សម្លៀកបំពាក់ ផលិត​ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ និង​កាបូប បាន​ចាប់​​ផ្តើម​ពី​ចំនួន​រោងចក្រ និង​កម្ម​ករ​និយោជិត​តិចតួច​នៅពេល​កម្ពុជា​ចាប់ផ្តើម​បើក​សេដ្ឋកិច្ច​របស់ខ្លួន និង​ទទួល​ការវិនិយោគ​ចាប់ពី​ឆ្នាំ​ ១៩៩៣ និង​បន្ត​កើន​​ឡើងជា​បន្តបន្ទាប់​រហូត​មក​។ បើ​គិត​ត្រឹម​ខែកញ្ញា ឆ្នាំ​២០២២​ រោងចក្រ​ដែល​បាន​ចុះបញ្ជី​ផ្លូវ​​ការ​ក្នុង​វិស័យនេះ​បាន​កើន​ដល់​ប្រមាណ ១ ៣១៣ រោងចក្រ កើនឡើង ១៦,៥ ភាគរយ​ធៀប​នឹង ៩ ​ខែ​ដើមឆ្នាំ​ ២០២១​។​

​លោក​បាន​ថ្លែងថា​៖ «​ការផ្លាស់​​ប្តូរ​ឈ្មោះ​សមាគម​រោងចក្រកាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា (GMAC) ​ឱ្យទៅជា​សមាគម វាយ​ន​ភណ្ឌ សម្លៀកបំពាក់​ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ​នៅ​កម្ពុជា ហៅ​កាត់​ថា (TAFTAC) នឹង​ពង្រីក​វិសាល​​ភាព និង​គ្របដណ្តប់​ឱ្យ​ទូលំ​​ទូលាយ​បន្ថែមទៀត​របស់​សមា​​គម​ទាំងមូល​ទៅលើ​វិស័យ​កាត់​​ដេរ​ទាំង​សម្លៀកបំពាក់ ស្បែក​​ជើង និង​ផលិតផល​ធ្វើដំណើរ​ និង​កាបូប នៅ​កម្ពុជា​»៕