តម្លៃ​ស្រូវ​នៅ​ខេត្តបាត់ដំបង និង​បន្ទាយមានជ័យ​មាន​លំនឹង​ឡើងវិញ​ បន្ទាប់ពី​ក្រសួង និង CRF​ចូល​ជួយ​អន្តរាគមន៍​

Content image - Phnom Penh Post
សកម្មភាព​ទិញស្រូវ​ពី​ប្រជាកសិករ​នៅ​ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។ រូបថត សហការី​

​ភ្នំពេញៈ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ (CRF) ​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា ខ្លួន​បានកំណត់​ទីតាំង​រួមមួយ​ចំនួន​នៅ​ខេត្ត​បាត់​​ដំបង និង​ខេត្តបន្ទាយមានជ័យ ចាំ​ទទួល​ទិញស្រូវ​ពី​ប្រជាកសិករ ដើម្បី​រក្សា​លំនឹង​ថ្លៃ​ស្រូវ​ដែល​បាន​ធ្លាក់​ថ្លៃ ​កាលពីពេល​ថ្មីៗ​នេះ ដោយសារ​ក្រុម​ឈ្មួញកណ្តាល ខណៈ​ប្រជាកសិករ​កំពុងតែ​ប្រមូល​ផល​។​

​ការខិតខំ​របស់ CRF ក្នុងការ​ទប់ស្កាត់​ការ​បន្ទាប​តម្លៃ​ស្រូវ​ពី​សំណាក់​ក្រុម​ឈ្មួញកណ្តាល​អំឡុង​រដូវ​ច្រូតកាត់​នេះ​ធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃ បន្ទាប់ពី​រដ្ឋាភិបាល​តា​មរយៈ​ក្រសួងកសិកម្ម​បាន​អំពាវនាវ​ដល់​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​ឱ្យ​ប្រមូល​ទិញស្រូវ​ពី​ប្រជាកសិករ​ក្នុងតម្លៃ​សមរម្យ​។​

​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងកសិកម្ម ដែល​ចុះ​ថ្ងៃទី​ ១៥ ខែវិច្ឆិកា ឆ្នាំ​ ២០២២ បានសរសេរថា រយៈពេល​ពេញ​ ១ ​ខែវិច្ឆិកា រហូតដល់​​ពាក់កណ្តាល​ខែធ្នូ គឺជា​ពេល​ប្រមូល​ផល​ស្រូវ​រដូវវស្សា ពិសេស​ប្រភេទ​ស្រូវ​ផ្ការំដួល ដែលជា​ហេតុ​ធ្វើឱ្យ​រោង​ម៉ាស៊ីនកិនស្រូវ​កំពុង​កកស្ទះ និង​ជះឥទ្ធិពល​ដល់​ថ្លៃ​ស្រូវ ដូច​កាលពី​ឆ្នាំ​កន្លងទៅ​។​

​ក្រសួង​ក៏បាន​អំពាវនាវ​ឱ្យ​ប្រ​ជា​កសិករ​រស់នៅ​ខេត្តបាត់ដំបង និង​ខេត្តបន្ទាយមានជ័យ កុំឱ្យ​បារម្ភ​ពី​រឿង​តម្លៃ​ស្រូវ ដោយ​នាំ​​គ្នា​ប្រញាប់​ច្រូតស្រូវ​មិនទាន់​គ្រប់​គុណភាព​ដើម្បី​លក់ ជាហេតុ​បណ្តាលឱ្យ​ថ្លៃ​ស្រូវ​កាន់តែ​ធ្លាក់ចុះ​ថែមទៀត​។​

​លោក សុង សារ៉ន ប្រធាន CRF បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ​នា​ថ្ងៃទី ​២០ ខែវិច្ឆិកា​ថា សមាជិក​របស់ CRF មកពី​ខេត្តកំពង់ធំ កំពង់ចាម ព្រៃវែង កំពង់ស្ពឺ និង​បាត់ដំបង​បានរួម​គ្នា​ប្រមូល​ទិញស្រូវ​ពី​ប្រជាកសិករ​នៅក្នុង​ខេត្តបាត់ដំបង និង​បន្ទាយមានជ័យ​ក្នុងតម្លៃ​សមស្រប គឺ ១ ០៤០ ​រៀល​ ក្នុង ​១ ​គីឡូក្រាម ​នៃ​ប្រភេទ​ស្រូវ​លេខ ​១ បន្ទាប់ពី​រដ្ឋា​ភិ​​បាល​ជំរុញឱ្យមាន​កិច្ចសហការ​ពី​រោង​ម៉ាស៊ីនកិនស្រូវ​ដែលជា​សមាជិក​របស់​ស​ហ​ព័ន្ធ​នៅក្នុង​ន័យ​ជួយ​ទប់ស្កាត់​ការធ្លាក់​ថ្លៃ​ស្រូវ​ក្នុង​រដូវ​ច្រូតកាត់​នេះ​។​

​លោក​ថ្លែងថា​៖ «​ឥឡូវនេះ​ខ្ញុំ​កំពុង​ចុះ​នៅ​ខេត្ត​ដែល​កសិករ​កំពុង​សម្រុក​លក់​ស្រូវ​។ ឥឡូវនេះ​យើង​រក្សា​លំនឹង​តម្លៃ​ស្រូវ​បាន​ហើយ​សម្រាប់​ប្រជាកសិករ បន្ទាប់ពី​រដ្ឋាភិបាល​បានចេញ​នូវ​គោលការណ៍​ដើម្បី​ជួយ​ទប់​តម្លៃ​។ មួយទៀត​គឺ​យើង​រៀបចំ​នូវ​ការដឹកជញ្ជូន​ដើម្បី​ទៅដល់​ទីតាំង​ស្រូវ​ដែល​ប្រមូលផ្តុំ ដើម្បី​កុំឱ្យ​ឈ្មួញកណ្តាល​ទៅ​បន្ថោក​តម្លៃ​របស់​ប្រជាកសិករ ដូច្នេះ​ទើប​យើង​បង្កើត​ទីតាំង​ធំៗ​ដើម្បី​ធ្វើជា​ទីផ្សារ​រួមមួយ​។ មកដល់ពេលនេះ គឺ​យើង​បាន​គ្រប់គ្រង​ស្ថានការណ៍​បាន​ហើយ​»​។​

​លោក​បន្ថែមថា បច្ចុប្បន្ន​រោង​ម៉ាស៊ីន​ដែលមាន​មូលដ្ឋាន​នៅ​ខេត្តបាត់ដំបង និង​បន្ទាយ​មាន​​ជ័យ​ គឺ​គាត់​បាន​ទិញស្រូវ​ពេញៗ​ឃ្លាំង និង​រោង​ម៉ាស៊ីន​តាម​បណ្តា​ខេត្ត​ផ្សេងទៀត​ដែលមាន​លទ្ធភាព​ទទួល​ទិញស្រូវ​ពី​បងប្អូន​កសិករ​នៅ​ខេត្ត​បន្ទាយ​​មានជ័យ និង​បាត់ដំបង ក៏​គាត់​បាន​ចូលរួម​ដែរ​។​

​យោងតាម​លោក សុង សារ៉ន តម្លៃ​ស្រូវ​ផ្ការំដួល​លេខ​ ១ គឺ ៩ ​បាត ឬ ១ ០៣៥​ រៀល​ ក្នុង​ ១ ​គីឡូក្រាម​, លេខ​ ២ តម្លៃ ៨,៥​ បាត ឬ ៩៧០​ រៀល និង​លេខ​ ៣ តម្លៃ ៨,១​ បាត ឬ ៩២០​ រៀល​។​

​លោក កៅ ថាច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម​ (ARDB) ក៏បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ ដែរ​ថា លោក​បាន​ប្រជុំ​ជាមួយ CRF និង​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​ដែលជា​សមាជិក ​កាលពី​ថ្ងៃទី​ ១៨ ដើម្បី​ជំរុញ​ឱ្យ​ទិញស្រូវ​ពី​ប្រជាក​សិ​​ករបង្ការ​កុំឱ្យ​ធ្លាក់​ថ្លៃ​។​

​លោក​បន្តថា​៖ «​យើង​ពិភាក្សាគ្នា​ដើម្បី​ជំរុញ​ឱ្យ​សមាជិក​សហ​​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ដែល​នៅ​តំបន់​ស្រូវ​ច្រើន​ត្រូវ​បន្ត​ជួយ​ទិញស្រូវ​ពី​កសិករ​ក្នុងតម្លៃ​សមរម្យ​ដោយសារ​មួយរយៈ​ចុងក្រោយ​នេះ ការបញ្ជាទិញ​ពី​ក្រៅប្រទេស​ហាក់​មាន​កម្រិត​តិច ដូច្នេះ​ទាម​​ទារ​ឱ្យ​រោង​ម៉ាស៊ីនកិនស្រូវ​ទិញ​ ដើម្បី​ស្តុក​ទុក​ក្នុង​ឃ្លាំង​»​។​

​លោក ឡាយ ឈុន​ហួ អគ្គ​​នាយក​ក្រុមហ៊ុន City Rice Import Export បាន​ប្រាប់ថា ​ក្រុមហ៊ុន​របស់លោក​បាន​ទិញ​ក្នុងតម្លៃ​ខ្ពស់​ជាងគេ​ក្នុង​តំបន់​នោះ (​បាត់ដំបង និង​បន្ទាយ​​មានជ័យ​) ដោយ​រាល់ថ្ងៃ​ទិញ​ក្នុង​បរិមាណ​ចន្លោះ​ពី ១ ៥០០ ​តោន​ ទៅ​ ១ ៨០០ ​តោន​។​

​លោក​បញ្ជាក់ថា​៖ «​គិត​រហូតមក​ដល់ពេលនេះ ខ្ញុំ​ទិញស្រូវ​សើម​បាន​ជិត ៤ ​ម៉ឺន​តោន ​ហើយ​គម្រោង​យើង​នឹង​បន្ត​ទិញ​ដល់ ៦ ​ម៉ឺន​តោន​ ក្នុង​រដូវ​ច្រូតកាត់​ស្រូវ​ផ្កាម្លិះ​នេះ ដោយ​ឱ្យ​តម្លៃ​ប្រហែល ៩ ​បាត ឬ ​១ ០៤០ ​រៀល ក្នុង ​១ ​គីឡូក្រាម​សម្រាប់​ស្រូវ​លេខ ​១ ​គឺ​ស្រូវ​ផ្ការំដួល​»​។​

​បើតាម​លោក ឈុន​ហួ រដូវ​ច្រូតកាត់​ស្រូវ​ផ្កាម្លិះ គឺ​ពី​ពាក់កណ្តាល​ខែតុលា​ដល់​ជិត​ពាក់​​កណ្តាល​ខែនូ នឹង​បញ្ចប់​។​

​កសិករ​នៅក្នុង​ខេត្តបាត់ដំបង និង​ខេត្តបន្ទាយមានជ័យ មានចិត្ត​សប្បាយរីករាយ និង​បាន​សហការ​លក់​ស្រូវ​ទៅតាម តម្លៃ​ដែល​បានកំណត់ ហើយ​មកទល់ពេលនេះ​រោង​ម៉ាស៊ីន​នៅ​បន្ត​ប្រមូល​ទិញ​យ៉ាង​សស្រាក់​​សស្រាំ​។ នេះ​បើតាម​ការលើក​​ឡើង​របស់លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រ​​មា​ញ់ និង​នេសាទ ដែល​បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កាលពី​យប់​ថ្ងៃទី​ ១៨ ខែវិច្ឆិកា​។​

​តាមរយៈ​ហ្វេ​ស​ប៊ុ​កលោក​រដ្ឋ​​មន្ត្រី​ក្រសួងកសិកម្មបាន​សរ​​សេរ​ថា​៖ «​កសិករ​នៅ​ខេត្ត​ទាំង​ ២ ​មានចិត្ត​សប្បាយរីករាយ និង​បាន​សហការ​លក់​ស្រូវ​ទៅតាម​តម្លៃ​ដែល​បានកំណត់ ហើយ​មកទល់ពេលនេះ​រោង​ម៉ាស៊ីន​នៅតែ​បន្ត​ប្រមូល​ទិញ​យ៉ាង​​សស្រាក់សស្រាំ​។ ក្រុមការងារ​នៅតែ​បន្ត​តាមដាន​យកចិត្ត​ទុក​​ដាក់ ដោយ​មិនឱ្យ​ប្រជាកសិករ​យើង​បាត់បង់​ប្រយោជន៍​ដោយ​គ្មាន​ហេតុផល​នោះឡើយ​»​។​

​តាមរយៈ​វីដេអូ​ឃ្លី​ប ដែល​ត្រូវបាន​បង្ហោះ​ដោយ​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បានបង្ហាញ​ពី​សំឡេង​កសិករ​ម្នាក់​បានធ្វើការ​ថ្លែងអំណរគុណ​ដល់​រដ្ឋមន្ត្រី​ក្រ​សួង​កសិកម្ម ព្រមទាំង​មន្ត្រី និង​មន្ទីរ​កសិកម្ម និង​អ្នក​សារព័ត៌​​មាន​ដែល​ជួយ និង​ផ្សព្វផ្សាយ​ពី​ការ​ត្អូញត្អែរ​របស់​កសិករ​។​

​កសិករ​ម្នាក់នេះ​បាន​បញ្ជាក់ថា​៖ «​បងប្អូន​កសិករ​កំពុង​តែ​មមាញឹក​យក​ស្រូវ​មក​លក់​នៅ​សាលាឃុំ​ទ្រាស បាន​តម្លៃ​សម​រម្យ​ដូច​ការរំពឹងទុក​រប​ស់​ពួក​​គាត់​ពិតមែន​។ គោរព​អរគុណ ដល់​ឯកឧត្តម និង​មន្ទីរ ក្រសួងកសិកម្ម​ទាំងអស់​ដែល​បាន​ធ្វើតាម​ការសន្យា​»៕

វីដេអូ​៖

ព័ត៌មានថ្មីៗ