ភ្នំពេញៈ ចំនួន​ទឹក​ប្រាក់​ពី​ការ​ផ្លាស់​ប្តូរ​ទំនិញ​រវាង​កម្ពុជា និង​កាណាដា ​រយៈ​ពេល ១០ ​ខែ​ដើម​ឆ្នាំ​ ២០២២ មាន​ចំនួន​ជិត ៩៧៥​ លាន​ដុល្លារ កើន​ជាង​ ១៨​ ភាគ​រយ​បើ​ធៀប​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ ​២០២១ ក្នុង​នោះ​ការនាំ​ចេញ​របស់​កម្ពុជាគ្រប​ដណ្តប់​រហូត​ដល់ជិត ៩៧ ​ភាគ​រយ​នៃ​ចំនួនទឹក​ប្រាក់​សរុប​។ នេះ​បើ​យោង​តាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា។

ទិន្នន័យ​បាន​ឱ្យ​ដឹង​ថា ទំហំទឹក​ប្រាក់​នៃ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ ​រយៈ​ពេល ១០ ​ខែ​ មាន​ចំនួន​​សរុប ៩៧៤,៨៣ ​​លាន​ដុល្លារ កើន​ឡើង​ ១៨,៥ ​ភាគ​រយ​​ពី​ចំនួន ៨២២,៣៩​ លាន​ដុល្លារ​កាល​ពី​រយៈ​ពេល ១០​ ខែ​ឆ្នាំ ​២០២១។ យោង​តាម​តារាង​ខាង​លើ គឺ​កម្ពុជា​នាំ​ទំនិញ​ទៅ​ប្រទេស​កាណាដា ក្នុង​ទឹក​ប្រាក់​សរុប ៩៤៥,៣១​ លាន​ដុល្លារ កើន​ឡើង​ ១៩,៧​ ភាគ​រយ​ពី​ចំនួន ៧៨៩,៩៨​ លាន​ដុល្លារ និង​ការ​នាំទំនិញ​ពី​កាណាដា មក​កម្ពុជា មាន​ទឹក​ប្រាក់ ២៩,៥១​ លាន​ដុល្លារ ធ្លាក់ចុះ ៨,៩ ​ភាគ​រយ​ពី​ចំនួន ៣២,៤១​ លាន​ដុល្លារ។


សម្រាប់​ខែ​តុលា ឆ្នាំ​ ២០២២ ពាណិជ្ជកម្ម​​រវាង​ប្រទេស​ទាំង ២ មាន​ទឹក​ប្រាក់ ៧៣,៩២ ​លាន​ដុល្លារ ធ្លាក់​ចុះ ១,៥៧​​ ភាគ​រយបើ​ធៀប​ខែ​តុលា ឆ្នាំ ​២០២១ ដែល​មាន​ចំនួន ៧៥,១​ លាន​ដុល្លារ។

អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ ក្នុង​​ថ្ងៃទី ​២២ ខែវិច្ឆិកា​ថា ផ្អែក​លើ​ទំនាក់​ទំនងល្អ​​រវាង​រដ្ឋាភិបាលនៃ​ប្រទេស​ទាំង ២ ព្រម​ទាំង​ប្រភេទ​នៃ​ផលិត​ផល​កម្ពុជា​ដែល​កំពុង​មាន​តម្រូវ​ការ​ខ្ពស់​នៅ​ទីផ្សារ​​ប្រទេស​កាណាដា គឺ​ចំនួន​ទឹក​ប្រាក់​ធ្វើ​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំង ២ ត្រូវ​​​រំពឹង​ថា នឹង​មាន​ភាព​វិជ្ជមាន​​កាន់​តែ​ខ្លាំង​នៅ​ពេល​អនាគត ខណៈ​នា​អំឡុង​ពេល​មកចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កាល​ពី​ពេល​ថ្មី​នេះៗ ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង ២ ក៏​បានសន្យា​នឹង​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការផ្នែក​ពាណិជ្ជកម្ម​​​ផង​ដែរ​។


លោក​បាន​បញ្ជាក់​ថា៖​ «​កាណាដា​ជា​ប្រទេស​ដែល​តែង​​បញ្ជាទិញ​ផលិត​ផល​វាយនភណ្ឌ​​ពី​ប្រទេស​​កម្ពុជា​ច្រើន ដូច្នេះ​​នៅ​ពេល​ស្ថានភាព​សេដ្ឋកិច្ច​ពិភព​លោក​ល្អ​ប្រសើរ​ឡើង​វិញ ខ្ញុំ​គិត​ថា​នឹង​មាន​អ្នក​វិនិយោគ​​ពី​កាណាដា​ជា​ច្រើន​ចូល​មកបញ្ជាទិញ ឬ​​បើក​អាជីវកម្ម​នៅ​កម្ពុជា»។​

បើ​តាម​លោក លឹម ហេង ក្រៅ​ពី​ផលិត​ផល​វាយនភណ្ឌ កម្ពុជា​ក៏​បាន​នាំ​ចេញ​ផលិត​ផល​មួយ​ចំនួន​ទៀត​ទៅ​កាន់​ប្រទេស​កាណាដា ដែល​រួមមាន កង់ គ្រឿង​បង្គុំ​អគ្គិសនី​អេឡិចត្រូនិក និង​ផលិតផល​កសិកម្ម ចំណែក​ទំនិញ​នាំ​ពី​កាណាដា មាន​ដូចជា រថយន្ត គ្រឿងសំណង់ និង​គ្រឿង​បរិក្ខារ​ប្រើ​បច្ចេកវិទ្យា​ទំនើបៗ​។

សភា​ពាណិជ្ជកម្ម​កម្ពុជា​កាលពី​ថ្ងៃទី​ ២៧ ខែឧសភា ឆ្នាំ​ ២០២២ បាន​បើក​ការិយាល័យ​តំណាង​របស់ខ្លួន​នៅក្នុង​ទីក្រុង​តូរ៉ុនតូ ប្រទេស​កាណាដា ដែល​ការិយាល័យ​នោះ​ត្រូវ​ប្រើប្រាស់​ជា​កន្លែង​ជួបពិភាក្សា និង​ផ្សព្វផ្សាយ​ពី​សក្តានុពល​វិនិយោគ​របស់​កម្ពុជា​ទៅកាន់​វិនិយោគិន​ដែលមាន​ចំណាប់​អារម្មណ៍​ចំពោះ​ការបណ្តាក់ទុន​នៅ​កម្ពុជា​។

នៅ​ក្នុង​ជំនួន​ជា​មួយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី ​១២ ខែ​វិច្ឆិកា លោក Justin Trudeau នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កាណាដា បាន​លើក​ឡើង​ថា អាស៊ាន និងកាណាដា រួម​ទាំង​កម្ពុជា គឺ​មាន​សក្ដានុ​ពល​ខ្លាំង​សម្រាប់​កិច្ច​សហ​ប្រតិបត្តិ​ការ​លើ​វិស័យ​ជា​ច្រើន។​ ចំពោះ​ទំនាក់​ទំនង​ទ្វេ​ភាគី​ជាមួយ​កម្ពុជា គឺ​ស្ថិត​នៅ​ចំណុច​កណ្ដាល​នៃ​កិច្ច​សហ​ប្រតិបត្តិ​ការ​រយៈ​ពេល​វែង ពិសេស​ទំនាក់​ទំនង​លើ​វិស័យ​ពាណិជ្ជ​កម្មការ​ទូត អប់រំ ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ជា​ដើម។

កាល​ពី​ឆ្នាំ​ ២០២១ ទំហំ​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​កម្ពុជា​-​កាណាដា មាន​ទឹកប្រាក់​សរុប ៩៩៤,៧២ ​លាន​ដុល្លារ​កើន​ឡើង ២៣,៣ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ​។ ក្នុង​នោះ​កម្ពុជា​នាំ​ចេញ​ទំនិញ​ទៅ​កាណាដា មាន​ទឹកប្រាក់ ៩៥៤,៨៣ ​លាន​ដុល្លារ កើនឡើង ២៧,១ ​ភាគរយ ខណៈ​ទំនិញ​ដែល​កាដាណា​នាំមក​កម្ពុជា​មាន​ទឹកប្រាក់ ៣៩,៨៩​ លាន​ដុល្លារ ថយចុះ ២៨,២ ​ភាគរយ​។ នេះ​បើ​តាម​អគ្គ​នាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​៕