យោងតាម​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​មេធាវី​បានចែង​ថា វិជ្ជាជីវៈ​មេធាវី​ជា​វិជ្ជាជីវៈ​ឯករាជ្យ​និង​សេរី ដែល​ចូលរួម​បម្រើ​វិស័យ​យុត្តិធម៌ ហើយ​មេធាវី​មាន​តួនាទី​ស្នូល​ចំនួន ៤ គឺ​៖ ១.​ តំណាង​ឱ្យ​កូនក្តី ២.​ ការពារ​ឱ្យ​កូនក្តី ៣. ​ផ្តល់​ប្រឹក្សា​យោបល់ និង​៤.​ តាក់តែង​លិខិត​ស្នាម​គតិយុត្ត​ផ្សេងៗ។

​ ​


​តើ​ហេតុអ្វី​ចាំបាច់​ត្រូវមាន​មេធាវី​នៅ​ក្នុង​វិស័យ​មូលបត្រ?

​ការកកើត​ដំបូង​រហូតដល់​ពេលបច្ចុប្បន្ន ដែល​គិត​ត្រឹម​ត្រីមាស​ទី៣ ឆ្នាំ ២០២២ នេះ មាន​ក្រុមហ៊ុន​ចំនួន ៩ បាន​ចុះបញ្ជី​លក់​មូលបត្រ​កម្មសិទ្ធិ នៅ​ផ្សារ​មូលបត្រ​កម្ពុជា (​ក្នុង​នោះ​ក្រុមហ៊ុន​ចុះបញ្ជី​ក្នុង​ទីផ្សារ​គោល​មាន​ចំនួន ៧ និង​ទីផ្សារ​កំណើន​មាន​ចំនួន ២) និង​ក្រុមហ៊ុន​ចំនួន ៧ បាន​ចុះបញ្ជី​លក់​មូលបត្រ​បំណុល (​ក្នុង​នោះ​មាន​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​លក់​មូលបត្រ​បំណុល​ចំនួន ៣ បាន​ដល់​ឥណប្រតិទាន​) ខណៈដែល​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត​ក៏​កំពុង​ស្ថិត​នៅក្នុង​ដំណាក់កាល​រៀបចំ​បោះផ្សាយ​លក់​មូលបត្រ ទាំង​មូលបត្រ​កម្មសិទ្ធិ និង​មូលបត្រ​បំណុល ដែល​ក្នុង​នោះ រួម​មាន ទាំង​សញ្ញាបណ្ណ​បៃតង​ផងដែរ។


​ដើម្បីឱ្យ​ក្រុមហ៊ុន​មួយ​អាចឈាន​ជើង​ចូល​ទីផ្សារ​មូល​ប​ត្រ​បាន ចាំបាច់​ត្រូវមាន​ការ​ជួយ​ជ្រោមជ្រែង​ពី​ក្រុម ការងារ​មួយ ដែល​មាន​ឈ្មោះថា «​ក្រុម​ការងារ​រៀបចំ​ការបោះ​ផ្សាយ​លក់​មូលបត្រ​ជា​សាធារណៈ​លើក ដំបូង ឬ IPO Team» ដែល​ក្នុងនោះ​រួមមាន​៖ ក្រុមហ៊ុន​ធានា​ទិញ​មូលបត្រ​, ក្រុមហ៊ុន​ផ្តល់​សេវា​ផ្នែក​ច្បាប់ និង​ក្រុមហ៊ុន​ផ្តល់​សេវា​សវនកម្ម​។ ពាក់ព័ន្ធ​នឹង​ការ​បំពេញ​កាតព្វកិច្ច​តាមច្បាប់​របស់​ក្រុមហ៊ុន គឺជា​ការងារ​ស្នូល​របស់​មេធាវី ដែល​រួមមាន​៖ តួនាទី​ផ្ដល់​ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់​, ពិនិត្យ មើល​លើ​អនុលោមភាព​តាម​ច្បាប់ និង​រៀបចំ​ឯកសារ​ពាក់ព័ន្ធ​នឹង​កាតព្វកិច្ច​ផ្លូវច្បាប់​របស់​ក្រុមហ៊ុន​ដែល មាន​បំណង​ក្នុងការ​បោះ​ផ្សាយ​លក់​មូលបត្រ។

​បន្ថែម​ពីនេះ មេធាវី​ក៏​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុង​ដំណើរការ​ក្រោយពេល​បោះផ្សាយ​លក់​មូលបត្រ​ផងដែរ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ យើង​ក៏​ឃើញថា​មេធាវី​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការផ្ដល់​សេវា​ផ្នែក​ច្បាប់​ដល់​តួអង្គ​ផ្សេងៗ​ទៀត​ដូចជា​៖ ក្រុមហ៊ុន​ធានា​ទិញ​មូលបត្រ​ឈ្មួញ​ជើងសា​មូលបត្រ​, ក្រុមហ៊ុន​ទីប្រឹក្សា​ហិរញ្ញវត្ថុ​, ក្រុមហ៊ុន​ទីប្រឹក្សា​វិនិយោគ​, ក្រុមហ៊ុន​សមភាគី​កណ្ដាល​,​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ឧបករណ៍​និស្សន្ទ, ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​, ក្រុមហ៊ុន​ថែរក្សា​ទ្រព្យសម្បត្តិ​ជំនួស​, ភ្នាក់ងារ​បញ្ជិកា​មូលបត្រ​, ភ្នាក់ងារ​ចុះបញ្ជី​ផ្ទេរ​មូលបត្រ​, ភ្នាក់ងារ​ទូទាត់​,​ភ្នាក់ងារ​តំណាង​ម្ចាស់​មូលបត្រ​បំណុល​,​ភ្នាក់ងារ​វាយតម្លៃ​លទ្ធភាព​សង​, ភ្នាក់ងារ​រក្សា​សុវត្ថិភាព​ក្នុង​វិស័យ​មូលបត្រ​, ក្រុមហ៊ុន​ផ្ដល់​សេវា​វាយតម្លៃ​ក្នុង​វិស័យ​មូលបត្រ និង​ក្រុមហ៊ុន​ផ្ដល់​សេវា​សវនកម្ម។

​មកដល់ពេលនេះ និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា (​ន​.​ម​.​ក​.) បានផ្តល់​ការទទួល​ស្គាល់​ដល់​ការិយាល័យ​មេធាវី​ចំនួន ១៥ និង​មេធាវី​ដែល​មាន​គុណវុឌ្ឍិ​ចំនួន ៣១ រូប ដើម្បី​ផ្តល់​សេវា​ផ្នែក​ច្បាប់​នៅក្នុង​វិស័យ​មូលបត្រ។ ការផ្ដល់​ការ​ទទួល​ស្គាល់​នេះ គឺធ្វើឡើង​ក្នុង​គោលដៅ​ដើម្បី​អនុញ្ញាត​ឱ្យ​ការិយាល័យ​មេធាវី និង​មេធាវី​ដែល​មាន​គុណវុឌ្ឍិ​ចូលរួម​ក្នុង​នីតិវិធី​នៃ​ការបោះ​ផ្សាយ​លក់​មូលបត្រ តាម​ការ​ជ្រើសរើស​របស់​ក្រុមហ៊ុន​បោះផ្សាយ​លក់​មូលបត្រ និង​ផ្ដល់​ភាព​ងាយស្រួល​សម្រាប់​បុគ្គល​ផ្សេងទៀត​ដែល​ធ្វើ​ធុរកិច្ច​ក្នុង​វិស័យ​មូលបត្រ ដោយ​អាច​ជ្រើសរើស​ការិយាល័យ​មេធាវី និង​មេធាវី ដើម្បី​ផ្ដល់​សេវា​ផ្នែក​ច្បាប់។

​តើ​មេធាវី​ដើរតួ​សំខាន់​នៅក្នុង​ដំណាក់​កាលណា​ខ្លះ​នៅក្នុង​ដំណើរការ​នៃ​ការបោះ​ផ្សាយ​លក់​មូលបត្រ?

​ដូចដែល​បាន​រៀបរាប់​ខាងលើ មេធាវី​ចូលរួមចំណែក​យ៉ាងសំខាន់​នៅក្នុង​វិស័យ​មូលបត្រ​គិត​ចាប់ពី​ការបោះ​ផ្សាយ​លក់​មូលបត្រ​លើក​ដំបូង រហូតដល់​ក្រោយ​ការបោះ​ផ្សាយ​លក់​មូលបត្រ​របស់​ក្រុមហ៊ុន​។ ដើម្បីឱ្យ​យល់​កាន់​តែច្បាស់​អំពី​តួនាទី​របស់​មេធាវី យើង​នឹងធ្វើ​ការចែក​តួនាទី​មេធាវី​ជា ២ ដំណាក់កាល​ដូច​ខាងក្រោម​៖

១.​ដំណាក់កាល​ទីផ្សារ​ដំបូង (IPO)៖ នៅពេល​ក្រុមហ៊ុន​មាន​បំណង​ធ្វើការ​បោះផ្សាយ​លក់​មូលបត្រ ក្រុមហ៊ុន​នឹង​ធ្វើការ​ជ្រើសរើស មេធាវី​ដែលមាន​គុណវុឌ្ឍិ និង​មានការ​ទទួល​ស្គាល់​ពី ន​.​ម​.​ក​.​ដើម្បី​ផ្ដល់ការ​ប្រឹក្សា​យោបល់​លើ​ការបំពេញ​កាតព្វកិច្ច​តាមច្បាប់ ព្រមទាំង​រៀបចំ​របាយការណ៍​បំពេញ​កាតព្វកិច្ច​តាមច្បាប់។

​គួរបញ្ជាក់​ផងដែរ​ថា របាយការណ៍​បំពេញ​កាតព្វកិច្ច​តាមច្បាប់​ដែល​រៀបចំ​ដោយ​មេធាវី គឺជា​របាយការណ៍​មួយ​ដ៏សំខាន់​ដែល​បញ្ជាក់ថា ក្រុមហ៊ុន​ដែល​មាន​បំណង​ក្នុងការ​បោះផ្សាយ​លក់​មូលបត្រ​ពិតជា​បាន​បំពេញ​លក្ខខណ្ឌ​តម្រូវ​គ្រប់គ្រាន់​ស្របតាម​បទប្បញ្ញត្តិ​ជា​ធរមាន ដែល​ពាក់ព័ន្ធ​នឹង​អាជីវកម្ម​របស់​ក្រុមហ៊ុន​នោះ​។ បន្ថែម​ពីនេះ មេធាវី​ក៏មាន​តួនាទី​ជួយ​ដល់​ក្រុមហ៊ុន ក្នុងការ​រៀបចំ​ឯកសារ​ផ្លូវច្បាប់​ផ្សេងៗ​រួមមាន​៖ លក្ខន្តិកៈ​ក្រុមហ៊ុន​, កិច្ច​ព្រមព្រៀង​, គោលនយោបាយ​, ក្រមសីលធម៌ និង​បទប្បញ្ញត្តិ​របស់​ក្រុមហ៊ុន​ជាដើម។

២.​ដំណាក់កាល​ក្រោយ​បោះ​ផ្សាយ​៖ ក្រោយ​ពេលដែល​ក្រុមហ៊ុន​ធ្វើការ​បោះផ្សាយ មេធាវី​ក៏​នៅតែ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ពិគ្រោះ​យោបល់ និង​តាក់តែង​ឯកសារ​ផ្លូវ​ច្បាប់​ផ្សេងៗ ដែលជា​តម្រូវការ​របស់​ក្រុមហ៊ុន។ បន្ថែម​ពីនេះ​ទៅទៀត ក្នុង​ករណី​ដែល​ក្រុមហ៊ុន​មាន​វិវាទ ឬ​ជម្លោះ​ដែល​ត្រូវ​ដោះស្រាយ​នៅ ចំពោះមុខ​ច្បាប់ មេធាវី​ដើរតួនាទី​ជាអ្នក​តំណាងឱ្យ​អតិថិជន ឬ​កូនក្ដី របស់​ខ្លួន​ទាំង​តាមផ្លូវ​តុលាការ និង​ក្រៅ​ផ្លូវ​តុលាការ។ នៅ​ក្រៅ​ផ្លូវ​តុលាការ មេធាវី​អាច​តំណាងឱ្យ​ក្រុមហ៊ុន​ក្នុងការ​ដោះស្រាយ​ជាមួយ ន​.​ម​.​ក​.ដើរតួនាទី​ជា​អាជ្ញាកណ្ដាល និង​ធ្វើជា​អភិបាល​បណ្ដោះអាសន្ន​ជាដើម។

​គួរបញ្ជាក់​ផងដែរ​ថា មេធាវី​ គឺជា​អ្នកការពារ​ឱ្យ​ក្រុមហ៊ុន​ដែល​ខ្លួន​តំណាង តាំងពី​ដំណាក់កាល​ស៊ើបអង្កេត​ដោយ​មន្ត្រី ន​.​ម​.​ក.។​យ៉ាងណា​មិញ ដើម្បី​ធានា​ឱ្យបាន​នូវ​ទំនុកចិត្ត​សម្រាប់​ក្រុមហ៊ុន​ដែលជា​អតិថិជន មេធាវី​ត្រូវមាន​កាតព្វកិច្ច​ក្នុងការ​អនុវត្ត​តាមច្បាប់ និង​បទប្បញ្ញត្តិ​ដែល​បាន​កំណត់​ជា​ធរមាន ត្រូវ​រក្សា​ការសម្ងាត់​ពាក់ព័ន្ធ​នឹង​វិស័យ​មូលបត្រ ព្រមទាំង​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​អតិថិជន​របស់​ខ្លួន​នៅ​ពេល​ដែលមាន​កំហុស​ឆ្គង​វិជ្ជាជីវៈ។

​សាធារណជន​អាច​ស្វែងរក​ឈ្មោះ​ក្រុមហ៊ុន​/​ការិយាល័យ​មេធាវី ដែល​ទទួល​បាន​ការ​ទទួល​ស្គាល់ពី ន​.​ម​.​ក​. តាមរយៈ​គេហទំព័រ​របស់ ន​.​ម​.​ក​. ឬ តាមរយៈ QR Code ដូចមាន​ភ្ជាប់​មកជា​មួយ៕

​រៀបចំ​ដោយ​៖ ​និយ័ត​ករ​មូលបត្រ​កម្ពុជា​

​នាយកដ្ឋាន​គ្រប់គ្រង​ការបោះ​ផ្សាយ​លក់​មូលបត្រ​

​អ៊ីមែល​៖ issuance@serc.gov.kh

​ទូរស័ព្ទ​៖ ០២៣ ៨៨៥ ៦១១​