សារព័ត៌មានរដ្ឋវៀតណាមផ្សាយថា វៀតណាមទទួលបានភ្ញៀវទេសចរណ៍ជិត ៣ លាននាក់ ក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២២ នេះ។
ប្រភពដដែលបានស្រង់ទិន្នន័យពីអគ្គនាយកដ្ឋានស្ថិតិនៃក្រសួងផែនការ និងវិនិយោគវៀតណាម ដោយបានបង្ហាញថា រយៈពេល ១១ ខែ ដើមឆ្នាំ ២០២២ ភ្ញៀវទេសចរអន្តរជាតិចូលកម្សាន្ត ក្នុងប្រទេសវៀតណាម មានចំនួនប្រមាណ ២ ៩៥០ ០០០ នាក់។ ទិន្នន័យនេះច្រើនជាង ២១ ដង បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំទៅ ពៅលគឺពេលដែលវៀតណាមបិទខ្ទប់ ដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ ១៩។
ទិន្នន័យពីក្រសួងផែនការវៀតណាមបង្ហាញថា ភ្ញៀវទេសចរអន្តរជាតិទៅលេងវៀតណាម ក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ មានចំនួនជាង ៥៩០ ០០០ នាក់ ដែលចំនួននេះកើនជាង ២៣% បើប្រៀបធៀបនឹងខែតុលា ឆ្នាំ ២០២២។ តួលេខទេសចរណ៍ខែវិច្ឆិកាឆ្នាំនេះ ក៏ច្រើនជាងប្រមាណ ៤០ ដង បើប្រៀបធៀបនឹងទិន្នន័យទេសចរណ៍ចូលវៀតណាម នៅខែវិច្ឆិកា កាលពីឆ្នាំ ២០១១។
អគ្គនាយកដ្ឋានស្ថិតិ នៃក្រសួងផែនការ និងវិនិយោគវៀតណាមបញ្ជាក់ថា កំណើនទេសចរណ៍នេះ ដោយសារវៀតណាម បានបើកសកម្មភាពទេសចរណ៍ សេដ្ឋកិច្ច និងបើកជើងហោះហើរអន្តរជាតិឡើងវិញ៕