ធនាគារ ស្ថាបនា បាននាំយកសកម្មភាពទទួលខុសត្រូវសង្គម (CSR) របស់ខ្លួនទៅដល់សហគមន៍ជនជាតិដើមភាគតិចគ្រឹង កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ដោយធនាគារឈានមុខគេគួរឱ្យទុកចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជាមួយនេះ បានផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគ។
ពិធីប្រគល់អំណោយសប្បុរសធម៌នៅភូមិក្រេះ ស្រុកអូរជុំ ខេត្តរតនគិរីនេះ ទទួលបានការអញ្ជើញចូលរួមពីវត្តមានរបស់ លោក កុយ ចំរើនវិជ្ជា នាយកប្រតិបត្តិ ប្រតិបត្តិការឥណទាន នៃធនាគារ ស្ថាបនា លោកគៀង តុលា អភិបាលនៃអគណៈអភិបាលស្រុកអូរជុំ និងមេភូមិ លោកសប៉ាស់ តាល់ ព្រមទាំងបុគ្គលិកធនាគារ ស្ថាបនា រួមនឹងប្រជាពលរដ្ឋជាច្រើនរូបទៀត។
ដោយការប្ដេជ្ញាក្នុងការផ្តល់ត្រឡប់ទៅឱ្យសហគមន៍នៅទូទាំងប្រទេសវិញ ធនាគារ ស្ថាបនា បានបរិច្ចាគគ្រឿងឧបភោគបរិភោគដល់ប្រជាពលរដ្ឋចំនួន ៤០ គ្រួសារ ដោយក្នុង ១ គ្រួសារទទួលបានអង្ករ ៥០ គីឡូក្រាម ប្រេងឆា ទឹកត្រី ត្រីខកំប៉ុង សៀង មី និងស្ករស។
លោក គៀង តុលា អភិបាលនៃគណៈអភិបាលស្រុកអូរជុំ បានថ្លែងអំណរគុណដល់ធនាគារ ស្ថាបនា ដែលបានផ្តល់អំណោយជួយដល់ប្រជាពលរដ្ឋក្រីក្រនៅក្នុងស្រុករបស់លោក។
លោក តុលា មានប្រសាសន៍ថា៖ ខ្ញុំសូមថ្លែងអំណរគុណ ដល់ធនាគារ ស្ថាបនា ដែលបានចុះមកបំពេញកិច្ចការ សង្គម និងបានបរិច្ចាគអំណោយសប្បុរសធម៌ដល់ប្រជាពលរដ្ឋក្រីក្រនៅទីនេះ។ ខ្ញុំសង្ឃឹមថា ធនាគារ ស្ថាបនានឹងបន្តកិច្ចការសប្បុរសធម៌នេះ មិនថានៅភូមិនេះឬភូមិផ្សេងទៀត ជាពិសេសនៅតំបន់ដាច់ស្រយាល»។
ជាមួយនឹងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះកិច្ចខិតខំប្រឹងប្រែងនៃសកម្មភាព CSR ទូទាំងប្រទេស ធនាគារ ស្ថាបនា មិនត្រឹមតែបានពង្រីកសកម្មភាពរបស់ខ្លួននៅខេត្តរតនគិរីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើនៅតាមបណ្តាខេត្តផ្សេងៗផងដែរ។
លោក ចំរើនវិជ្ជា បានមានប្រសាសន៍ថា៖ «ឆ្នាំនេះ យើងបានធ្វើកម្មវិធី CSR មិនត្រឹមតែនៅខេត្តរតនគិរីប៉ុណ្ណោះទេ ប៉ុន្តែនៅខេត្តផ្សេងទៀតដែរ។ ឧទាហរណ៍ នៅខេត្តបន្ទាយមានជ័យ យើងបានបរិច្ចាគគ្រឿងឧបភោគបរិភោគដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ១១០ គ្រួសារ »។
លោកបន្ថែមថា៖ «យើងក៏បានចាប់ដៃគូជាមួយសមាគមធនាគារនៅកម្ពុជា [ABC] និងធនាគារជាតិនៃកម្ពុជា [NBC] នៅក្នុងកម្មវិធីសង្គ្រោះ Relief Package Distributions Programme ដែលបានជួយដល់ពលរដ្ឋ ដែលប៉ះពាល់ដោយទឹកជំនន់ចំនួន ៥០០ គ្រួសារ។
លើសពីនេះ កិច្ចខិតខំប្រឹងប្រែងរបស់ធនាគារ ស្ថាបនា ក្នុងការធ្វើឱ្យជីវិតកាន់តែប្រសើរ ក៏រួមបញ្ចូលការយកចិត្តទុកដាក់លើការពង្រឹងបរិយាប័ន្នហិរញ្ញវត្ថុផងដែរ។ បេសកកម្មរបស់ធនាគារ ស្ថាបនា គឺជួយលើកកម្ពស់អាជីវកម្ម និងការរស់នៅរបស់ប្រជាជន តាមរយៈការផ្តល់សេវាធនាគារពេញលេញ ជាមួយនឹងបច្ចេកវិទ្យាទំនើបនៅទូទាំងប្រទេស និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៃព្រះរាជាណាចក្រកម្ពុជា។
អំពីធនាគារ ស្ថាបនា
ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង ២,៤ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកជាង ៤ ០០០នាក់។ យើងមានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមានសាខាជាង ១៧០ សាខា ស្ថាបនាព្រីមារណ៍ចំនួន ៣ និងម៉ាស៊ីនអេធីអឹមជាង ២៥០។ យើងផ្តល់ជូនសេវាធនាគារយ៉ាងពេញលេញ ដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវា iBanking ធនាគារចល័ត បណ្ណឥណពន្ធ និងបណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងស្រុក និងក្រៅប្រទេស សេវាផ្ទេរប្រាក់ឆ្លងប្រទេស ជាមួយ SWIFT និងសេវា Visa B2B Connect Western Union ហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងទៀត។
ក្រៅពីនេះ យើងក៏មានផ្តល់ជូនសេវាប្រមូលពន្ធ និងសេវាទូទាត់ថ្លៃ-សេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ទន្ទឹមនឹងនេះ យើងក៏មានការសហការជាមួយក្រុមហ៊ុនផ្តល់សេវាទូទាត់ចល័តផ្សេងទៀតដូចជា៖ វីង ផាយផេ ទ្រូម៉ាន់នី លីហួរ វេរលុយ អ៊ីម៉ាន់នី និងបាគង ដើម្បីផ្តល់ជូនភាពងាយស្រួលបន្ថែមទៀតដល់អតិថិជនរបស់យើង។
ថ្មីៗនេះ ធនាគារ ស្ថាបនា ទើបតែទទួលបានពានរង្វាន់ Best Mobile Banking App ឆ្នាំ ២០២២ និង Mobile Banking & Payment Initiative of the Year ពីទស្សនាវដ្ដី Global Brands Magazine របស់ប្រទេសអង់គ្លេស និង Asian Banking & Finance Retail Banking Awards សម្រាប់កម្មវិធីស្ថាបនាម៉ូបាលរចនាបទថ្មី ដែលផ្ដល់នូវសេវាកម្មរហ័ស ងាយស្រួល និងសុវត្ថិភាពជាងមុនជូនដល់អតិថិជន។ ពានរង្វាន់ទាំង ២ នេះ គឺជាសក្ខីភាពបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់យើង ដើម្បីបម្រើអតិថិជនឱ្យបានកាន់តែល្អប្រសើរ៕