ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្ត លើកទី២៧ ឧបត្ថម្ភដោយក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា កាលពីថ្ងៃទី ៤ ខែធ្នូ បានត្រលប់មកវិញហើយ បន្ទាប់ពីកាត់បន្ថយអ្នកចូលរួមដោយសារការរីករាលដាលជំងឺកូវីដ ១៩ អស់រយៈពេល ២ ឆ្នាំ ខណៈក្នុងឆ្នាំនេះមានអ្នកចូលរួមរត់ជិត ៨០០០នាក់ មកពី ៦៩ ប្រទេស។
ក្នុងនោះមានអត្តពលិកកម្ពុជា ចំនួន ៥ ៨១៤ នាក់ និងអត្តពលិកអន្តរជាតជាតិ ១ ៧២០ នាក់ ដែលភាគច្រើនមកពីចក្រភពអង់គ្លេស បារាំង និងសហរដ្ឋអាមេរិក ហើយការចូលរួមយ៉ាងច្រើននេះ បានធ្វើឱ្យព្រឹត្តិការណ៍នេះក្លាយជាព្រឹត្តិការណ៍កីឡាដ៏ធំបំផុតមួយប្រចាំកម្ពុជា ខណៈសម្ទុះនៃការធ្វើលំហាត់ប្រាណរបស់ប្រជាជនកម្ពុជាដើម្បីទទួលបានសុខភាពល្អកំពុងកើនឡើង។
ចាប់តាំងពីឆ្នាំ ២០១៤ ការឧបត្ថម្ភរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ លើការរត់ប្រណាំងនេះ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការជួយសហគមន៍ និងប្រជាជនកម្ពុជា ឱ្យមានសុខភាពល្អ និងជីវិតកាន់តែប្រសើរ។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ថា ៖«ភាពជាដៃគូរបស់ មេនូឡាយហ្វ៍ បានធ្វើឱ្យការរៀបចំរបស់យើងទទួលបានលទ្ធផលល្អ ពីមួយឆ្នាំទៅមួយឆ្នាំ ហើយខ្ញុំសូមអរគុណចំពោះការចូលរួមរបស់ប្រជាពលរដ្ឋកម្ពុជាឱ្យស្គាល់ពីតម្លៃកីឡា និងឱ្យមានសុខភាពល្អ។ មនុស្សចូលរួមរត់កាន់តែច្រើន បង្ហាញថាអ្នកមានសុខភាពល្អ និងរឹងមាំ កាន់តែកើនឡើង»។
ព្រឹត្តិការណ៍នេះគឺធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន ព្រមទាំងរៃអង្គាសថវិកាដើម្បីគាំទ្រដល់អង្គការដែលជួយដល់កុមារក្រីក្រ និងជនរងគ្រោះដោយសារគ្រាប់មីននៅកម្ពុជា។
ក្រៅពីជាអ្នកឧបត្ថម្ភផ្តាច់មុខជារៀងរាល់ឆ្នាំ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ក៏បានផ្តួចផ្តើមយុទ្ធនាការរៃអង្គាសថវិកា ដើម្បីគាំទ្រដល់មន្ទីរពេទ្យកុមារអង្គរ (AHC) ផងដែរ។
AHC គឺជាអង្គការថែទាំសុខភាពកុមារកំពុងផ្តល់ការព្យាបាលប្រកបដោយគុណភាពខ្ពស់ និងជួយសង្គ្រោះជីវិតកុមារកម្ពុជាជាង២លាននាក់ហើយ ក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ។ ជាលទ្ធផល ទឹកប្រាក់សរុបជាង ៤ម៉ឺន ៥ពាន់ ដុល្លារអាមេរិក ត្រូវបានរៃអង្គាសក្នុងឆ្នាំនេះ ហើយទឹកប្រាក់សរុបជិត ៦០ ម៊ឺនដុល្លារអាមេរិក ចាប់តាំងពីឆ្នាំ ២០១៥ ត្រូវបានរៃអង្គាសនិងបរិច្ចាគតាមរយៈបុគ្គលិកក្រុមហ៊ុនមេនូឡាយហ្វ៍។
លោក Justin Helferich អគ្គនាយកប្រតិបត្តិ និងជានាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា មានប្រសាសន៍ថា ៖«ខ្ញុំបាទពិតជាមានមោទកភាពក្នុងការបន្តឧបត្ថម្ភគាំទ្រព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង ក្នុងគោលដៅជួយលើកកម្ពស់សុខភាព និងសុខុមាលភាពគ្រួសារកម្ពុជា។ ការគាំទ្រព្រឹត្តិការណ៍នេះទៀតសោត ក៏បានអនុញ្ញាតឱ្យ យើងចូលរួមចំណែកមួយជួយដល់កំណើនសេដ្ឋកិច្ចក្នុងស្រុក ក៏ដូចជាគោលដៅយុទ្ធសាស្ត្រជាសកលថ្មីមួយទៀតរបស់មេនូឡាយហ្វ៍ដែលមានឈ្មោះថា Manulife’s Impact Agenda ក្នុងន័យថា គ្រប់សកម្មភាពដែលយើងធ្វើនិងជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចរួមគ្នា និងឆ្ពោះទៅអនាគតប្រកបដោយនិរន្ត-ភាពសម្រាប់អតិថិជន បុគ្គលិក សហគមន៍ នៃគ្រប់ទីផ្សារដែលក្រុមហ៊ុន មេនូឡាយហ្វ៍ កំពុងប្រតិបត្តិការអាជីវកម្ម»។
ឯកឧត្តម វ៉ាត់ ចំរើន ក៏បានសាទរផងដែរពីសារៈសំខាន់នៃព្រឹត្តិការណ៍នេះក្នុងការជំរុញដល់វិស័យទេស-ចរណ៍កីឡារបស់ព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមបានមានប្រសាសន៍ថា ៖«រយៈពេល២៧ឆ្នាំមកនេះ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គវត្ត បានរួមចំណែកនៅក្នុងកំណើនភ្ញៀវទេសចរ ខណៈកីឡាទេសចរណ៍ និងកីឡាគឺជារបត់ថ្មីមួយរបស់ពិភពលោកនៅក្នុងការទាក់ទាញភ្ញៀវទេសចរ ពីព្រោះព្រឹត្តិការណ៍កីឡា គឺជាព្រឹត្តិការណ៍ទេសចរណ៍»។
ឯកឧត្តមមានប្រសាសន៍បន្ថែមថា ៖«យើងប្រមើរមើលទៅ ៥ ឆ្នាំទៀត ទិវារត់ប្រណាំងនៅអង្គរវត្តនេះនឹងក្លាយទៅជាមេដែកឆក់យកទេសចរកីឡាចូលមកប្រទេសកម្ពុជាកាន់តែច្រើន»។
កីឡាការិនីមកពីប្រទេសហ្វាំងឡង់ Teija Routtinen ជាប់ចំណាត់ថ្នាក់លេខ ២ លើវិញ្ញាសាររត់ចម្ងាយ ២១ គីឡូម៉ែត្រ ដោយប្រើថិរវេលា ១:៣៧:០២.៧០ ម៉ោង បាននិយាយក្រោយទទួលមេដាយថា៖ «ខ្ញុំមានអារម្មណ៍ល្អណាស់។ នេះជាលើកទីមួយដែលខ្ញុំចូលរួមក្នុងការរត់ប្រណាំងនេះ។ វាជាកិត្តិយសដែលបានរត់តាមតំបន់ប្រាសាទ ហើយខ្ញុំមានមោទកភាពចំពោះសមិទ្ធផលរបស់ខ្ញុំនៅថ្ងៃនេះ។ ខ្ញុំស្រលាញ់ការរត់ ហើយខ្ញុំបានរត់រយៈពេល ២០ ឆ្នាំមកហើយ។ កីឡាគឺជាមូលដ្ឋាននៃរបៀបរស់នៅដែលមានសុខភាពល្អ។ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំយ៉ាងល្អ»។
«ខ្ញុំសូមអរគុណដល់អ្នកស្ម័គ្រចិត្តដែលគាត់បានជួយមើលថែអ្នករត់ប្រណាំងបានយ៉ាងល្អ ហើយខ្ញុំចង់ត្រលប់មកវិញនៅឆ្នាំក្រោយ»។
លោក អ៊ីវ ណារ៉ា អាយុ ៥៩ ឆ្នាំ មកពីខេត្តព្រះសីហនុបានឱ្យដឹងថា៖ «ខ្ញុំចូលចិត្តរត់ ជាធម្មតាខ្ញុំរត់ ២ ទៅ ៣ ដង ក្នុង ១ សប្តាហ៍ ជាមធ្យមខ្ញុំរត់ ១០ គីឡូម៉ែត្រ ក្នុង ១ ថ្ងៃ។ នេះជាលើកទី១ដែលខ្ញុំចូលរួមរត់ពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្ត ខ្ញុំពិតជារីករាយណាស់។ កាលពីខ្ញុំអាយុខ្ទង់៤០ឆ្នាំ ខ្ញុំឈឺញឹកញាប់ណាស់ ប៉ុន្តែបន្ទាប់ពីខ្ញុំហាត់ប្រាណជាប្រចាំមក សុខភាពខ្ញុំល្អប្រសើរ មិនសូវឈឺថ្កាត់នោះទេ។ ខ្ញុំចង់ឱ្យ មានការរត់ពាក់កណ្តាលម៉ារ៉ាតុងបែបនេះឱ្យបាន ២ ដង ក្នុង ១ ឆ្នាំ ដើម្បី ឱ្យប្រជាជនយើងកាន់តែយល់ដឹងអំពីបញ្ហាសុខភាព។
លោក ជឹម ផាន អាយុ ៥៤ ឆ្នាំ ពិការជើងម្ខាង ដោយសារជាន់គ្រាប់មីន មកពីខេត្តកណ្តាល និងទទួលចំណាត់ថ្នាក់លេខ ១ រត់ក្នុងចម្ងាយ ១០ គីឡូម៉ែត្រ បានឱ្យដឹងថា៖ «ខ្ញុំបានចូលរួមរត់ស្ទើរតែរាល់ឆ្នាំ ហើយតែងតែទទួលបានលទ្ធផលល្អ ដោយក្នុងឆ្នាំនេះខ្ញុំទទួលបានចំណាត់ថ្នាក់លេខ ១។ ខ្ញុំតែងតែងរីករាយក្នុងការចូលរួមព្រឹត្តិការណ៍រត់ម៉ារ៉ាតុងនេះ ហើយខ្ញុំនឹងវិលត្រឡប់មកវិញជារៀងរាល់ឆ្នាំ»។
«ថ្វីបើខ្ញុំពិការជើងក្តី ក៏ខ្ញុំនៅតែស្រលាញ់ការរត់ ពីព្រោះវាបានធ្វើឱ្យខ្ញុំមានសុខភាពល្អ។ ខ្ញុំសូមលើកទឹកចិត្តដល់បងប្អូន មិនថាពិការ សូមកុំបាក់ទឹកចិត្តក្នុងការចូលរួមលេងកីឡា ដោយត្រូវបញ្ចេញសកម្មភាពរាងកាយ ជាពិសេសការរត់ ដើម្បីឱ្យយើងទាំងអស់គ្នាទទួលបាននូវសុខភាពកាន់តែល្អប្រសើរ»៕