កាលពី​រាត្រី​ថ្ងៃទី​ ០៩ ខែធ្នូ សហ​គ្រិន​ខ្មែរ​គាំទ្រ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានប្រកាស​លទ្ធផល និង​ប្រគល់​រង្វាន់​ជូន​ដល់​សហគ្រិន​ឆ្នើម​ដែល​បានឈ្នះ​ពានរង្វាន់​សហ​គ្រិន​ខ្មែរ​ទាំង​ ៣ ​ប្រភេទ ក្រោម​អ​ធីប​តី​ភាព​ដ៏ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ​វ​ង្សី វិស្សុត រដ្ឋមន្ត្រី​ប្រតិភូ​អម​នា​​យក​រដ្ឋមន្ត្រី រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​បរ​ធន​បាល​នៃ​មូលនិធិ​អភិវឌ្ឍន៍សហគ្រិនភាព​។​

​ពិធី​ប្រគល់​ពានរង្វាន់​នេះ​ត្រូវបាន​អនុវត្ត​ដោយ​សហគ្រិន​ខ្មែរ ដោយមាន​ឯកឧត្តម​បណ្ឌិត ឈៀង វណ្ណ​​មុនិ​ណ្ឌ ជា​នាយក​ប្រតិបត្តិ ដើម្បី​អបអរសាទរ​ដល់​កិច្ច​ខំប្រឹងប្រែង​របស់​បេក្ខជន​ចូលរួម​ប្រកួតប្រជែង​ពានរង្វាន់​សហគ្រិន​ខ្មែរ កម្រិត​វិទ្យាល័យ ពានរង្វាន់​សហគ្រិន​ខ្មែរ​ធុរកិច្ច​បង្កើត​ថ្មី និង​ពានរង្វាន់​សហ​គ្រិន​ខ្មែរ សហគ្រាស​ធុន​តូច និង​មធ្យម ដែល​កម្មវិធី​ប្រកួត​នេះ​ ​បានចាប់​ផ្តើមឡើង​តាំងពី​ដើមឆ្នាំ​ ២០២២​។​


ជា​សមិទ្ធផល​ម្ចាស់​ជយលាភី​នៃ​កម្ម​​វិធី​ប្រកួត​ទាំង ​៣ ​ប្រភេទ​រួមមាន​៖

ជយលាភី​នៃ​កម្មវិធី​ប្រកួត​ពានរង្វាន់​សហគ្រិន​ខ្មែរ​សហគ្រាស​ធុន​តូច និង​មធ្យម​ទាំង ៤ ​ក្រុមហ៊ុន​រួមមាន​៖


១. ជយលាភី​លេខ​ ១៖ ភ្លើង​គប់ ទទួលបាន​ពានរង្វាន់ និង​ទឹកប្រាក់ ២៨,០០០,០០០ រៀល (៧,០០០ ដុល្លារ​)​។​

២. ជយលាភី​លេខ​ ២៖ កសិដ្ឋាន​ ៤០០ ទទួលបាន​ពានរង្វាន់ និង​​ទឹកប្រាក់ ២៤,០០០,០០០ រៀល (៦,០០០ ដុល្លារ​)​។

៣. ជយលាភី​លេខ​ ៣៖ អេ​ស៊ា អិ​ល & អ៊ី ឯ​.​ក ទទួលបាន​ពានរង្វាន់ និង​ទឹកប្រាក់ ២០,០០០,០០០ រៀល (៥,០០០ ដុល្លារ​)​។

៤. ជយលាភី​លេខ​ ៤៖ ផ្តៅ ម៉ា​ឃី​ត ទទួលបាន​ពានរង្វាន់ និង​ទឹកប្រាក់ ១៦,០០០,០០០ រៀល (៤,០០០ ដុល្លារ​)​។

ជយលាភី​នៃ​កម្មវិធី​ប្រកួត​ពាន​រង្វាន់​សហគ្រិន​ខ្មែរ ធុរកិច្ច​បង្កើត​ថ្មី​ ៤​ ក្រុមហ៊ុន​រួមមាន​៖

១. ជយលាភី​លេខ ១៖ ហ្វី​ប កូ​កូ ទទួលបាន​ពានរង្វាន់ និង​ទឹកប្រាក់ ២០,០០០,០០០ រៀល (៥,០០០ ដុល្លារ​)​។

២. ជយលាភី​លេខ ២៖ អាហ្គ្រោ​ណេ​ត​ឈ័​រ ទទួលបាន​ពានរង្វាន់ និង​ទឹកប្រាក់ ១៦,០០០,០០០ រៀល (៤,០០០ ដុល្លារ​)​។

៣. ជយលាភី​លេខ ​៣៖ អាន់​ស៊ីន​ត្រា ទទួលបាន​ពានរង្វាន់ និង​ទឹកប្រាក់ ១២,០០០,០០០ រៀល (៣,០០០ ដុល្លារ​)​។

៤. ជយលាភី​លេខ ៤៖ ស៊ូឌ្រេន ទទួលបាន​ពានរង្វាន់ និង​ទឹកប្រាក់ ៨,០០០,០០០ រៀល (២,០០០ ដុល្លារ​)​។

​ជយលាភី​ពានរង្វាន់​កិត្តិយស​៖ ក្រុមហ៊ុន Sela Pepper Cambodia ក្នុងការ​ទទួលស្គាល់​ជា​រោង​​ចក្រ​កែច្នៃ​ម្រេច ដ៏​ទំនើប​មួយ​របស់​កម្ពុជា ជាមួយនឹង​ឧបករណ៍​ច្នៃ​​ប្រឌិត​ក្នុងផ្ទះ និង​ការនាំ​ចេញទៅ​ក្រៅប្រទេស​។

ជយលាភី​នៃ​កម្មវិធី​ប្រកួត​ពាន​​រង្វាន់​សហគ្រិន​ខ្មែរ​កម្រិត​វិទ្យាល័យ​ ៣​ ក្រុម​រួមមាន​៖

១. ជយលាភី​លេខ ១៖ CO2 Converter ទទួលបាន​ពានរង្វាន់ និង​ទឹកប្រាក់ ៨,០០០,០០០ រៀល (២,០០០ ដុល្លារ​)​។

២. ជយលាភី​លេខ ២៖ B Positive ទទួលបាន​ពានរង្វាន់ និង​ទឹកប្រាក់ ៦,០០០,០០០ រៀល (១,៥០០ ដុល្លារ​)​។

៣. ជយលាភី​លេខ ៣៖ Synergy ទទួលបាន​ពានរង្វាន់ និង​ទឹកប្រាក់ ៤,០០០,០០០ រៀល (១,០០០ ដុល្លារ​)​។

​ថ្លែង​នៅក្នុង​ការបើក​កម្មវិធី​ប្រគល់​ពានរង្វាន់​សហគ្រិន​ខ្មែរ​ឆ្នាំ ២០២២ ឯកឧត្តម វ​ង្សី វិស្សុត បាន​មានប្រសាសន៍ថា៖ «​ការរៀបចំ​កម្មវិធីប្រគល់​ពានរង្វាន់​សហគ្រិន​ខ្មែរ​ឆ្នាំ​ ២០២២ ជា​លើក​ទី​២ ​នេះ ក្នុង​គោលដៅ​កសាង​ប្រព័ន្ធ​អេកូឡូស៊ី ដ៏​រស់​រវើក និង​អំណោយផល​សម្រាប់​ការលើកកម្ពស់​សហគ្រិន​ភាព​នៅ​កម្ពុជា​។

​កម្មវិធី​បាន​ប្រព្រឹត្តទៅ​ស្របពេល​ដែល​ព្រះរាជាណាចក្រ​កម្ពុជា​ទើប​ទទួលបាន​នូវ​ជោគជ័យ​ដ៏​ត្រចះ​ត្រង់​ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៤០ និង​លើក​ទី​៤១ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នាពេល​ថ្មីៗ​នេះ​។ ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ គឺជាកិត្យានុភាព និង​ជា​មោទនភាព​ជាតិ​ដ៏​ខ្ពស់ត្រដែត ដែល​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​ដំណើរ​ឈាន​ឡើងជា​បន្តបន្ទាប់ របស់​កម្ពុជា​ទាំង​ក្នុង​កម្រិត​នៃ​ការអភិវឌ្ឍ និង​ទាំង​សមត្ថភាព​ក្នុងការ​ដឹកនាំ​កិច្ចការអន្តរជាតិ ពិសេស​ក្នុង​រយៈពេលជាង​ ២ ​ទសវត្ស​ចុងក្រោយ​នេះ ឆ្ពោះទៅរក​អនាគត​មួយ​ដ៏​រុងរឿង និង​ភ្លឺស្វាង​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​និង​ប្រកប ដោយ​គតិបណ្ឌិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​»​។​

​ជាមួយគ្នានេះដែរ ឯកឧត្តម​បណ្ឌិត ឈៀង វណ្ណ​មុនិ​ណ្ឌ ក៏បាន​មានប្រសាសន៍ថា៖ «​កម្មវិធី​គាំទ្រ​នាៗ​ដែល​សហគ្រិន​ខ្មែរ បានរៀបចំ​ឡើង ដើម្បី​ឆ្លើយតប​ទៅនឹងចក្ខុវិស័យ​ក្លាយជា​ថ្នាល​ជាតិ ក្នុងការ​លើកកម្ពស់​រា​ល់​សកម្មភាព​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី​សហគ្រិនភាព​នៅ​ប្រទេស​កម្ពុជា​។ ជា​សមិទ្ធផល សិស្សានុសិស្ស ធុរកិច្ច​ថ្មី និងសហគ្រាស​ធុន​តូច​និង​មធ្យម ជាច្រើន​បានក្លាយ​ជា​អ្នកទទួលផល​ក្រោយពី​បាន​បង្កើតសហគ្រិន​ខ្មែរ ដែល​បាន​ដើរតួ​ជា​កាតាលីករ បាន​បង្កើត និង​បំពេញ​កម្មវិធី​ជាច្រើន​ក្នុង​រយៈពេល ៣ ​ឆ្នាំកន្លងមក ដូចជា​៖ ការស្វែងរក​គន្លឹះ​ដែល​បំពេញ​ចន្លោះ​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី ការកសាង​ភាពជឿជាក់​ក្នុង​ប្រព័ន្ធ​, ការបង្កើត​កម្មវិធី​ថ្មីៗ​ជាមួយ​ដៃគូ​, ការបង្កើន​កិច្ចសហការ​កៀរគ​ថវិការ​, ដើម្បី​បំពេញបន្ថែម ប៉ុន្តែ​មិន​ប្រកួតប្រជែង ជាមួយ​ដៃគូ​ក្នុង​ប្រព័ន្ធ​»៕