ភ្នំពេញៈ ក្រោយ​មាន​កិច្ចប្រជុំ​ប្រកាស​បើក​ការចរចា​ជុំ​ទី​២ នៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ រវាង​កម្ពុជា និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​(Cambodia-UAE CEPA) ដែលមាន​អន្តរក្រសួង និង​អនុរដ្ឋមន្ត្រី​ទទួលបន្ទុក​ពាណិជ្ជកម្ម​អន្តរជាតិ និង​ជា​ប្រធាន​ក្រុម​ចរចា​សម្រាប់​ភាគី​អេមីរ៉ាត​អារ៉ាប់រួម​រួចមក ​ភាគី​ទាំង២​ បានបង្ហាញ​ការប្តេជ្ញា​រួមគ្នា ​បង្កើន​ទំនាក់ទំនង​វិនិយោគ​ ដើម្បី​បើក​ច្រក​ទីផ្សារ​ពាណិជ្ជកម្ម​ទ្វេភាគី ​ឱ្យ​កាន់​ទូលំទូលាយ​ថែមទៀត​។​


ពាក់ព័ន្ធ​នឹង​កិច្ចចរចា​នេះ ​លោក​ប៉ាន ​សូរស័ក្តិ ​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ​បាន​លើកឡើងថា ​ការចរចា​ជុំ​ទី២​ នៃ​កិច្ចព្រមព្រៀង ​Cambodia-UAE CEPA ​បាន​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៩-២១ ​ខែធ្នូ ​ឆ្នាំ​២០២២ ​នៅ​រាជធានី​ភ្នំពេញ​។ ក្នុង​អំឡុង​ការចរចា​ជុំ​ទី២​នេះ ​ភាគី​ទាំង​២ ​នឹង​បន្ត​ពិភាក្សា ​និង​ដោះស្រាយ​រាល់​ចំណុច ​ដែល​មិនទាន់​មាន​ការឯកភាព​គ្នា ​ឬ​មិនទាន់​មាន​ភាពច្បាស់​លាស់ ​បន្ទាប់ពី​ការចរចា​ជុំ​ទី១ ​ដែល​បាន​ប្រព្រឹត្ត​ទៅ ​កាលពី​ថ្ងៃទី​២៤-២៦ ​ខែតុលា ​ឆ្នាំ​២០២២​ នៅ​អាប៊ុយ​ដាប៊ី​ អេមី​រ៉ាត​អារ៉ាប់​រួម​។​


លោក​បញ្ជាក់ថា​៖«ការចរចា​នេះ​ភាគី​កម្ពុជា ​និង​អេមីរ៉ាត​អារ៉ាប់​រួម ​បាន​ផ្តោត​លើ​វិស័យ ​និង​អនុវិស័យ​សំខាន់ៗ ​ដែល​នឹង​ត្រូវ​លើក​យកមក​ពិភាក្សា ​រួមមាន ​ពាណិជ្ជកម្ម​ទំនិញ ​របាំង​ពាណិជ្ជកម្ម​អនាម័យ ​និង​ភូតគាម​អនាម័យ ​ពាណិជ្ជកម្ម​សេវា ​កិច្ច​សម្រួល​ពាណិជ្ជកម្ម ​វិធាន​ដើមកំណើត​ទំនិញ ​កិច្ចសហ​ប្រតិបត្តិការ​សេដ្ឋកិច្ច ​ វិនិយោគ ​កម្មសិទ្ធិបញ្ញា ​និងច្បាប់ ​និង​ស្ថាប័ន​ជាដើម»។​

ចំណែក​លោក​ជូម៉ា ​ម៉ូហា​មេដ ​អាល់ ​កាត​(Juma Mohammed Al Kait) ​អនុរដ្ឋមន្ត្រី​ទទួលបន្ទុក​ពាណិជ្ជកម្ម​អន្តរជាតិ​និង​ជា​ប្រធាន​ក្រុម​ចរចា​សម្រាប់​ភាគី​អេមី​រ៉ាត​អារ៉ាប់​រួម ​លើកឡើងថា ​ការចរចា​ជុំ​ទី២ ​ជាមួយ​កម្ពុជា​នាពេល​នេះ ​គឺជា​ផ្នែក​ដ៏​សំខាន់​នៃ​យុទ្ធសាស្ត្រ របស់​អេមីរ៉ាត​អារ៉ាប់​រួម ​ក្នុង​ការកសាង​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ ​និង​រឹងមាំ​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​ជុំវិញ​ពិភពលោក​។

លោក​បន្តថា ​របៀបវារៈ​នៃ​កិច្ចព្រមព្រៀង ​Cambodia-UAE CEPA ​នេះ ​គឺ​ពិត​ជាមាន​សារៈសំខាន់ ​និង​ស្វាគមន៍​នូវ​កិច្ចពិភាក្សា​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ ​ដែល​មាន​ឆន្ទៈ​ក្នុង​ការពន្លឿន​ចរាចរណ៍ ​នៃ​ទំនិញ ​ធានា​ខ្សែចង្វាក់​ផ្គត់ផ្គង់ ​និង​ស្វែងរក​ឱកាស​ក្នុងការ​បណ្តាក់ទុន​រួមគ្នា ​សម្រាប់​ផលប្រយោជន៍​ទៅវិញ​ទៅមក​។​

លោក​បញ្ជាក់ថា​៖«នៅ​ក្នុង​កិច្ចចរចា​ជុំ​ទី២​នេះ​ដែរ​ ភាគី​ទាំ២ ​ក៏បាន​ប្តេជ្ញាចិត្ត ​ធ្វើ​យ៉ាងណា​សម្រេច​ឱ្យបាន ​នូវ​កិច្ចព្រមព្រៀង​ Cambodia-UAE CEPA ​នា​ពេល​ឆាប់ៗ​នេះ ​សំដៅ​លើកកម្ពស់​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី ​តាមរយៈ​ការបើក​ច្រក​ទីផ្សារ ​សម្រាប់​នាំចេញ​ទំនិញ ​និង​សេវាកម្ម​ជាដើម»។​

សូម​បញ្ជាក់ដែរ​ថា ​អេមី​រ៉ាត​អារ៉ាប់រួម ​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ឈានមុខ​គេ​របស់​កម្ពុជា​នៅ​តំបន់​មជ្ឈិមបូព៌ា ​ដែល​រួមចំណែក​ប្រមាណ​៧៧% ​នៃ​ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​កម្ពុជា​ជាមួយ​តំបន់​នេះ។

ក្នុង​រយៈពេល​៨ខែ ​នៃ​ឆ្នាំ​២០២២​នេះ ​ពាណិជ្ជកម្ម​ទ្វេភាគី ​សម្រេចបាន​ទឹកប្រាក់​សរុប​ប្រមាណ ​២៧៩​លាន​ដុល្លារ​អាមេរិក​ ជាមួយ​នឹង​កំណើន ​៤០% ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២១​។ ក្នុង​ន័យនេះ ​ការប្រកាស​បើក​ការចរចា​ជុំ​ទី​២ ​នៃ​កិច្ចព្រមព្រៀង ​Cambodia-UAE CEPA ​នឹង​បន្ត​ជំរុញ​ភាព​រីកចម្រើន ​នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទំនិញ ​រវាង​ប្រទេស​ទាំង​២​តាមរយៈ​ការបើក​ទីផ្សារ​នាំចេញ​ឱ្យ​ទូលំ​ទូលាយ ​សំដៅ​ទាក់ទាញ​ការវិនិយោគ​លើ​វិស័យ​សំខាន់ៗ​ផ្សេង​ទៀត ​ក្នុង​បុព្វហេតុ​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​បរិយាប័ន្ន ​និង​ចីរភាព​ផង​ដែរ។​

ពាក់ព័ន្ធ​នឹង​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ រវាង​កម្ពុជា ​និង​អេមីរ៉ាត​អារ៉ាប់រួម​នេះ ​អ្នកជំនាញ​សេដ្ឋកិច្ច​នៅ​កម្ពុជា ​ធ្លាប់បាន​ស្នើឱ្យ​ក្រុមការងារ​ចរចា​របស់​កម្ពុជា-​អេមីរ៉ាត​អារ៉ាប់រួម​ ខិតខំ​ព្យាយាម​ចរចា ​ដើម្បី​សម្រេចបាន​កិច្ចព្រមព្រៀង ​Cambodia-UAE CEPA ​នាពេល​ឆាប់ៗ ​សំដៅ​បម្រើ​ដល់​អត្ថប្រយោជន៍​រួម ​ព្រមទាំង​ផ្តល់​ទំនុកចិត្ត​ដល់​អ្នក​ប្រើប្រាស់ ​វិនិយោគិន ​និង​ធុរជន​របស់​ប្រទេស​ទាំង​២​ថែម​ទៀត៕