ភ្នំពេញៈ ក្រុមហ៊ុន Samaiden Group Berhad ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ម៉ាឡេស៊ី និង​ក្រុមហ៊ុន Management Venture Asia (Cambodia) Ltd. (MVA) បាន​ចុះ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​លើ​ការអភិវឌ្ឍ​ថាមពល​ស្អាត សម្រាប់​ជា​យុទ្ធសាស្ត្រ​ពង្រីក​អាជីវកម្ម​របស់​ពួកគេ​នៅក្នុង​តំបន់​។​

​យោងតាម​ការប្រកាសរ​បស់​ក្រុមហ៊ុន កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​ថ្ងៃទី​២០ ខែធ្នូ ដែល​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​ទាំង​២​ស្វែងរក​សក្តានុពល​វិនិយោគ​លើ​ថាមពល​ស្អាត ដើម្បី​ចូលរួមចំណែក​ក្នុង​ផែន​ការអភិវឌ្ឍន៍​ថាមពល​របស់​ប្រទេស​កម្ពុជា​។​


​លោកស្រី Chow PuiHee នាយក​គ្រប់គ្រង​ក្រុមហ៊ុន​Samaiden បានឱ្យដឹងថា កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន​MVA នឹង​អនុញ្ញាតឱ្យ​ការពង្រីក​អាជីវកម្ម​របស់​ក្រុមហ៊ុន​ចូលទៅក្នុង​តំបន់​បាន​។​

​លោកស្រី Chow PuiHee​ថ្លែងថា​៖ «​យើង​ទន្ទឹងរង់ចាំ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន​MVA ដែល​បាន​ផ្តល់ឱ្យ​ពួកគេ​នូវ​វត្តមាន​ដ៏​រឹងមាំ​របស់​ពួកគេ​នៅក្នុង​ប្រទេស​កម្ពុជា​។ ការពង្រីក​នៅក្នុង​តំបន់​​អាស៊ីអាគ្នេយ៍ គឺជា​ផ្នែក​មួយ​នៃ​ផែនការ​រយៈពេល​៥​ឆ្នាំ​របស់​យើង ដោយសារតែ​ការកើនឡើង​ចំនួន​ប្រជាជន​ក្នុង​តំបន់ និង​អត្ថប្រយោជន៍​ភូមិសាស្ត្រ​របស់​ប្រទេស​នេះ​»​។​


​លោកស្រី​លើកឡើងថា​៖ «​យើង​ជឿជាក់​យ៉ាង​មុតមាំ​ថា ភាពជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​MVA នឹង​ធានាថា​ផែនការ​ពង្រីក​របស់​យើង​នៅក្នុង​ប្រទេស​កម្ពុជា​ត្រូវបាន​ផ្តោត​។ យើង​មាន​កិត្តិយស​ដែលមាន​ក្រុមហ៊ុន​MVA ជា​ដៃគូ​អាជីវកម្ម​របស់​យើង​ក្នុងការ​អភិវឌ្ឍ​ថាមពល​ស្អាត នៅក្នុង​ប្រទេសមួយ​នេះ ដែល​ផ្តល់នូវ​បទពិសោធន៍ និង​បណ្តាញ​ដ៏​ច្រើន​នៅក្នុង​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​ស្អាត​»​។

​លោក Salah Essa នាយក​ក្រុមហ៊ុន​MVA បាន​បញ្ជាក់ថា ភាពជា​ដៃគូ​នេះ​នឹង​នាំមក​នូវ​អ្នកជំនាញ​បន្ថែមទៀត សម្រាប់​និរន្តរភាព​នៃ​វិស័យ​ថាមពល​កកើត​ឡើងវិញ​របស់​កម្ពុជា​។​

​លោក​ថ្លែងថា​៖ «​យើង​ទន្ទឹងរង់ចាំ​កិច្ចសហការ​នេះ​ជាមួយ​ក្រុមហ៊ុន​Samaiden​ក្នុង​អាជីវកម្ម​ថាមពល​កកើត​ឡើងវិញ និង​និរន្តរភាព​ក្នុងប្រទេស​កម្ពុជា ហើយ​សង្ឃឹមថា នឹង​ទាញយក​បទពិសោធន៍ និង​ជំនាញ​ក្នុង​ឧស្សាហកម្ម​របស់​ពួកគេ ដើម្បី​ធ្វើឱ្យ​ការវិនិយោគ​រួម​នេះ​ទទួលបាន​ជោគជ័យ​សម្រាប់​កំណើន​សេដ្ឋកិច្ចជាតិ និង​ស្របតាម​គោលដៅ​ប្រទេស​ឆ្ពោះទៅរក​គោលនយោបាយ កាបូន​សូន្យ​សុទ្ធ​ត្រឹម​ឆ្នាំ​២០៥០»​។​

MVA ដែលជា​ក្រុមហ៊ុន​ប្រឹក្សា​ធុរកិច្ច និង​ជា​ក្រុមហ៊ុន​បង្កើត​គម្រោង​ថាមពល​ស្អាត ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា បាន​ចូលរួម​ជា​ចម្បង​ក្នុងការ​សម្រួល​ដល់​ការវិនិយោគ​រួម និង​នាំយក​ផលិតផល​នានា​ទៅកាន់​ទីផ្សារ និង​ស្រាវជ្រាវ​ទីផ្សារ​ទូទាំង​អាស៊ី​។​

​ក្រុមហ៊ុន​នេះ បានបញ្ចប់​ដោយ​ជោគជ័យ​ក្នុងការ​អភិវឌ្ឍ​គម្រោង​ថាមពល​ពន្លឺព្រះអាទិត្យ​ទំហំ​២០​មេ​ហ្គា​វ៉ា​ត់​នៅ​ក្រុង​បាវិត ដែល​គម្រោង​នេះ​ត្រូវ​បានផ្តល់​កិច្ចសន្យា​ទិញ​ថាមពល​ដោយ​អគ្គិសនី​កម្ពុជា កាលពី​ខែសីហា ឆ្នាំ​២០១៩៕