ភ្នំពេញៈ ប្រធានសមាគមមៀនប៉ៃលិន និងតំណាងក្រុមហ៊ុន ពេជ្រចិន្តា ដែលជាក្រុមហ៊ុនសម្អាត កែច្នៃ និងវេចខ្ចប់ផលិតផលមៀនប៉ៃលិន បាននិយាយថា ការដាក់លក់មៀនប៉ៃលិន ជាផ្លូវការលើទីផ្សារអនឡាញ Alibaba Group របស់ចិនគឺ ជាសញ្ញាវិជ្ជមានក្នុងការបើកទីផ្សារធំបន្ថែមទៀតសម្រាប់ផលិតផលរបស់ខ្លួនមិនត្រឹមតែទីផ្សារចិននោះទេ ប៉ុន្តែសម្រាប់ទីផ្សារពិភពលោក ក្រោយពេលកម្ពុជា-ចិនអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។
ផ្លែមៀនស្រស់ បានក្លាយជាផលិតផលកសិផលទី៣ របស់កម្ពុជាដែលអាចនាំទៅលក់នៅទីផ្សារចិនជាផ្លូវការកាលពីថ្ងៃទី ២៧ ខែតុលា បន្ទាប់ពីផ្លែស្វាយ និងចេក។
លោក នាង សំរិតកុមារ អគ្គកុងស៊ុលកម្ពុជាប្រចាំនៅទីក្រុងសៀងហៃ (ប្រទេសចិន) បានប្រាប់បណ្តាញព័ត៌មាន Fresh News កាលពីថ្ងៃទី ២១ ធ្នូ ថា មៀនប៉ៃលិនបានសម្ពោធដាក់លក់លើទីផ្សារអនឡាញរបស់ Alibaba Group កាលពីថ្ងៃពី ១២ ខែធ្នូ ឆ្នាំ ២០២២ នៅទីក្រុងហាន់ចូវ ខេត្តជឺជាំង។
លោកត្រូវបានដកស្រង់សម្តីថា៖ «តាមរយៈការផ្សព្វផ្សាយផលិតផលកម្ពុជាលើបណ្តាញឌីជីថលរបស់ចិន នឹងធ្វើឱ្យអ្នកប្រើប្រាស់នៅចិនកាន់តែច្រើនអាចស្គាល់ផលិតផលកសិកម្មកម្ពុជា ព្រោះជាទីផ្សារធំ មានប្រជាជនជាង ១ ៤០០ លាននាក់។ នៅថ្ងៃខាងមុខផលិតផលខ្មែរផ្សេងទៀតដូចជា ចេក និងស្វាយ ក៏នឹងមានវត្តមាននៅលើទីផ្សារនេះដែរ»។
ប្រធានសមាគមមៀនប៉ៃលិន លោក សួស ស៊ីយ៉ាត បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ២២ ខែវិច្ឆិកាថា ការដាក់លក់មៀនប៉ៃលិនលើវេបសាយដ៏ល្បីនេះ គឺមិនត្រឹមតែឆ្លុះបញ្ចាំងពីការបើកទូលាយទីផ្សារនៅក្នុងប្រទេសចិនសម្រាប់ផ្លែមៀនប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយបង្ហាញទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោកផងដែរ។
លោកថ្លែងថា៖ «ខ្ញុំពិតជារីករាយ និងជាកិត្តិយសរបស់ប្រទេសយើងដែលផលិតផលផ្លែមៀនយើងត្រូវបានដាក់លក់លើវេបសាយ Alibaba ដែលជាការលើកទឹកចិត្តដល់យើងជាអ្នកនាំចេញ និងក្រុមហ៊ុនពាក់ព័ន្ធនានាក្នុងការពង្រីកនិងបង្កើនលទ្ធភាពនាំចេញ និងដាំដុះ។ យើងសង្ឃឹមថាមៀនយើងមានទីផ្សារកាន់តែធំបន្ថែមទៀត»។
លោក ភត់ សុផាន់បូរី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ពេជ្រចិន្តា ដែលជាក្រុមហ៊ុនសម្អាត កែច្នៃ និងវេចខ្ចប់ផលិតផលមៀនប៉ៃលិនផ្គត់ផ្គង់នៅក្នុងស្រុក បានប្រាប់ថា ការដាក់លក់មៀនប៉ៃលិន នៅក្នុងទីផ្សារ Alibaba នឹងជំរុញឱ្យបណ្តាប្រទេសដទៃ ទទួលស្គាល់ពីគុណភាពមៀនប៉ៃលិនកម្ពុជាកាន់តែច្រើន។ លោកបន្តថា បន្ទាប់ពីមៀនត្រូវបានាំចេញទៅទីផ្សារចិនមានក្រុមហ៊ុនមួយចំនួនមកពីប្រទេសចិន ថៃ ម៉ាឡេស៊ីជាដើមចង់មកសហការដើម្បីរៀបចំដំណើរនាំចេញ។
លោកបន្ថែមថា៖ «បច្ចុប្បន្នលោកកំពុងមានដៃគូមកចរចា ក៏ប៉ុន្តែយើងមិនទាន់ថា គ្រោងនឹងផ្គត់ផ្គង់ឱ្យមួយណានោះទេ ព្រោះយើងកំពុងដំណើរការធ្វើឱ្យរួចរាល់។ ណាមួយយើងជាក្រុមហ៊ុនខ្មែរ យើងខ្វះទុនក្នុងការពង្រីក និងពង្រឹង ក៏ប៉ុន្តែផែនការយើងកំពុងធ្វើរាល់ថ្ងៃ បើយើងធ្វើរួចរាល់ក្នុង ២ ថ្ងៃយើងអាចផ្គត់ផ្គង់បានចន្លោះពី ៦០ តោន ទៅ ៩០ តោន»។
លោកបន្ថែមថា សម្រាប់ទិន្នផលមៀនប៉ៃលិនក្នុង ១ ឆ្នាំគឺបានក្នុងរង្វង់ ១០ ម៉ឺនតោន។ ផលនេះនឹងកើនចន្លោះពី ១០-១៥ ភាគរយក្នុង ១ ឆ្នាំ៕