ភ្នំពេញៈ កម្ពុជា​បាន​នាំ​ចេញ​​​ផ្លែ​ចេក​ស្រស់​ជា​ផ្លូវ​ការ​ជាង ៣២​ម៉ឺន​តោន​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈ​ពេល​ ១០​ខែ​ដើម​ឆ្នាំ​២០២២ ធ្លាក់​ចុះ​ជិត​ ១២​ភាគ​រយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​២០២១ ក្នុង​នោះ​ការ​នាំ​ទៅ​ប្រទេស​ចិន​បាន​គ្រប​ដណ្តប់​ជិត ៩០​ភាគ​រយ​។ នេះ​បើ​តាម​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ។

ទិន្នន័យ​បាន​បង្ហាញ​ថា ចាប់​ពី​ខែ​មករា ដល់​ខែ​តុលា ឆ្នាំ​២០២២ ការ​នាំ​ចេញ​ចេក​ស្រស់​ទៅ​លក់​នៅ​ទីផ្សារ​អន្តរ​ជាតិ មាន​បរិមាណ​សរុប ៣២៥ ៨៥៩,៧២​តោន ធ្លាក់​ចុះ ១១,៧៩​ភាគ​រយ ពី​ចំនួន ​៣៦៩ ៤៣១,០៦​តោន កាល​ពី​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​២០២១។ ទីផ្សារ​ប្រទេស​ចំនួន​ ៣ ដែល​ទទួល​ទិញ​ចេក​ពី​កម្ពុជា រួម​មាន ប្រទេស​ចិន ចំនួន ២៩៣ ០៦០,៣៩​តោន ធ្លាក់​ចុះ ៩,៣៣​ភាគ​រយ, វៀត​ណាម ៣២ ៧៩៩,២៣​តោន ថយ​ចុះ ២៧,៣៩​ភាគ​រយ និង​ប្រទេស​ជប៉ុន ០,១​តោន ធ្លាក់​ចុះ ៩៩,៩៨​ភាគ​រយ។


លោក ហ៊ុន ឡាក់ អគ្គ​នាយក​ក្រុមហ៊ុន ឡុង ម៉េត អេហ្គ្រីខលឈ័រ ដែល​មាន​កសិដ្ឋាន​ដាំ​ចេក​ក្នុង​ខេត្ត​កំពត និង​ជា​ក្រុមហ៊ុន​នាំ​ចេញ​ចេក​ស្រស់​ទៅ​ទីផ្សារ​ប្រទេសចិន ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការ​នាំ​ចេញ​ចេក​ស្រស់​បាន​ធ្លាក់​ចុះ​ក្នុង​រយៈ​ពេល​ខាង​លើ គឺ​ដោយ​សារ​តែ​ការ​នាំ​ចេក​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរ​ជាតិ​ផ្តោត​ខ្លាំង​លើ​ទីផ្សារ​ប្រទេស​ចិន ខណៈ​ការ​ដាក់​ចេញ​នូវ​វិធានការ​ប្រឆាំង​នឹង​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ​១៩របស់​រដ្ឋាភិបាល​ចិន បាន​បង្កើត​ជា​ឧបសគ្គ​ដល់​ចរាចរណ៍​មនុស្ស និង​ទំនិញ​ ដោយ​ទាម​ទារ​ឱ្យ​មាន​ការ​ត្រួត​ពិនិត្យ​យ៉ាង​តឹង​តែង​បំផុត​ទាក់​ទង​នឹង​បទដ្ឋាន​បច្ចេក​ទេស​អនាម័យ និង​​ភូតគាម​អនាម័យ​។ លោក​បន្ត​ថា ផល​ប៉ះពាល់​នេះ​ក៏​កំពុង​បន្ត​រហូត​មក​ដល់​ពេល​នេះ​ផង​ដែរ​។

លោក​និយាយ​ថា​៖​«​មូល​ហេតុ​ចម្បង​ដែល​ការ​នាំ​ចេញ​ចេក​ធ្លាក់​ចុះ គឺ​ការ​រឹត​បន្តឹង​នៅ​ទីផ្សារ​ប្រទេស​ចិន​ ហើយ​សូម្បី​តែ​ការ​នាំ​ចេញ​ផ្លែ​ស្វាយ​ស្រស់​ក៏​ជួប​បញ្ហា​ដែរ​»។


ទោះ​យ៉ាង​ណា លោក ហ៊ុន ឡាក់ នៅ​តែ​មាន​សុទិដ្ឋិ​និយម​ថា ទីផ្សារ​នាំ​ចេញ​ចេក​កម្ពុជា​នឹង​មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ នៅ​ពេល​ដែល​ទីផ្សារ​ប្រទេស​ចិន​បើក​ទូលាយ​ដូចមុន។

ចេក​ស្រស់​កម្ពុជា ត្រូវ​បាន​នាំ​ចេញ​ទៅ​ប្រទេស​ចិន​ជា​លើក​ដំបូង​កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៩ ដោយ​វា​គឺ​ជា​ផ្លែឈើ​ដំបូង​គេ​របស់​កម្ពុជា​ដែល​ត្រូវ​បាន​នាំ​ចេញ​ទៅ​ប្រទេស​ចិន​ជា​ផ្លូវ​ការ។

យោង​តាម​ក្រសួង​កសិកម្ម ក្នុង​ឆ្នាំ​២០២១ កម្ពុជា​បាន​នាំ​ចេញ​ផ្លែ​ចេក​ស្រស់ សរុប​ ៤២៣ ១៦៨,៩៧​តោន កើនឡើង​ជាង ២៧​ភាគ​រយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២០ ក្នុង​នោះ​ការ​នាំ​ចេញ​ទៅ​ប្រទេស​ចិន​ មាន​ជាង​ ៣៧៦ ៩៦១​តោន, ​វៀតណាម ៤៥ ១៩៣តោន, ​ជប៉ុន​ ៥៣៣,៥២ ​តោន​ និង​សិង្ហបុរី ៤៨០,៤៨ ​តោន​។

បើ​តាម​ក្រសួង​កសិកម្ម ​ក្នុង​រយៈ​ពេល ១០​ខែ​ឆ្នាំ​២០២២ កម្ពុជា​ទទួល​បាន​ប្រាក់​ជាង ២ ១៤១,៦៦​លាន​ដុល្លារពី​ការ​នាំ​ចេញ​កសិ​ផល​ក្រៅ​ពី ​ស្រូវ​ អង្ករ ដែល​ផលិត​ផល​ទាំង​នោះ​ មាន​ដូច​ជា ដំឡូងមី គ្រាប់​ស្វាយ​ចន្ទី ពោត សណ្តែក ចេកស្រស់ ស្វាយស្រស់ ដូង​ប្រេង ម្រេច ថ្នាំជក់ និង​បន្លែ​ចម្រុះ ជា​ដើម​៕