បរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុ គឺជាបរិស្ថានសម្រាប់ឱ្យក្រុមហ៊ុនសាកល្បងនូវផលិតផល និងសេវាកម្មរបស់ខ្លួនជាមួយនឹងអតិថិជនពិតប្រាកដ ប៉ុន្តែក្នុងទំហំ និងរយៈពេលកំណត់មួយ មុននឹងធ្វើការដាក់ចេញ និងការជំរុញការប្រើប្រាស់ឱ្យបានទូលំទូលាយ។
ក្រុមហ៊ុនដែលមានបំណងប្រើប្រាស់បច្ចេកវិទ្យាតាមបែបនវានុវត្តន៍ក្នុងការផ្តល់ផលិតផល និងសេវាកម្មហិរញ្ញវត្ថុដែលស្ថិតក្រោម ឬអាចនឹងស្ថិតក្រោមនិយតកម្មរបស់ ន.ម.ក. អាចដាក់ពាក្យស្នើសុំចូលរួមក្នុងបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីពិសោធផលិតផល និងសេវា-កម្មហិរញ្ញវត្ថុដែលមាននវានុវត្តន៍នៅក្នុងបរិស្ថានផលិតកម្ម ប៉ុន្តែស្ថិត ក្រោមការគ្រប់គ្រងជាក់លាក់ និងក្នុងរយៈពេលកំណត់មួយ។
ដើម្បីទទួលបានការអនុញ្ញាតឱ្យចូលរួមក្នុងបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យមូលបត្រ បុគ្គលដាក់ពាក្យស្នើសុំត្រូវបំពេញតាមលក្ខខណ្ឌគោលដៅ, គោលការណ៍ និងលក្ខណវិនិច្ឆ័យ ដែលបានកំណត់ក្នុងគោលការណ៍ណែនាំលេខ ០០១/២២ ន.ម.ក./គ.ណ.នចុះថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២២ ស្ដីពីបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យមូលបត្រ។
បរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុមានគោលដៅជួយជំរុញពិសោធបច្ចេកវិទ្យាហិរញ្ញវត្ថុដែលស្ថិតក្រោមការគ្រប់គ្រងជាក់លាក់ និងក្នុងរយៈពេលកំណត់មួយ ដើម្បី៖
ក.បង្កើននូវប្រសិទ្ធភាព
ខ.គ្រប់គ្រងហានិភ័យឱ្យកាន់តែល្អប្រសើរ
គ.បង្កើតកាលានុវត្តភាពថ្មី
ឃ.ធ្វើឱ្យការរស់នៅរបស់ប្រជាជនកាន់តែល្អប្រសើរ។
បរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុមានគោលការណ៍ដូចខាង ក្រោម៖
ក.មិនមានភាពស្រដៀងគ្នាទៅនឹងផលិតផល និងសេវាកម្មហិរញ្ញវត្ថុដែល មានស្រាប់នៅក្នុងវិស័យមូលបត្រ
ខ.មាននវានុវត្តន៍ដែលបង្កើតជាតម្លៃបន្ថែមដល់ផលិតផល និងសេវាកម្មហិរញ្ញវត្ថុដែលមានស្រាប់នៅក្នុងវិស័យមូលបត្រ
គ.ផ្តល់អត្ថប្រយោជន៍ដែលអាចកំណត់បានដោយផ្ទាល់ ឬដោយប្រយោលដល់អតិថិជន ឬវិស័យមូលបត្រ
ឃ.មានលម្ហ (Space) និងរយៈពេលសម្រាប់ពិសោធជាក់លាក់
ង.អាចគ្រប់គ្រងបាននូវហានិភ័យ និងផលវិបាកដែលកើតចេញពីការបរាជ័យនៃការតេស្តសាកល្បង
ច.ត្រូវបំពេញកាតព្វកិច្ចតាមច្បាប់ ដោយរួមបញ្ចូលទាំងការធ្វើតេស្តសាកល្បងផលិតផល និងសេវាកម្មហិរញ្ញវត្ថុដែលស្នើឡើងនៅក្នុងបរិស្ថាន ពិសោធន៍ និងយល់ដឹងអំពីលក្ខខណ្ឌតម្រូវបទប្បញ្ញត្តិ។
ដើម្បីលើកទឹកចិត្តដល់នវានុវត្តន៍ ន.ម.ក. នឹងពិចារណាបន្ធូរបន្ថយ ឬលើកលែងលក្ខខណ្ឌតម្រូវ បទប្បញ្ញត្តិដែលអាច ក្នុងទម្រង់ជាការលើកលែងលក្ខណៈទូលំទូលាយ ឬជាការលើកលែងជាក់លាក់ណាមួយតាមករណីជាក់ស្តែងនីមួយៗ សម្រាប់រយៈពេលនៃការសាកល្បង ដោយអាស្រ័យលើផលិតផល និងសេវាកម្មហិរញ្ញវត្ថុដែលជាកម្មវត្ថុនៃការសាកល្បង បុគ្គលដាក់ពាក្យស្នើសុំ និងសំណើរបស់បុគ្គលដាក់ពាក្យស្នើសុំ។
បន្ទាប់ពីការសាកល្បងទទួលបានជោគជ័យ និងចាកចេញពីបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុ បុគ្គលបរិស្ថានសាកល្បង ត្រូវគោរពតាមលក្ខខណ្ឌតម្រូវបទប្បញ្ញត្តិពាក់ព័ន្ធឱ្យបានពេញលេញ៕
យោង៖ គោលការណ៍ណែនាំលេខ ០០១/២២ ន.ម.ក./គ.ណ.ន. ចុះថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២២ ស្ដីពីបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យមូលបត្រ។
រៀបចំដោយ៖ និយ័តករមូលបត្រកម្ពុជា
នាយកដ្ឋានត្រួតពិនិត្យអន្តរការីមូលបត្រ
អ៊ីមែល៖ intermediaries@serc.gov.kh
ទូរស័ព្ទ៖ ០២៣ ៨៨៥ ៦១១