ភ្នំពេញលោក​ គុណ ញឹ​ម នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា ​(​អគរ​) បាន​ថ្លែង​ថា ការ​យល់​ដឹង​ច្បាស់​អំពី​នីតិវិធី​គយ ​និង​បទ​ប្បញ្ញត្តិ​នានា ​គឺជា​កត្តា​ដ៏​សំខាន់​មួយ​សម្រាប់​វិស័យ​ឯកជន​ ដើម្បី​លើក​កម្ពស់​ការ​ប្រកួត​ប្រជែង​ប្រកប​ដោយ​សម​ធម៌ និង​ពង្រឹង​អនុ​លោម​ភាព​។​

​ថ្លែង​នៅក្នុង​វេទិកា​គយ​កម្ពុជា​លើក​ទី​២​ ដែល​ត្រូវបាន​រៀប​ចំ​ឡើង​ដោយ(អគរ) និង​សភាពា​ណិជ្ជ​កម្ម​កម្ពុជា ​នា​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ លោក ​គុណ ញឹម បាន​លើក​ឡើង​ថា ​វិស័យ​ឯកជន​បាន​ដើរ​តួនាទី ​និង​ជា​ដៃគូដ៏​សំខាន់​របស់​រដ្ឋាភិ​បាល​ក្នុង​ការ​រួមគ្នា​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ជាតិ​។ជា​មួយ​គ្នានេះ ​ការយល់​ដឹង​អំពី​ច្បាប់​ និង​បទ​ប្បញ្ញត្តិ​គយ​នានា​ គឺជា​រឿង​ចាំ​បាច់​ក្នុង​ដំណើ​ការ​អាជីវ​កម្ម​របស់​ខ្លួន​។


​លោក​បាន​បញ្ជាក់​ថា​៖ ​​«​វេទិកា​នេះ​ជា​ផ្នែក​មួយ​នៃ​ការខិត​ខំ​បញ្ជ្រាប​ការ​យល់​ដឹង​ដល់​សាធារ​ណជន ​ពិសេស​ធុរជន​ពាក់​ព័ន្ធ ​ស្ដីពី​ច្បាប់ បទ​ប្បញ្ញត្តិ ការ​ងារ​បច្ចេក​ទេស​គ​យ និង​នីតិ​វិធី​គយ​សំដៅ​ជំរុញ​កិច្ច​សម្រួល​ពាណិជ្ជ​កម្ម ​លើក​កម្ពស់​ការ​ប្រកួត​ប្រជែង​ប្រកប​ដោយ​សម​ធម៌​ និង​ពង្រឹង​អនុ​លោម​ភាព​ក៏ដូច​ជា​កែលម្អ​វប្បធម៌​សារ​ពើពន្ធ​នៅ​កម្ពុជា​បន្ថែម​ទៀត ​ដើម្បី​ចូល​រួម​ក្នុង​កិច្ច​ដំណើរ​ការ​អភិវឌ្ឍ​ន៍សង្គម​ និង​សេដ្ឋកិច្ច​កម្ពុជា​ប្រកប​ដោយ​បរិ​យា​ប័ន្ន​»​។​

​ជា​មួយ​គ្នានេះ ​ប្រធាន​សភា​ពាណិជ្ជ​កម្ម​កម្ពុជា​លោក​ គិត ម៉េង បាន​គូស​បញ្ជាក់​ដែរ​ថា វេទិកា​គយ​លើក​ទី​២ គឺជា​ផ្នែក​មួយ​នៃ​ការ​អនុវត្ត​យន្តការ​ភាព​ជា​ដៃគូ​គយ​-​ផ្នែក​ឯកជន​ ដែល​ត្រូវបាន​បង្កើតឡើ​ង​កាលពី​ឆ្នាំ​២០១០ ​ក្នុង​ការជួយ​ដោះ​ស្រាយ​នូវ​បញ្ហា​នានា​ពី​វិស័យ​ឯកជន​ ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើ​អាជីវ​កម្ម​នានា​ទាំង​ក្នុង​ស្រុក និង​អន្តរ​ជាតិ​។​


​លោក​បាន​មាន​ប្រសាសន៍​ថា​៖ «​ក្រោម​យន្តការ​នេះ ​បរិ​យាកាស​ធុរកិច្ច​ពាក់​ព័ន្ធ​នឹង​ពាណិជ្ជ​កម្ម​អន្តរជាតិ​នៅ​កម្ពុជា​ត្រូវ​បាន​លើក​កម្ពស់​ និង​កែលម្អ​កាន់តែ​ល្អ​ប្រសើរ​ជា​លំដាប់​ដោយ(អគរ)បាន​ដោះ​ស្រាយ​នូវ​បញ្ហា​ប្រឈម​ចំពោះមុ​ខ និង​ឆ្លើយ​តបបាន​ទាន់​ពេល​វេលា​នូវ​រាល់​សំណូម​ពរ​ចាំបាច់​របស់​វិ​ស័យ​ឯកជន​ពាក់ព័ន្ធ​នឹង​ពាណិជ្ជ​កម្ម​អន្តរជាតិ ​ជាពិសេស​ក្នុង​បរិការណ៍​ខ្សែ​ចង្វាក់​ផ្គ​ត់ផ្គង់​សកល​មាន​ភាព​រអាក់​រអួល​ដោយ​សារ​វិបត្តិ​ផ្សេងៗ​កន្លង​មក​»​។​

​លោក​ ហុង វណ្ណៈ អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​បាន​ថ្លែង​ថា ការ​យល់​ដឹង​ច្បាស់​ពី​នីតិ​វិធី​ និង​បទប្ប​ញ្ញត្តិ​នានា​ពាក់​ព័ន្ធ​នឹង​បញ្ហា​គយ​គឺជា​អ្វីដែល​វិស័យ​ឯកជន​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ដើម្បី​ស្វែង​យល់​អំពី​ការ​ទទួល​បាន​នូវ​ការ​អនុ​គ្រោះ​នានា ដូចជា​ ការ​សម្រួល​ពាណិជ្ជ​កម្ម​ ឬ​ការ​ទទួល​បាន​អត្ថ​ប្រយោជន៍​ពន្ធ​នាំ​ចេញ​ ឬ​នាំចូល​លើ​មុខ​ទំនិញ​មួយ​ចំនួន​។​

​លោក​បាន​ថ្លែង​ថា​៖ «​ជាការ​ពិត​ណាស់ ធុ​រជន​ និង​វិនិយោ​គិន​ទាំង​ក្នុង​ស្រុក និង​បរទេស​ត្រូវតែ​ស្វែង​យល់​ឱ្យ​បាន​ច្បាស់​លាស់​នូវ​បែប​បទ​គតិ​យុត្ត​គយ​ទាំង​ឡាយ​ដែល​កម្ពុ​ជា​មាន ​និង​ជា​ពិសេស​ការអនុ​គ្រោះ​ពន្ធគយ​មួយ​ចំនួន​ដែល​ស្ថិតក្រោម​ការធ្វើ​ពាណិជ្ជ​កម្ម​សេរី​ជា​មួយ​ប្រទេស​ដៃគូ​ដែល​វា​ជា​អត្ថ​ប្រយោ​ជន៍​សំខាន់​សម្រាប់​ពួកគេ​ក្នុង​ការ​ជំរុញ​អាជី​វកម្ម​របស់​ខ្លួន​»​។​

​យោង​តាម(​អគរ)វេទិកា​នេះ ​តែង​តែបាន​ផ្តល់នូវ​ព័ត៌មាន​នានា​ដល់​វិស័យ​ឯកជន​ពាក់ព័ន្ធ​នឹង​ការងារ​គយ​មួយ​ចំនួន ​រួម​មាន ការ​អនុវត្ត​នីតិវិធី​បំពេញ​បែប​បទ​មុន​ពេល​ទំនិញ​មក​ដល់​,ប្រព័ន្ធ​បញ្ជរ​តែមួយ​ជាតិ​ដំណាក់​កាល​ទី​៣ និង​ប្រព័ន្ធ​បញ្ជរ​តែ​មួយ​អាស៊ាន​,ការ​អនុវត្ត​កម្មវិធី​ប្រតិបត្តិ​ករ​សេដ្ឋ​កិច្ច​ទទួល​បាន​ការ​អនុញ្ញាត​ និង​ធុរជន​ល្អ​បំផុត​,ច្បាប់​ស្ដីពី​វិនិ​យោគ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​លើ​ការងារ​ពាក់​ព័ន្ធ​នឹង​សមត្ថ​កិច្ច​របស់​រដ្ឋបាល​គយ​,ការងារ​បច្ចេក​ទេស​គ​យ និង​សវន​កម្ម​គយ​ជា​ដើម​៕