មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ក្រុមហ៊ុនចំនួន ៤ ចុះបញ្ជីត្រៀមនាំចេញត្រីប្រាទៅកាន់ទីផ្សារចិន ក្នុងនោះមានកសិដ្ឋាន ៣ និងសហគ្រាសកែច្នៃនាំចេញចំនួន ១ បានចុះបញ្ជីទទួលស្គាល់ដើម្បីត្រៀមនាំត្រីប្រាទៅកាន់ទីផ្សារចិន។

អ្នកនាំពាក្យក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា បានប្រាប់ថា ក្រោយពីបានចុះកិច្ចព្រមព្រៀងស្តីពីលក្ខខណ្ឌ តម្រូវសម្រាប់នាំចេញផលវារីវប្បកម្មលើប្រភេទត្រីប្រាទៅសាធារណរដ្ឋប្រជាមានិតចិនកាលពីខែមីនា ឆ្នាំ២០២២ បច្ចុប្បន្នកម្ពុជាមានកសិដ្ឋានចំនួន៣ និងសហគ្រាសកែច្នៃនាំចេញចំនួន១ ដែលបានបំពេញការចុះបញ្ជីនាំចេញទទួលស្គាល់ដោយរដ្ឋបាលជលផល និងគយចិន។


កញ្ញា បានឱ្យដឹងបន្តថា កសិដ្ឋានដែលបានចុះបញ្ជីទាំង៣ នៅមិនទាន់បានរៀបចំផែនការផលិតកម្មសមស្រប ដើម្បីផ្គត់ផ្គង់ត្រីប្រាឱ្យបានជាប្រចាំថ្ងៃសម្រាប់សហគ្រាសកែច្នៃ ធ្វើឱ្យការផ្គត់ផ្គង់មានភាពយឺតយ៉ាវ។ ចំណែកសហគ្រាសកែច្នៃមានតែ១ ដែលទើបសាកល្បងកែច្នៃជាលើកទី១ និងមានសមត្ថភាពកំណត់ក្នុងការកែច្នៃប្រចាំថ្ងៃ (ប្រមាណ១តោនក្នុង១ថ្ងៃ) ធ្វើឱ្យដំណើរការកែច្នៃនាំចេញមានការយឺតយ៉ាវផងដែរ។

កញ្ញា រចនា បានបន្តដូច្នេះថា៖«បច្ចុប្បន្នសហគ្រាសកែច្នៃនាំចេញត្រីប្រា ផលិតបានត្រីប្រាប្រមាណ ១៥តោន ឬស្មើ១កុងតឺនឺ សម្រាប់ការនាំចេញសាកល្បងជាលើកទី១ ទៅកាន់ប្រទេសចិន។ ក្រុមហ៊ុនកំពុងបំពេញនីតិវិធីនាំចេញ រួមទាំងការត្រួតពិនិត្យលើសំណាកផលិតផលដែលបានកែច្នៃសម្រាប់នាំចេញ ដើម្បីធានាថា ផលិតផលមានគុណភាព និងសុវត្ថិភាពឆ្លើយតបលក្ខខណ្ឌតម្រូវនាំចេញ ហើយក្រុមហ៊ុនរំពឹងថានឹងបានរួចរាល់ក្នុងខែមករា ឆ្នាំ២០២៣ ខាងមុខ»។


កញ្ញាបានថ្លែងបន្តទៀតថា៖ «បច្ចុប្បន្ន ក្រុមហ៊ុននាំចេញមិនអាចបញ្ជាក់បាននូវបរិមាណតម្រូវការនៃទីផ្សារប្រទេសចិននៅឡើយទេ ដោយសារខាងក្រុមហ៊ុនត្រូវការនាំចេញសាកល្បង១កុងតឺនឺដំបូងសិន ដើម្បីទទួលបានការជឿជាក់ពីទីផ្សារលើគុណភាព»។

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៤១លោកហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានឱ្យដឹងថា ក្រោយដាក់ឱ្យដំណើរការកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង កម្ពុជា-ចិន ឃើញថា ផលិត​​ផល​កម្ពុជា នាចេញផ្សារចិនកាន់តែទូលាយជាងមុន ខណៈនាពេលឆាប់ៗនេះ ត្រីប្រារបស់កម្ពុជា នឹងនាំចេញទៅផ្សារចិនដោយផ្ទាល់។ លោកបន្តថា ខណៈទីផ្សាររបស់ចិន គឺជាផ្សារដ៏ធំរបស់កម្ពុជា សម្តេចក៏បានណែនាំផលិតករ ត្រូវកែច្នៃឱ្យបានត្រឹមត្រូវ ដោយមានអនាម័យខ្ពស់ សម្រាប់នាំចេញទៅទីផ្សាររបស់ចិនផងដែរ។

បើតាមសមាគមវារីវប្បករកម្ពុជាធ្លាប់បានឱ្យដឹងថា កម្ពុជាផលិតត្រី និងបង្គាបានចំនួន ៣៤៨ ៣៥០ តោនកាលពីឆ្នាំមុន ធ្លាក់ចុះ ១៣ ភាគរយ ឬ ៥២ ០៥០ តោន បើធៀបនឹងឆ្នាំ២០២០ ដែលស្មើនឹង ៧២,៤២ ភាគរយនៃគោលដៅ ៨១ ០០០ តោន។ យ៉ាងណាមិញ សមាគមវារីវប្បករកម្ពុជា និងអ្នកចិញ្ចឹមត្រីនៅកម្ពុជា ក៏បានសម្ដែងនូវការត្រេកអរ និងសប្បាយរីករាយ បន្ទាប់ពីទទួលបានដំណឹងថា ត្រីប្រារបស់កម្ពុជា ត្រូវបានប្រទេសចិន កំពុងពិនិត្យវាយតម្លៃ អាចនឹងឈានទៅសម្រេចឱ្យមានការនាំចេញផ្ទាល់ទៅកាន់ទីផ្សារចិន នាពេលដ៏ខ្លីខាងមុខនេះ៕