​ភ្នំពេញៈ ក្រុមហ៊ុន​ឆាយ​ណា ជីន​វ័រ​យាន អ៊ី​ម​ផត អិ​ច​ផត ខេ​ម​បូ​ឌា ដែលជា​ក្រុមហ៊ុន​ទទួល​ទិញ​មៀន​ប៉ៃលិន​ពី​កសិករ សម្រាប់​នាំចេញ​ទៅកាន់​ប្រទេស​ចិន បាន​ឲ្យ​ដឹងថា គុណភាព និង​រូបរាង​មៀន​ប៉ៃលិន របស់​កសិករ​និង​ម្ចាស់​ចម្ការ​នៅក្នុង​ខេត្ត​ប៉ៃលិន គឺ​ល្អ​ជាង មៀន​ប៉ៃលិន ដែល​ដាំ​ដុះ​នៅ​ខេត្ត​ដទៃទៀត​។​

​លោក សារ ចំរើន តំណាង ក្រុមហ៊ុន​ឆាយ​ណា ជីន​វ័រ​យាន នេះ បាន​ប្រាប់ថា គុណភាព​មៀន​ប៉ៃលិន​របស់​ម្ចាស់​ចម្ការ​ចំនួន​៤៧ នៅក្នុង​ខេត្ត​ប៉ៃលិន មានគុណ​ភាពល្អ​ជាង​មៀន​ប៉ៃលិន​នៅ​ខេត្ត​ដទៃ ទាំង​រូបរាង និង​រសជាតិ ដែល​ការលើកសរសើរ​នេះ គឺ​បានមកពី​ប្រជាជន​ចិន ដែល​ទិញ​បរិភោគ បន្ទាប់​មៀន​នេះ បាន​នាំចេញ​ជា​បន្តបន្ទាប់​កាលពីដើម​ខែតុលា​កន្លង​ទៅ​។​


​លោក ចំរើន​បាន​បន្ថែមថា​ក្រុមហ៊ុន​បាន​បន្ត​លើក​ទឹក​ដល់​ម្ចាស់​ចម្ការ​ទាំងអស់ ខិតខំ​ប្រឹងប្រែង ដាំ​មៀន​ប៉ៃលិន​ឲ្យ​បានល្អ ធ្វើយ៉ាងណា​គោរព​ទៅតាម​លក្ខខណ្ឌ​ភូតគាម​អនាម័យ ដែល​អគ្គ​រដ្ឋបាល​គយ​ចិន​បានកំណត់ ទើប​ការនាំចេញ​មិនមាន​បញ្ហា និង​ទទួលបាន​ការបញ្ជាទិញ​កាន់តែច្រើន​។​

​លោក​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖«​ក្រុមហ៊ុន​បាន​ប្រមូល​ទិញ​មៀន​ប៉ៃលិន​ជា​រៀងរាល់ថ្ងៃ​ពី​ម្ចាស់​ចម្ការ ដែល​មិន​ត្រឹមតែ​ក្នុង​ខេត្ត​ប៉ៃលិន​នោះ រួមទាំង​ខេត្តបាត់ដំបង បន្ទាយមានជ័យ​ជាដើម​។ ក្រុមហ៊ុន​ចិន​មើល​ឃើញថា មៀន​ប៉ៃលិន ដែល​ដាំ​ដុះ​ក្នុង​ខេត្ត​ប៉ៃលិន ដាំ​ដុះ​បាន​ស្អាត​ល្អ​ជាងគេ ធ្វើ​ឲ្យ​ខាង​ប្រទេស​ចិន​គេ​ពេញចិត្ត​ណាស់​»​។​


​តែ​យ៉ាងណាមិញ បច្ចុប្បន្ន អ្នក​ដាំ​ដុះ​មៀន​ប៉ៃលិន កំពុង​ជួប​បញ្ហា​ប្រឈម​នឹង​ការខ្វះខាត​ទឹក ក្នុងការ​ស្រោចស្រព​ដំណាំ ដែល​ការនាំ​ឲ្យ​ទិន្នផល​មៀន​ធ្លាក់​ខ្លះ​ដែរ​។​

​ទន្ទឹមនឹងនេះ ប្រធាន​សមាគម​មៀន​ប៉ៃលិន លោក សួស ស៊ី​យ៉ា​ត បាន​ប្រាប់​ឱ្យដឹងថា ការដាំដុះ​មៀន​ប៉ៃលិន កំពុងតែ​ជួប​បញ្ហា​ប្រឈម​ខ្លះ​ទាក់ទង​នឹង​កង្វះខាត​ប្រព័ន្ធធារាសាស្ត្រ ស្រោច ស្រព និង​មាន​កសិករ​មួយ​ចំនួន​ធំ មិនទាន់​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួង​កសិកម្ម ឱ្យ​អនុវត្ត​ការដាំដុះ​តាម ​GAP នៅឡើយ​។​

​លោក​បាន​គូសបញ្ជាក់ថា​៖«​យើង​មានការ​ព្រួយបារម្ភ​ខ្លះ​ដែរ ព្រោះ​មកទល់នឹង​បច្ចុប្បន្ននេះ កសិករ​ដាំ​ដុះ​មៀន​ប៉ៃលិន មិនទាន់បាន​ទៅ​ចុះបញ្ជី ដើម្បី​រៀនសូត្រ​ពី​ការអនុវត្ត​កសិកម្ម​ល្អ​បាន​ច្រើន​នៅឡើយ​ទេ​។​ម្យ៉ាងវិញទៀត បញ្ហា​ទឹក​ក៏​អាចធ្វើ​ឲ្យ​គុណភាព​ផ្លែ​មៀន​អន់ថយ​បានដែរ ដែល​បញ្ហា​នេះ យើង​កំពុង​ពិភាក្សា​ជាមួយ​មន្ទីរ​កសិកម្ម​»​។​

​បើតាម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​មាន​ក្រុមហ៊ុន​ចំនួន ៧ និង​កសិដ្ឋាន​ចំនួន​៦៤ ដែល​ទទួលបាន​ការអនុញ្ញាត ក្នុងការ​នាំចេញ​ផ្លែ​មៀន​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន នា​រដូវ​ប្រមូល​ផល កាលពី​ខែ​ដើមខែ​តុលា ឆ្នាំ​២០២២​កន្លងទៅ​។​

​បើតាម​តំណាង ក្រុមហ៊ុន​ឆាយ​ណា ជីន​វ័រ​យាន គិត​មកដល់ពេលនេះ ការនាំចេញ​ផ្លែ​មៀន​ស្រស់​តាមរយៈ​ក្រុមហ៊ុន​នេះ បាន​ចំនួន​ប្រមាណ​ជាង​២០០០​តោន​ហើយ ដោយ​ក្នុង​១​ថ្ងៃ​ក្រុមហ៊ុន​អាច​នាំចេញ​បាន​១​ទៅ​២​កុងតឺន័រ ដោយ​១​កុងតឺន័រ​ស្មើនឹង​ជិត​២៥​តោន​។​

​លោក ចំរើន អះអាងថា ក្រុមហ៊ុន​មិនមាន​ផែនការ​កំណត់​ទិញ​ផ្លែ​មៀន​ស្រស់​នៅក្នុង​ឆ្នាំ​២០២៣​នេះ​ទេ ដោយ​ក្រុមហ៊ុន​ប្រមូល​ទិញ​ពី​កសិករ ទៅតាម​ចំនួន​ដែល​កសិករ​ប្រមូល​ផល​បាន ដែល​មិនមាន​ការកំណត់​បរិមាណ​ឡើយ​។​

​ផ្លែ​មៀន​ស្រស់ បាន​ក្លាយជា​ផលិតផល​កសិផល​ទី​៣ របស់​កម្ពុជា​ដែល​អាច​នាំទៅ​លក់​នៅ​ទីផ្សារ​ចិន​ជា​ផ្លូវការ​កាលពីដើម​ខែតុលា ឆ្នាំ​២០២២ បន្ទាប់ពី​ផ្លែស្វាយ និង​ចេក ហើយ​កាលពី​ថ្ងៃទី​១២ ខែធ្នូ កន្លងទៅ​ថ្មីៗ​នេះ​មៀន​ប៉ៃលិន​របស់​កម្ពុជា ទើបតែ​បាន​សម្ពោធ​ដាក់លក់​លើ​ទីផ្សារ​អន​ឡាញ​របស់ Alibaba Group នៅ​ទីក្រុង​ហាន់​ចូ​វ ខេត្ត​ជឺ​ជាំ​ង ដែល​ការលក់​ជា​ផ្លូវការ​លើ​ទីផ្សារ​អន​ឡាញ Alibaba Group របស់​ចិន​នេះ ត្រូវបាន​សាទរ​យ៉ាងខ្លាំង​ពី​ភាគី​ចិន​និង​កម្ពុជា​។​

​យោងតាម​ទិន្នន័យ ពី​ក្រសួង​កសិកម្ម បានបង្ហាញ បច្ចុប្បន្ន​ការដាំ​មៀន​ប៉ៃលិន​កំពុង​កើនឡើង​គួរឱ្យ​កត់សម្គាល់​ដោយមាន​ផ្ទៃដី​ដាំ​ជាង ១៣ ៦០៨ ហិកតា​នៅ​ទូទាំងប្រទេស ហើយ​ភាគច្រើន​ដាំ​នៅ​ខេត្ត​បាត់ដំបង ប៉ៃលិន និង​បន្ទាយ​មានជ័យ​។

ក្នុងនោះ​ខេត្ត​ប៉ៃលិន មាន​ផ្ទៃដី​ដាំ​ដុះ​មៀន​ប្រមាណ​ជា​៥០០០​ហិកតា ខេត្ត​បាត់ដំបង មាន​ផ្ទៃដី​ដាំ​ដុះ​មៀន​មាន​ប្រមាណ ជិត​៧០០០​ហិកតា និង​បន្ទាយមានជ័យ​ជិត​២០០០​ហិកតា​។​មៀន​ប៉ៃលិន​នេះ​ផ្តល់​ផល​ជា​មធ្យម​ពី ៧៣០ តោន​ក្នុង ១ ហិកតា​អាស្រ័យ​លើ​ការថែទាំ​៕