ទិន្នន័យពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ការនាំចេញម្រេចទៅកាន់ប្រទេសទាំង២០នៅជុំវិញពិភពលោក ចាប់ពីខែមករា ដល់ខែវិច្ឆកា ឆ្នាំ២០២២ សម្រេចបានក្នុងបរិមាណ ៨ ៣០៣,៩២តោន ថយចុះជាង៧០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១ ដែល ម្រេចនាំចេញបានចំនួន ២៧ ៧៣០,០៧តោន។

ការនាំចេញម្រេចទៅកាន់ប្រទេសទាំង២០នោះ មានរួមបញ្ចូលទាំងម្រេចកំពត ដែលជាផលិតផលសម្គាល់ទីតាំងភូមិសាស្រ្ត (GI) និងម្រេចធម្មតាមិនមានសម្គាល់ទីតាំងភូមិសាស្រ្ត។


លោក ម៉ាក នី ប្រធានសហព័ន្ធម្រេច ការនាំចេញម្រេចនេះ គឺដោយសារកត្តាតម្លៃ បើប្រៀបធៀបឆ្នាំ២០២២ ទៅនឹងឆ្នាំ២០២១ ឃើញថា តម្លៃខុសគ្នាច្រើន និងកត្តាមួយទៀត ដោយសារតែសេដ្ឋកិច្ចពិភពលោកមិនទាន់មានភាពល្អប្រសើរនៅឡើយ ដែលធ្វើឱ្យចរាចរណ៍នៃការដើរកម្សាន្តរបស់ទេសចរក្នុងពិភពលោក ថយចុះ ហើយបើគ្មានភ្ញៀវទេសចរទេ ការបញ្ជាទិញគ្រឿងបរិភោគ ដូចជាម្រេចជាដើម ក៏ថយទៅតាមនោះដែរ ។

លោកបានបញ្ជាក់ថា៖«ជាធម្មតាទេ កសិករតែងតែរងផលប៉ះពាល់ហើយ នៅពេលការលក់ចេញថយចុះបែបនេះ គ្រាន់តែមិនច្រើនពេកនោះទេ ព្រោះថាកសិករដែលស្តុកម្រេចទុក ភាគច្រើនគាត់បានយល់ដឹងច្រើន ពីវិធីសាស្រ្តនៃការគ្រប់គ្រងចំណូលចំណាយ និងអាចដោះស្រាយបានបញ្ហាចំពោះមុខ។ចំណែកកសិករមួយចំនួនតូចប៉ុណ្ណោះ ដែលមានផលប៉ះពាល់ដោយសារបញ្ហាការបង្វិលថវិកា»។


លោក ម៉ាក នី បន្តថា ជាទូទៅកម្ពុជា អាចផលិតម្រេចធម្មតាបានក្នុងរង្វង់ ១,៧ ទៅ ២ ម៉ឺនតោន ក្នុងមួយឆ្នាំ និងមានផ្ទៃដីដាំម្រេចសរុបមានប្រមាណ ជិត៧០០០ហិកតា តែបច្ចុប្បន្ននេះបាន​​ថយ​ចុះប្រមាន១០ទៅ២០%។ លោកអះអាងថា ការដាំដុះម្រេចគឺភាគច្រើន សម្រាប់បំពេញតម្រូវការការនាំចេញប៉ុណ្ណោះ ដោយសារការប្រើប្រាស់ម្រេចក្នុងស្រុកមានតិចតួចប្រមាណ៥%ទៅ៧% ប៉ុណ្ណោះក្នុងមួយឆ្នាំ បើធៀបនឹងចំនួនម្រេចដែលផលិតបានសរុប។

លោក ងួន ឡាយ ប្រធានសមាគមម្រេចកំពត បានប្រាប់ឱ្យដឹងថា ការលក់ម្រេចកំពតនៅឆ្នាំនេះ មានការថយច្រើន ដោយចាប់តាំងពីដើមឆ្នាំ២០២២ រហូតមកដល់ពេលនេះ ខែវិច្ឆិកា ម្រេចកំពតលក់ចេញបានប្រមាណ តែជាង៨០តោនប៉ុណ្ណោះ ខណៈដែលក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុនលក់បានជាង១១៤តោនទៅហើយ។

លោកបានបន្ថែមថា ការបញ្ជាទិញពីក្រុមហ៊ុននៅឆ្នាំនេះ ហាក់មានភាពរអាក់រអួលច្រើន ដោយក្រុមហ៊ុនភាគច្រើនអះអាងថា ដោយសារការធ្លាក់នៃប្រាក់តម្លៃប្រាក់អឺរ៉ូ បើធៀបនឹងប្រាក់ដុល្លារ ខណៈក្រុមហ៊ុនប្រើប្រាស់ប្រាក់ដុល្លារដើម្បីទិញម្រេចពីសមាគម និងបញ្ហាមួយចំនួនទៀតដោយសារតែវិបត្តិសង្គ្រាមអ៊ុយក្រែន បន្តអូសបន្លាយថែមទៀត។

លោកបានបញ្ជាក់បន្ថែមថា៖«ក្រុមហ៊ុនលើកឡើងថា ព្រោះតែវិបត្តិសង្គ្រាមនៅអ៊ុយក្រែននេះ ពលរដ្ឋនៅសហគមន៍អឺរ៉ុប មិនសូវមានការចាប់អារម្មណ៍លើការហូបនោះទេទើបការបញ្ជាទិញថយចុះទៅតាមនោះដែរ ហើយរអាក់រអួលទៅតាមហ្នឹងដែរ»។

លោកបានឱ្យដឹងទៀតថា ការថយចុះនៃការនាំម្រេចកំពតចេញបែបនេះ បានធ្វើឱ្យកសិករខ្នាតតូច ដែលបានធ្វើកុងត្រាជាមួយក្រុមហ៊ុនធ្លាក់ចំណូលនៅឆ្នាំ២០២២ ដោយកសិករទើបតែទទួលប្រាក់៦០ភាគរយ ពីក្រុមហ៊ុន នៅ៤០ភាគរយមិនទាន់បាននៅឡើយ ព្រោះភាពរអាក់រអួលនៃការបញ្ជាទិញនេះ។

ប្រធានសមាគមម្រេចកំពតរូបនេះ យល់ថា បញ្ហានេះនឹងនៅតែបន្តអូសបន្លាយរហូតដល់ឆ្នាំ២០២៣នេះ បន្តទៀត ដោយហេតុថា ក្រុមហ៊ុនបញ្ជាទិញចាប់ផ្តើមស្នើបញ្ចុះតម្លៃម្រេចកំពតបណ្តើរៗ តែកសិករមិនទាន់យល់ព្រមនៅឡើយទេ ព្រោះបើសិន តម្លៃម្រេចត្រូវចុះជាងនេះទៀត នោះអាចនឹងមានអ្នកបោះបង់របរដាំម្រេចនេះចោល ដោយសារមិនចំណេញ។

លោកថា ជាទូទៅ រៀងរាល់ដើមឆ្នាំ តែងតែមានក្រុមហ៊ុនកក់ម្រេចខ្លះ តែដើមឆ្នាំ២០២៣នេះ សមាគមមិនទាន់មានទទួលបានការកក់ពីក្រុមហ៊ុននៅឡើយនោះទេ។

បើតាមប្រធានសមាគមម្រេចកំពត មាន៣១ក្រុមហ៊ុន ដែលជាសមាជិករបស់សមាគម ប៉ុន្តែមានក្រុមហ៊ុនតែ៦ក្រុមហ៊ុន ធំៗប៉ុណ្ណោះ ដែលបានធ្វើកុងត្រាបញ្ជាទិញពីកសិករ ក្រៅពីនេះមិនទាន់បាន​ធ្វើកុងត្រានៅឡើយទេ។ ចំពោះផ្ទៃដីដាំដុះម្រេច មានការថយចុះ ពី២៩០ហិកតា មកនៅត្រឹម២៤០ហិកតា ដោយសារកសិករខ្លះបានបោះបង់របរដាំម្រេចនេះចោល។

សូមជម្រាបថា ប្រទេសកម្ពុជា មានខេត្តចំនួន១៨ ដែលមានការដាំដុះម្រេច ហើយនៅក្នុងនោះខេត្ត ដែលសម្បូរការដាំដុះម្រេចច្រើន រួមមាននៅខេត្តមណ្ឌលគិរី រតនគិរី ត្បូងឃ្មុំ និងខេត្តកំពតជាដើម៕