ភ្នំពេញៈ កម្ពុជា​រកចំណូលបាន​ជាង ១១,៥​​ លាន​ដុល្លារ​ពី​ភ្ញៀវទេសចរ​អន្តរជាតិ​ជាង ២៨​ ម៉ឺន​នាក់​ដែល​ទិញ​សំបុត្រ​ចូល​ទស្សនា​ក្នុង​តំបន់​អង្គរ​កាលពី​ឆ្នាំ ​២០២២ ដែល​ចំនួន​នេះ​គឺ​កើន​ជាង ២ ០០០​ ភាគរយ​បើ​ធៀប​ទៅ​ឆ្នាំ​ ២០២១ ដោយសារតែ​ភាព​ធូរស្រាល​នៃ​ការរីក​រាល​ដាល​ជំងឺ​កូ​វីដ​ ១៩ ដែល​បាន​អនុញ្ញាតឱ្យ​ភ្ញៀវទេសចរ​អាច​ដើរ​កម្សាន្ត​បាន​ទូលំទូលាយ​ជាង​មុន​។​

​គ្រឹះស្ថាន​អង្គរ ជា​គ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ​ ២០១៦ ស្ថិតក្រោម​អាណា​ព្យា​បាល​បច្ចេកទេស​របស់​ក្រសួងទេសចរណ៍ និង​ក្រោម​អាណា​ព្យាបាល​ហិរញ្ញវត្ថុ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។


​សេចក្តីប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ ឱ្យដឹងថា ក្នុង​ឆ្នាំ ​២០២២ ភ្ញៀវទេសចរ​បរទេស​ដែល​ទិញ​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ មាន ២៨៧ ៤៥៤​នាក់ កើនឡើង ២ ១៣៣​ ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​។ ចំណែក​ប្រាក់​ទទួលបាន​ចំនួន ១១ ៥២៨ ១៥៨​ដុល្លារ កើន​ ២ ០៨២,៨៦​ ភាគរយ​។​

​ដោយឡែក​សម្រាប់​ខែធ្នូ ឆ្នាំ​ ២០២២ ភ្ញៀវ​ចូល​ទស្សនា​តំបន់​អង្គរ មាន ៦២ ២៦៣​ នាក់​កើន​ ១ ៧៣៩,៣៨​ ភាគរយ និង​បាន​ប្រាក់ ២ ៥១៥ ៣០៦​ ដុល្លារ កើន ​១ ៦៦៦,០៦ ​ដុល្លារ​។​


​បើ​យោងតាម​គ្រឹះស្ថាន​អង្គរ ក្រៅពី​រមណីយដ្ឋាន​អង្គរ គ្រឹះ​ស្ថាន​អង្គរ ក៏​រកចំណូលបាន​ប្រ​មាណ ២៥៥ ៧៥៨​ដុល្លារ​ផង​ដែរ​ពី​ការទិញ​សំបុត្រ​ចូល​ទស្ស​នា​ប្រាសាទ​កោះ​កេរ និង​កំពង់​ផែ​ចុង​ឃ្នៀ​ស​។​

​ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរ​អង្គរ លោក ខៀវ ធី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការ​គ្រប់គ្រង​ការឆ្លង​រាលដាល​កូ​វីដ ១៩ ដោយ​ប្រសិទ្ធភាព​បាន​ជួយ​ទាក់ទាញ​ភ្ញៀវទេសចរ​បរទេស​ឱ្យ​ចូលមក​កម្សាន្ត​កម្ពុជា​កាន់​​តែ​ច្រើន ដែល​សកម្មភាព​ទាំងនេះ​កំពុងផ្តល់​នូវ​ក្តីសង្ឃឹម​ជាថ្មី​ដល់​អ្នក​ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា បន្ទាប់ពី​ធ្លាក់ចុះ​ស្ទើរ​ដល់​សូន្យ​ក្នុង​រយៈពេល​ជិត ៣​ ឆ្នាំ​។ ចំនួន​ជើងហោះហើរ​អន្តរជាតិ​ចុះចត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្តសៀមរាប ក៏មាន​ចំនួន​កាន់តែច្រើន​ផងដែរ​។​

​លោក​ថ្លែងថា​៖ «​ភ្ញៀវទេសចរ​បរទេស​ដែល​មក​ទស្សនា​តំបន់​អង្គរ​បាន​កើន​ឡើងវិញ​គួរឱ្យ​កត់​សម្គាល់​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​។ ភ្ញៀវ​បរទេស​មាន​ចម្រុះ​ជាតិ​សាសន៍ ទាំងពី​ប្រទេសជិតខាង តំបន់​អាស៊ី អឺរ៉ុប និង​អាមេរិក ជាដើម​»​។​

​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោកស្រី ឆាយ ស៊ីវ​លីន បាន​និយាយថា ភ្ញៀវទេសចរ​បរទេស​ធ្វើដំណើរ​មក​កម្ពុជា​បាន​កើន​ឡើងជា​បន្ត​បន្ទាប់ ហើយ​កំណើន​នេះ​នឹង​កាន់តែ​ប្រសើរ​ថែមទៀត​ប្រសិនបើ​វិបត្តិ​ដែល​កំពុង​កើតមាន​ក្នុង​ពេលនេះ ​(​កូ​វីដ​ ១៩ សង្គ្រាម​រវាង​រុស្ស៊ី​អ៊ុយ​ក្រែ​ន​... និង​វិបត្តិ​សេដ្ឋកិច្ចពិភពលោក​) កាន់តែ​មាន​ភាព​ធូរស្រាល​។ ការ​ប្រ​កាស​បើកចំហ​របស់​កម្ពុជា​ក្នុងការ​ទទួលភ្ញៀវ​គ្រប់​ជាតិ​សាសន៍​ដោយ​មិន​រើសអើង ក៏​ជា​ចំណុច​ទាក់ទាញ​ដ៏​ខ្លាំង​ផងដែរ​។​

​លោកស្រី​ថ្លែងថា​៖ «​ប្រាកដ​ណាស់​ថា ក្នុង​ឆ្នាំ​ ២០២៣ នេះ​កម្ពុជា​នឹង​ទទួលបាន​នូវ​កំណើន​ភ្ញៀវទេសចរ​បរទេស​ច្រើនជាង​ឆ្នាំ ​២០២២ ខណៈ​សញ្ញា​នេះ​ត្រូវបាន​គេ​ឃើញ​មាន​តាំងពី​ចុងឆ្នាំ​ ២០២២ មក​»​។​

​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងទន្លេ​មេគង្គ ក្នុង​ខេត្តក្រចេះ កាលពី​ថ្ងៃទី ២ ខែមករា បានប្រកាសថា កម្ពុជា​នឹង​បើកទទួល​ភ្ញៀវ​បរទេស​ពី​គ្រប់​តំបន់​ដោយ​មិន​រើសអើង​។ លោក​បន្ថែមថា នេះ​ជា​ឱកាសល្អ​របស់​កម្ពុជា និង​ប្រទេស​ក្នុង​តំបន់​ក្នុងការ​ស្រូប​ទាញ​ភ្ញៀវ​ដ៏​ច្រើន​ពី​ប្រទេស​ចិន​។​

​លោក​បញ្ជាក់ថា​៖ «​ក្នុង​ប៉ុន្មាន​ថ្ងៃ​មកនេះ​យើង​បានឃើញ​ការឃោសនា​អ​កុស​ល្យ​ពី​បញ្ហា​ការឆ្លង​រាលដាល​កូ​វីដ​ ១៩ នៅក្នុង​ប្រទេស​ចិន ដែល​ជាការ​បំភ័យ ប៉ុន្តែ​អ្នក​ដែលមាន​ការតឹងតែង​ជាមួយ​ប្រទេស​ចិន ក៏​សូម​តឹង​តែង​ទៅ​ចុះ ព្រោះ​វា​នឹង​ផ្តល់​ផលចំណេញ​ឱ្យ​កម្ពុជា​។ ឧបមា​ថា​គេ​ចង់ទៅ​ប្រទេស​នោះ ប៉ុន្តែ​ប្រទេស​នោះគេ​មាន​លក្ខខណ្ឌ​តម្រូវឱ្យ​ប្រជាជន​ចិន​ត្រូវធ្វើ​នេះ ត្រូវធ្វើ​នោះ​ក្នុងពេល​កម្ពុជា​អត់​មាន​តម្រូវឱ្យ​ប្រជាជន​ចិន​ត្រូវធ្វើ​អ្វី​ទេ មក​ទេសចរណ៍​ធម្មតា ដូច្នេះ​អ្នកណា​ចង់​ធ្វើ​អី​ជា​សិទ្ធិ​របស់​ប្រទេស​នោះ ប៉ុន្តែ​កម្ពុជា គឺ​សូម​អញ្ជើញ​ប្រជាជន​ចិន អ្នកទេសចរ​ចិន​មក​កម្ពុជា​»​។​

​ទិន្នន័យ​ក្រសួងទេសចរណ៍ បង្ហាញថា ចាប់ពី​ខែមករា ដល់​ខែវិច្ឆិកា ឆ្នាំ​ ២០២២ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរ​ជាតិ​សរុប ១ ៩១៤ ០៥៥ ​នាក់ កើនឡើង ១ ០៧១,៦ ​ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ដែលមាន​ចំនួន ១៦៣ ៣៦៦​ នាក់​៕