ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម​បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​ពិគ្រោះ​យោបល់​លើ​ការចរចា​ជំពូក​ស្តីពី​ពាណិជ្ជកម្ម​សេវាកម្ម ក្រោម​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​កម្ពុជា​-​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ពាក់ព័ន្ធ​នឹង​ការបើក​ច្រក​ទីផ្សារ (Market Access) និង​ប្រព្រឹត្តិ​កម្ម​ជាតិ (National Treatment) ចំពោះ​វិស័យ​/​អនុវិស័យ​សំខាន់ៗ រួមមាន ពាណិជ្ជកម្ម វិនិយោគ កសិកម្ម សុខាភិបាល វិស្វកម្ម​សំណង់​ស៊ីវិល ទេសចរណ៍ ការដឹកជញ្ជូន និង​ការស្រាវជ្រាវ​ជាដើម​។​


នា​ព្រឹក​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០២៣ លោកស្រី តឹក​រ៉េត កំរង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​ជា​ប្រធាន​ក្រុមការងារ​ចរចា​បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​ពិគ្រោះ​យោបល់​ស្តីពី​ការពិនិត្យ​លើ​បញ្ជី​ផ្តល់​ទីផ្សារ​(Offer List) និង​បញ្ជី​សំណើ​(Request List) នៅក្នុង​ជំពូក​ស្តីពី​ពាណិជ្ជកម្ម​សេវាកម្ម ក្រោម​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​កម្ពុជា​-​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ដែលមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ មកពី​អន្តរក្រសួង​ពាក់ព័ន្ធ​សំខាន់ៗ​។​


លោកស្រី​បាន​ថ្លែងថា ការចរចា​កិច្ចព្រមព្រៀង​នេះ បាន​ប្រព្រឹត្តទៅ​ចំនួន​២​ជុំ​រួចមក​ហើយដោយ​ទទួលបាន​នូវ​លទ្ធផល​ល្អ​គួរឱ្យកត់សម្គាល់​ហើយ​ចំពោះ​ការវិភាគ​សម្រាប់​ការបើក​ច្រក​ទីផ្សារ​សេវា​វិញ ត្រូវ​ផ្អែក​ជា​មូលដ្ឋាន​លើ​កត្តា​មួយចំនួន រួមមាន​៖ សមត្ថភាព​ឧស្សាហកម្ម​ក្នុងស្រុក​ សក្តានុពល​នាពេល​បច្ចុប្បន្ន​និង​អនាគត​ តម្រូវការ​ចាំបាច់​ មិនមាន​ផលប៉ះពាល់​ដល់​ឧស្សាហកម្ម​ក្នុងស្រុក ឬ​ប៉ះពាល់​តិចតួច​បំផុត​បើ​ប្រៀបធៀប​នឹង​ការបើក​វិស័យ​/​អនុវិស័យ​ដ​ទៃ​។​ល​។

លោកស្រី​តឹក​រ៉េត កំរង បាន​បញ្ជាក់ថា​៖«​ការចរចា​ពាណិជ្ជកម្ម​សេវាកម្ម​មាន​សារៈសំខាន់ សម្រាប់​ឧ​ត្ត​ម​ប្រយោជន៍​សេដ្ឋកិច្ចជាតិ និង​សំណូមពរ​ឱ្យមាន​ការចូលរួម​ពី​គ្រប់​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​តាម​វិស័យ ក្នុង​កិច្ច​ពិគ្រោះ​យោបល់ នឹង​ផ្តល់​ធាតុ​ចូល​ក​ដូចជា​លើកឡើង​នូវ​បញ្ហា​ប្រឈម​សំខាន់ៗ ដើម្បីឱ្យ​ក្រុមមន្ត្រី​ចរចា​អន្តរក្រសួង​យល់ច្បាស់​ពី​តម្រូវការ ធានា​ការទទួលបាន​អត្ថប្រយោជន៍​ជា​អតិបរមា និង​កា​រព​ង្រឹ​ក​សមត្ថភាព​ឧស្សាហកម្ម​ក្នុងស្រុក សម្រាប់​ពាណិជ្ជករ ធុរជន និង​វិនិយោគិន​កម្ពុជា​»​។​

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​គូសបញ្ជាក់ថា តាម​ការបើក​ការចរចា​ជា​ផ្លូវការ​នៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ រវាង​កម្ពុជា​-​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​នេះ គឺ​ឈាន​ចូលដល់​ដំណាក់កាល​ទី​៣​ហើយ ដោយ​រំពឹងថា កិច្ចព្រមព្រៀង​នេះ នឹង​ជួយ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំង២បន្ថែមទៀត ខណៈ​បច្ចុប្បន្ន​ការដោះដូរ​ពាណិជ្ជកម្មរ​វាង​កម្ពុជា និង​អារ៉ាប់​រួម នៅមានកម្រិត​នៅឡើយ​។​

លោក​បាន​បន្ថែមថា កម្ពុជា​នឹងមាន​ឱកាស​អាច​នាំចូល​នូវ​ទំនិញ​មួយចំនួន​ពី​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ដូចជា​ប្រភេទ​តំណាប់​ផ្លែឈើ និង​ជាពិសេស​គឺ​ការ​នាំចូល​ប្រេង​តែម្តង លើសពីនេះ​កម្ពុជា​ក៏បាន​ទាក់ទាញ​ឲ្យ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម មក​ធ្វើការ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា ទាក់ទង​នឹង​ការកែច្នៃ​ក្នុង​វិស័យ​កសិកម្ម ក៏ដូចជា​វិស័យ​ផ្សេងៗ​ទៀត រួមទាំង​វិស័យ​ទេសចរណ៍​ផងដែរ​។​

លោក​បាន​បញ្ជាក់ថា​៖«​ការ​ដែលមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កាន់តែច្រើន ព្រោះថា នៅពេល​ខាងមុខ កម្ពុជា​នឹង​រួច​ផុតពី​ប្រទេស​ដែលមាន​ការអភិវឌ្ឍ​តិច ដែល​ធ្វើឱ្យ​ការអនុគ្រោះ​មួយចំនួន​ត្រូវបាន​បញ្ចប់​។​ដូចនេះ​កិច្ចព្រមព្រៀង​សេរី​ពាណិជ្ជកម្ម​ទាំងនោះ នឹង​ចូលខ្លួន​មក​ជំនួស ដែល​អាច​អនុញ្ញាតឱ្យ​យើង​អាច​នាំចេញ​បាន​ច្រើន​ទៅតាម​បណ្តា​ប្រទេស​ជា​ដៃគូ​ទាំងនោះ​»​។​

សូម​រំឭលថា កម្ពុជា​-​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ប្រកាស​បើក​ការចរចា​ជា​ផ្លូវការ​នៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ កម្ពុជា​-​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ដែល​ប្រព្រឹត្តទៅ​នៅ​រដ្ឋធានី​អា​ប៊ុ​យ​ដា​ប៊ី ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម កាលពី​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២២​។

កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ កម្ពុជា​-​អេ​មី​រ៉ា​ត​អារ៉ាប់​រួម មាន​តួនាទី​សំខាន់​ក្នុង​ការផ្ដល់​លទ្ធភាព​ឱ្យ​កម្ពុជា និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម អាចបំពេញ​បន្ថែម​នូវ​សក្តានុពល​សេដ្ឋកិច្ច​រវាង​គ្នា ដែល​នឹង​កា្ល​យ​ជា​កម្លាំងចលករ​ជំរុញ​កំណើន​រួម តាមរយៈ​ការជំរុញ​ខ្សែចង្វាក់​ផ្គត់ផ្គង់ ការសម្រួល​ដល់​លំហូរ​ពាណិជ្ជកម្ម និង​ការជំរុញ​ការវិនិយោគ​ទ្វេភាគី​ជាដើម​។ ជាមួយគ្នានេះ អេ​មី​រ៉ា​ត​អារ៉ាប់​រួម​អាចជា​មូលដ្ឋាន​របស់​កម្ពុ​ជាស​ម្រា​ប់​ការផ្គត់ផ្គង់​ទៅ​ទីផ្សារ​អារ៉ាប់ ហើយ​កម្ពុជា​អាចជា​មូលដ្ឋាន​របស់​អេ​មី​រ៉ា​ត​អារ៉ាប់​រួម សម្រាប់​តំបន់​អាស៊ាន​ទាំងមូល​ផងដែរ​៕