ភ្នំពេញៈ ក្រុម​ពាណិជ្ជករ​ខ្មែររំពឹងថា សេដ្ឋកិច្ចកម្ពុជា​ឆ្នាំនេះ អាច​នឹង​ល្អប្រសើរ បន្ទាប់ពី​ប្រទេស​ចិន​បើក​ព្រំដែន​ឡើងវិញ ដែល​ការរំពឹង​នេះ កើតមានឡើង​បន្ទាប់ពី​មាន​ព័ត៌មាន​ថា ចិន​សម្រេច​បើក​ព្រំដែន​ឡើងវិញ​ចាប់ពី​ថ្ងៃទី​ ​៨ ខែមករា​។

​ក្រុម​ពាណិជ្ជករ​ខ្មែរ​ដែល​ធ្លាប់​រកស៊ី​ជាមួយ​ចិន​បាន​អះអាងថា ការវិនិយោគ​នានា​នៅ​កម្ពុជា​បាន​ថយចុះ​ដោយសារតែ​អ​វត្ត​មាននៃ​អ្នកវិនិយោគ​ជនជាតិ​​ចិន និង​ថា ការដែល​ប្រទេស​ចិន​សម្រេច​បើក​ប្រទេស​ឡើងវិញ​នេះ គឺជា​ឱកាសល្អ​មួយ ដែល​អាច​ជំរុញ​ឱ្យ​សេដ្ឋកិច្ច​នៅ​កម្ពុជា​អាចមាន​ភាពល្អ​ប្រសើរឡើង​វិញ ទាំង​វិស័យ​សំណង់ អចលនទ្រព្យ និង​វិស័យ​ទេស​ចរណ៍​។​


​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក​លឹម ហេង បានឱ្យដឹងថា កន្លងមក​ចិន​មាន​ចំណែក​នៅក្នុង​កំណើន​សេដ្ឋ​កិច្ច​កម្ពុ​ជាច្រើន តាមរយៈ​ទេស​​ចរ ការវិនិយោគ និង​ការធ្វើ​ពា​ណិ​ជ្ជ​កម្ម​នានា ម្លោះ​ហើយ​វា​ជា​រឿង​មួយ​គួរឱ្យ​ត្រេកអរ នៅពេលដែល​ចិន​បើក​ប្រទេស​ឡើងវិញ​បែបនេះ​។​

​លោក​លឹម ហេង សង្កត់ធ្ងន់ថា​៖ «​ដូច​យើង​ដឹង​ស្រាប់ កម្ពុជា​យើង​មាន​កិច្ចព្រមព្រៀង​ពា​ណិ​ជ្ជ​កម្ម​សេរី ទ្វេភាគី​ជាមួយ​ចិន តែដោយសារ​បញ្ហា​កូ​វីដ យើង​មិនទាន់បាន​នាំ​ផលិតផល​ទៅ​ចិន​ពេញលេញ​នៅឡើយ​ទេ ដូច្នេះហើយ​ខ្ញុំ​យល់ថា ឆ្នាំនេះ​យើង​អាច​នាំចេញ​ដោយ​ទូលាយ​ជាង​ឆ្នាំមុនៗ​»​។​


​អ្នកជំនួញ រូបនេះ​បន្តទៀតថា​៖ «​ការវិនិយោគ​លើ​វិស័យ​ផ្សេងៗ​ដូចជា ការកសាង​ព្រលាន​យន្ដ​ហោះ សម្ភារ​បរិក្ខារ​សំណង់ ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​គឺ​ច្រើនតែ​មកពី​ប្រទេស​ចិន ដូច្នេះ​រាល់​ការបិទ​ខ្ទប់​ផ្សេងៗ ចង់​មិន​ចង់​គឺ​បាន​ប៉ះពាល់​ដល់​កម្ពុជា​ដែរ​»​។​

​កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​​ចិន​រហូតដល់​ ២ ​លាន​នាក់​កាល​ពី​ឆ្នាំ ​២០១៩ គឺ​នៅ​មុនពេល​ផ្ទុះ​ជំងឺ​កូ​វីដ​ ១៩​។ លោកនាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ធ្លាប់​បង្ហាញ​ក្ដី​រំពឹងថា នឹង​អាច​ទទួលបាន​ភ្ញៀវទេសចរ​ចិន​យ៉ាងហោចណាស់​ ២ ​លាន​នាក់ នៅពេលដែល​រដ្ឋាភិបាល​ចិន បើក​ប្រទេស​ឡើងវិញ​នៅ​ឆ្នាំ​ ២០២៣​ នេះ​។​

​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោកស្រី ឆាយ ស៊ីវ​លីន បានឱ្យដឹងថា អ្នកបម្រើ​ការ​លើ​វិស័យ​ទេសចរណ៍​ទាំងមូល​មានការ​សប្បាយចិត្ត​នៅពេល​ទទួលដំណឹង​ថា ភ្ញៀវទេសចរ​ចិន​នឹង​អាច​ត្រឡប់មក​កម្ពុជា​វិញ​ក្នុងពេល​ឆាប់ៗ​នេះ​។​

​លោកស្រី​បាន​បន្ថែមថា​៖ «​សប្បាយចិត្ត​ក៏ដោយ​សារ​ថា កន្លងមក អ្នកទេសចរ​ចិន​គឺជា​ទីផ្សារ​ដ៏​ធំ​មួយ​សម្រាប់​កម្ពុជា បើ​ធៀប​ទៅនឹង​អ្នកទេសចរ​អន្តរ​​ជាតិ​ផ្សេងៗ​ទៀត​។ ម្យ៉ាងទៀត អ្នកទេសចរ​ចិន​គឺជា​ប្រភេទ​ទេសចរ​ដែល​ចាយប្រាក់​ច្រើន ដែល​ផ្ដល់​ផលចំណេញ​ដល់​សេវាករ​ទេសចរណ៍​»​។​

​លោកស្រី​បន្តថា​៖ «​នៅពេល​ខាងមុខនេះ​ទៀតសោត​ពិធីបុណ្យ​ប្រពៃណី​ចិន​នឹង​ចូល​មកដល់ ហើយ​បើតាម​ទម្លាប់ ពេល​សែន​រួច ជន​ជាតិចិន​នឹងធ្វើ​ដំណើរ​ទៅ​កម្សាន្ដ​ទៅតាម​ប្រទេស​នានា​លើ​ពិភពលោក ហើយ​ក្នុងនោះ​ច្បាស់​ជាមាន​មក​កម្ពុជា​ដែរ​»​។​

​យោងតាម​ការ​ព្យាករ​របស់​អង្គការ​ទេសចរណ៍​ពិភពលោក (UNWTO) បាន​វាយតម្លៃថា កាលពី​មុនពេល​មាន​ជំងឺ​កូ​វីដ ១៩ ប្រទេស​ចិន គឺជា​ប្រភព​ទីផ្សារ​ទេសចរណ៍​ដ៏​ធំជាងគេ នៅលើ​ពិភពលោក ដោយ ភ្ញៀវទេសចរ​ចិន បាន​ចេញទៅ​កម្សាន្ត​នៅក្រៅ​ប្រទេស​រហូតដល់​ជាង​ ២០០​ លាន​នាក់ ខណៈ​កម្ពុ​ជាមាន​គោលដៅ​ទាក់ទាញ​ឱ្យបាន​ ២​ លាន​នាក់​។

​កាលពី​ឆ្នាំ​ ២០២០ រដ្ឋាភិបាល​ចិន​ប្រកាស​មិនឱ្យ​ភ្ញៀវទេសចរ​ចេញចូល​ប្រទេស​របស់ខ្លួន តាមរយៈ​គោ​លន​យោ​បាយ Zero Covid-19 ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​ដ៏​កាច​សាហាវ​នេះ​នៅក្នុង​ប្រទេស និង​ដើម្បី​ការពារ​សុខុមាលភាព​ប្រជាជន​របស់ខ្លួន ហើយ​ដែល​ទើបនឹង​ប្រកាស​ឱ្យ​បិទ​បញ្ចប់​ការ​​តម្រូវឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​សម្រាប់​អ្នកដំណើរ​ចូលមកក្នុង​ប្រទេស​កាល​ពីថ្ងៃ​ទី​ ៨ ខែមករា ឆ្នាំ ២០២៣៕