ប្រធាន​មូលនិធិ​រូបិយវត្ថុ​អន្តរ​ជាតិ (IMF) លោកស្រី Kristalina Georgieva លើកឡើងថា ស្ថាប័ន​ផ្ដល់ប្រាក់​កម្ចី​ដ៏​ធំ​មួយ​នេះ​មិន​រំពឹងថា នឹង​បន្ទាប​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​ពិភព​លោក​របស់ខ្លួន នៅ​អត្រា ២,៧​ ភាគរយ​សម្រាប់​ឆ្នាំ​ ២០២៣ ​នោះទេ ដោយ​លោកស្រី​កត់សម្គាល់​ពី​ការធ្លាក់ចុះ​មកវិញ​នៃ​តម្លៃ​ប្រេង និង​ទីផ្សារការងារ​រឹងមាំ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ​។​

​ទោះបីជា​បែបនេះ​ក៏ដោយ​លោក​ស្រី Georgieva បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌​មាននៅ​ទីស្នាក់ការ​កណ្តាល​របស់ IMF នៅ​ក្រុង​វ៉ាស៊ីនតោន កាលពី​ថ្ងៃ​សុក្រ​ថា ឆ្នាំ​២០២៣ នឹង​នៅតែ​ជា​ឆ្នាំ​ដ៏​លំបាក​មួយទៀត សម្រាប់​សេដ្ឋកិច្ចពិភពលោក​ខណៈ​អតិផរណា​នៅតែ​ស្ថិតក្នុង​អត្រា​ខ្ពស់​។ យ៉ាងណាមិញ​លោកស្រី​មិន​រំពឹងថា វា​នឹង​ក្លាយជា​ឆ្នាំ​នៃ​ការធ្លាក់ចុះ​ជា​បន្តបន្ទាប់ ដូច​អ្វីដែល​កើតមាន​ក្នុង​ឆ្នាំ​ ២០២២ នោះទេ​។


​លោកស្រី Georgieva បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​កំណើនសេដ្ឋកិច្ច នៅតែ​បន្ត​ថយចុះ​នៅ​ឆ្នាំ​ ២០២៣​។ រូបភាព​វិជ្ជមាន​ជាង​នេះ នោះ​គឺ ភាព​មាំ​ផ្នែក​ទីផ្សារការងារ​។ ឱ្យតែ​មនុស្ស​មានការ​ងា​រ​ធ្វើ ទោះ​តម្លៃ​ខ្ពស់​ក៏​មនុស្ស​ចំណាយ​ហើយ​វា​ជួយ​ដល់​ដំណើរ​ការ​របស់​សេដ្ឋកិច្ច​»​។​

​ប្រធាន IMF ដដែល​ថា IMF មិន​រំពឹងថា នឹងមាន​ការធ្លាក់ចុះ​គួរឱ្យកត់សម្គាល់​ណាមួយ​ឡើយ ហើយ​នោះ គឺជា​ដំណឹង​ល្អ​។​យ៉ាងណាមិញ​លោកស្រី​ថា ការថយចុះ​នៃ​កំណើនសេដ្ឋកិច្ច​ពិភពលោក​ធ្លាក់ចុះ​ដល់​កម្រិត​ទាប ប៉ុន្តែ​ឡើងទៅ​វិញ​នៅ​ចុងឆ្នាំ​ ២០២៣ និង​ឈានចូល​ឆ្នាំ​ ២០២៤​។


​លោកស្រី Georgieva ក៏បាន​លើកឡើង​ផងដែរ​ថា មាន​ក្តី​សង្ឃឹម​ជាច្រើន​ថា ចិន​ដែល​ធ្លាប់​រួមចំណែក​ប្រហែល ៣៥-៤៥​ ភាគរយ​នៃ​កំណើនសេដ្ឋកិច្ច​ពិភពលោក នឹង​រួមចំណែក​ជាថ្មី​ម្តងទៀត​លើ​កំណើន​នេះ ចាប់ពី​ពាក់កណ្តាល ឆ្នាំ ២០២៣ ទៅ​។​

​ប៉ុន្តែ​លោកស្រី​បន្តថា លទ្ធផល​បែប​នោះ​កើតឡើង​លុះត្រាតែ​ទីក្រុង​ប៉េកាំង​មិន​ផ្លាស់ប្តូរ​ទិសដៅ​ដោយ​នៅតែ​បន្ត​បោះបង់ចោល​នូវ​គោល​នយោបាយ​សូន្យ​កូ​វីដ​ដ៏​តឹងរ៉ឹង ដែល​ខ្លួន​ទម្លាក់ចោល កាលពីដើម​ខែធ្នូ​។ បន្ថែម​ពីលើ​នេះ​លោកស្រី Georgieva បាន​គូសបញ្ជាក់ថា សហរដ្ឋអាមេរិក ដែលជា​ប្រទេស​មាន​សេដ្ឋកិច្ច​ដ៏​ធំ​បំផុត​របស់​ពិភពលោក នឹង​ទទួលរង​នូវ​វិបត្តិ​សេដ្ឋកិច្ច​ធន់​ស្រាល​។​

​ទោះបីជា​យ៉ាងនេះ​ក៏ដោយ លោកស្រី Georgieva បានលើកឡើង​ផងដែរ​ថា ភាពមិនប្រាកដប្រជា​ដ៏​សំខាន់ៗ នៅតែ​បន្ត​កើនឡើង ដោយ​រួមមាន​ទាំង​ព្រឹត្តិការណ៍​ធំៗ ដូចជា​បញ្ហា​អា​កាស​ធាតុ ការវាយប្រហារ​តាម​អ៊ី​ន​ធឺ​ណិ​ត ឬ​ការកើនឡើង​កាន់​តែ​ខ្លាំង​នៃ​ភាព​តានតឹង​សង្គ្រាម​ឈ្លានពាន​អ៊ុយ​ក្រែ​ន​របស់​រុស្ស៊ី ឧទាហរណ៍ តាមរយៈ​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រ​ជាដើម​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោកស្រីបានលើកឡើង​ពី​ការព្រួយបារម្ភ​អំពី​ភាពចលាចល​សង្គម ដែល​កំពុង​កើនឡើង​នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល ប៉េ​រូ និង​ប្រទេស​ដទៃទៀត ហើយ​បន្ថែម​ផងដែរ​ថា ផលប៉ះពាល់​នៃ​ការ​រឹតបន្តឹង​នយោបាយ​ហិរញ្ញ​វត្ថុ​នៅតែ​មិន​ច្បាស់លាស់​។​

​គួរ​គូសបញ្ជាក់​ផងដែរ​ថា​ ប៉ុន្មាន​ថ្ងៃមុន​ការលើកឡើង​របស់លោក​ស្រី Georgieva ធនាគារ​ពិភព​លោក បាន​ព្រមាន​ថា ពិភពលោក​អាច​នឹង​ធ្លាក់​ទៅក្នុង​វិបត្តិ​សេដ្ឋកិច្ច នៅ​ឆ្នាំ​ ២០២៣ ដោយសារតែ​ការដំឡើង​អត្រា​ការប្រាក់​ខ្ពស់​របស់​ធនាគារកណ្តាល ដើម្បី​ទប់​ទល់នឹង​អតិផរណា ការបន្ត​អូស​បន្លាយ​នៃ​សង្គ្រាម នៅ​អ៊ុយ​ក្រែ​ន និង​ការថយចុះ​របស់​ប្រទេស​មាន​សេដ្ឋកិច្ច​ធំៗ​ជាដើម​។ ធនាគារ​បាន​បន្ទាប​ការ​ព្យាករ​កំណើន​សេដ្ឋកិច្ចពិភពលោក​សម្រាប់​ឆ្នាំ​ ២០២៣ របស់ខ្លួន​ពី ៣,០​ ភាគរយ​កាលពី​លើក​មុន​មក​ត្រឹម ១,៧​ ភាគរយ នៅ​លើក​នេះ​៕