ភ្នំពេញៈ កម្ពុជា​ប្រមូលប្រាក់​បាន​ជិត ៥៣២​ ​លាន​ដុល្លារ​ពី​ការនាំចេញ​ជ័រកៅស៊ូ និង​ឈើ​កៅស៊ូ ទៅកាន់​ទីផ្សារ​អន្តរជាតិ​នៅ​ឆ្នាំ ​២០២២ ថយ​ជាង​ ១២ ​ភាគរយ​បើ​ធៀប​ឆ្នាំ​ ២០២១​។ នេះ​បើតាម​ទិន្នន័យ​អគ្គនាយក​​ដ្ឋា​ន​កៅស៊ូ នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

​ទិន្នន័យ​បានបង្ហាញ​ថា ចាប់​​ពី​ខែមករា​ដល់​ដំណាច់​ខែធ្នូ ឆ្នាំ​ ២០២២ ការនាំចេញ​ជ័រកៅស៊ូ និង​ឈើ​កៅស៊ូ ទៅ​ក្រៅប្រទេស​មានទឹក​ប្រា​ក់ស​រុ​ប ៥៣១,៨៦៣​ លាន​ដុល្លារ ធ្លាក់ចុះ ១២,៨៤៥​ ភាគរយ​ធៀប​ឆ្នាំ​ ២០២១ ដែលមាន ៦១០,២៨៨​ លាន​ដុល្លារ​។​


​ផ្អែកលើ​ទិន្ន័យ​ខាងលើ ការនាំចេញ​ជ័រកៅស៊ូ សម្រេចបាន ៣៧២ ៩០០ តោន កើនឡើង ៦ ៦០០​ តោន ស្មើនឹង ២ ​ភាគ​រយ​បើ​ធៀប​នឹង​ឆ្នាំ ​២០២១ និង​ការលក់​ឈើ​កៅស៊ូ សម្រេចបាន​ចំនួន ២៦ ៤៨៩ ​ម៉ែត្រគុប​ក្នុង​ឆ្នាំ​ ២០២២​។ ចំណែក​ប្រាក់​ទទួលបាន គឺ​ចំណូល​ពី​ការនាំចេញ​ជ័រកៅស៊ូ ៥២៧ ៧៧៤ ៥៦៩​ ដុល្លារ និង​ឈើ​កៅស៊ូ​ចំនួន ៤ ០៨៩ ២៧៣​ ដុល្លារ​។​

​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ លោក ហ៊ឹម អូន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី​ ១៥ ខែមករា ថា ទោះបី​បរិមាណ​នាំចេញ​ជ័រកៅស៊ូ និង​ឈើ​កៅស៊ូ ក្នុង​ឆ្នាំ​ ២០២២ កើនឡើង​បន្តិចបន្តួច​ធៀប​នឹង​ឆ្នាំ​ ២០២១ ប៉ុន្តែ​សម្រាប់​ចំនួន​ទឹកប្រាក់​ទទួលបាន​គឺ​ថយចុះ​ជាង ១០ ​ភាគរយ​។ មូលហេតុ​នាំឱ្យ​ទឹកប្រាក់​នាំចេញ​ធ្លាក់​ចុះ គឺ​ដោយសារ​ការធ្លាក់ចុះ​តម្លៃ​កៅស៊ូ​នៅ​ទីផ្សារ​អន្តរជាតិ​។ លោក​បន្តទៀតថា បច្ចុប្បន្ន​ផលិតផល​ពី​កៅស៊ូ​ស្ទើរ​ទាំងស្រុង គឺ​ត្រូវបាន​នាំទៅ​ទីផ្សារ​អន្តរជាតិ​។​


​សម្រាប់​តម្លៃ​កៅស៊ូ ក្នុង​ឆ្នាំ​ ២០២៣ នេះ លោក ហ៊ឹម អូន ប្រាប់ថា​៖ «​ដោយ​​សារ​ស្ថានភាព​សេដ្ឋកិច្ចពិភពលោក​នៅ​មិនទាន់​ល្អ ជាពិសេស​វិបត្តិ​សង្គ្រាម​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន ដូច្នេះ​តម្លៃ​ជ័រកៅស៊ូ ក្នុង​ឆ្នាំ​ ២០២៣ នេះ អាច​នឹងមាន​ស្ថាន​ភាព​ប្រហាក់ប្រហែល​ឆ្នាំ​ ២០២២»​។​

ចម្ការកៅស៊ូនៅខេត្តកំពង់ចាម។ហុង មិនា

​បើ​យោងតាម​អគ្គនាយកដ្ឋាន​កៅស៊ូ តម្លៃ​ជ័រកៅស៊ូ ជា​មធ្យម​ក្នុង​ឆ្នាំ​ ២០២២ គឺ ១ ៤១៥ ​ដុល្លារ​ក្នុង​ ១ ​តោន ថយចុះ ២២៥ ​ដុល្លារ ស្មើនឹង ១៤​ ភាគរយ​បើ​ធៀប​ឆ្នាំ​ ២០២១ ចំណែក​ឈើ​កៅស៊ូ មានតម្លៃ​មធ្យម​ក្នុង​ខែធ្នូ គឺ​ ១៥០​ ដុល្លារ​ក្នុង​ ១ ​ម៉ែត្រគុប​។ សម្រាប់​តម្លៃ​លក់​ជ័រកៅស៊ូ​គ្រួសារ (​ចម្ការ​ផ្ទាល់​)​ ក្នុង​ខែធ្នូ គឺ ទឹក​ជ័រ ​(DRC ១០០​ ភាគរយ​)​មានតម្លៃ​ចន្លោះ ៤ ៣២៥៤ ៩២៥​ រៀល​ក្នុង​ ១​ គីឡូក្រាម និង​ជ័រ​កក (DRC ៥០​ភាគ​-រយ​) តម្លៃ ១ ៩៧៥-២ ៥០០​រៀល​។​

​ម្ចាស់​ចម្ការកៅស៊ូ​ទំហំ​ ១០ ​ហិកតា​នៅក្នុង​ស្រុក​ស្នួល ខេត្តក្រចេះ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១៤ ខែមករា ថា តម្លៃ​កៅស៊ូ​បាន​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​នា​រយៈពេល​ ៣-៤​ ឆ្នាំ​មកហើយ ដោយ​នៅពេលនេះ​ឈ្មួញ​នៅ​តំបន់​លោក​រស់នៅ ប្រមូល​ទិញ​ក្នុងតម្លៃ​ជា​មធ្យម ១ ៦០០ រៀល​ក្នុង​ ១​ គីឡូក្រាម ​(​កៅស៊ូ​បង្កក​)​។ តម្លៃ​នេះ កើន​ពី ១ ៣០០​រៀល​កាលពី​ ២-៣ ​ខែ​មុន​។ ទោះយ៉ាងណា តម្លៃ​ពេលនេះ គឺ​ទាប​ជាង​ឆ្នាំមុន​ដែល​អាច​លក់បាន​ចន្លោះ​ពី ២ ២០០-២ ៣០០ ​រៀល​។​

​លោក​បន្ថែមថា តម្លៃ​ជ័រកៅស៊ូ​ទាប គឺ​ដោយសារតែ​ផល​ប្រមូលបាន គឺមាន​តែ​នាំ​ចេញទៅ​វៀតណាម​ប៉ុណ្ណោះ ដែល​ធ្វើឱ្យ​កសិករ​គ្មាន​ជម្រើស​។​

​លោក​និយាយថា​៖ «​ខ្ញុំ​ឮ​គេ​និយាយថា មាន​រោងចក្រ​ផលិត​កង់ឡាន​នៅ​កម្ពុជា ប៉ុន្តែ​ជាក់​សែ្ដ​ង​ផល​កៅស៊ូ​គឺ​នៅតែ​នាំ​ចេញទៅ​វៀតណាម​ទាំងអស់​»​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង ថ្មីៗ​នេះ​បាន​និយាយថា បញ្ហា​ទីផ្សារ និង​តម្លៃ បានធ្វើឱ្យ​ការ​ដាំ​ដុះ​ដំណាំ​កៅស៊ូ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​មិនមាន​វឌ្ឍនភាព​អ្វី​គួរឱ្យកត់សម្គាល់​ទេ​។

ទោះយ៉ាងណា កំណើន​នៃ​ការបើក​ដំណើរការ​រោងចក្រ​ផលិត​កៅស៊ូកង់​រថយន្ត និង​ដំឡើង​រថ​​យន្ត​នៅ​កម្ពុជា​នាពេល​ថ្មីៗ​នេះ​នឹង​អាចជួយ​ឱ្យ​ការដាំដុះ និង​ទីផ្សារ​កៅស៊ូ មាន​ភាពល្អ​ប្រសើរឡើង​វិញ​៕