មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ ​(IMF) បាន​​ព្រមាន​ក្នុង​របាយការណ៍​ថ្មី​មួយ​ថា​ ការមិនធ្វើ​សមាហរណ​កម្មជា​មួយ​គ្នានៃ​សេដ្ឋកិច្ច​ពិភព​លោកអាច​កាត់​បន្ថយ​ទិន្នផល​សេដ្ឋកិច្ច​ពិភព​លោក​ដល់​ទៅ​ ៧ ​ភាគរយ​។​ ប៉ុន្តែ​ផលប៉ះពាល់នាំ​នឹង​អាច​កើន​ដល់​ ៨-១២​ ភាគរយ​ សម្រាប់​ប្រទេស​មួយ​ចំនួន​ប្រសិន​បើ​ប្រទេសនីមួយៗ​ប្រកាន់​បក្ខពួក​លើ​វិស័យ​បច្ចេកវិទ្យា​ទៀតនោះ​។

សព្វថ្ងៃនេះ​ប្រទេស​លើ​ពិភពលោក​មាន​ទំនោរ​គាំទ្រ​លើ​មហា​អំណាច​ផ្សេងៗគ្នា។​​ ប្រទេស​ជាច្រើន​គាំទ្រ​អាមេរិក​ដើរ​តាម​អាមេរិក​និង​ចូលរួម​សម្ព័ន្ធ​ភាព​សេដ្ឋកិច្ច​នយោបាយ​ជា​មួយ​អាមេរិក។​ប្រទេសកាន់​របប​ប្រជាធិបតេយ្យ​នៅ​តំបន់អ៊ឺរ៉ុប​មាន​និន្នាកា​អ៊ឺរ៉ុប​ក្រោម​ឆត្រ​សហគមន៍​អ៊ឺរ៉ុប​។ ប្រទេស​មួយចំនួន​ផ្សេងទៀត​ដែលស្ថិត​នៅក្រោម​ឥទ្ធិ​រុស្ស៊ីគាំ​ទ្រ​រុស្ស៊ី​និង​មាន​ទំនាក់ទំនង​ល្អផ្នែក​សេដ្ឋកិច្ច​នយោបាយ​ជា​មួយរុស្ស៊ី ។​ ចំណែក​ប្រទេស​មួយចំនួន​ទៀត​គាំទ្រន​យោបាយចិន​នៅរកស៊ីជា​មួយចិន​។ ទោះ​យ៉ាងណា​ប្រទេស​ឬ​តំបន់​ទាំងអស់​ មិនបាន​ផ្ដាច់​ទំនាក់ទំនង​គ្នាទាំង​ស្រុងដូច​សម័យ​សង្គ្រាម​ត្រជាក់​ឡើយ ​វៀរលែង​តែទំនាក់​ទំនង​ជាមួ​យប្រទេស​កូរ៉េខាង​ជើង​ដែល​ស្ថិតក្រោម​ទណ្ឌកម្ម​របស់ UN​។


IMF ​ថា​ សូម្បី​តែ​ការ​ទំហំ​នៃ​ការមិនធ្វើ​សមាហរណកម្ម​ជា​មួយគ្នា ​តូចមួយ​ ក៏​អាច​កាត់​បន្ថយ​ផលិត​ផល​ក្នុង​សរុប (GDP)​ របស់​សកល​ចំនួន​ ០,២​ភាគរយ​ផង​ដែរ​។​ របាយ​ការណ៍​របស់​ស្ថាប័ន​ហិរញ្ញវត្ថុ​ដ៏ធំ​ ដែល​ចេញ​ផ្សាយ​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ​​ បាន​និយាយ​ថា​រំ ហូរ​ទំនិញ​និង​មូលធន​សកល​បាន​ធ្លាក់​ចុះ​បន្ទាប់​ពី​វិបត្តិ​ហិរញ្ញ​វត្ថុ​ពិភព​លោក​ឆ្នាំ​ ២០០៨-២០០៩​និង​ការ​កើន​ឡើង​នៃ​ការ​រឹត​បន្តឹង​ពាណិជ្ជកម្ម​​​ក្នុង​ឆ្នាំ​បន្ត​បន្ទាប់​ទៀត​។​ របាយការណ៍​បន្ត​ថា​៖ «​ជំងឺ​រាត​ត្បាត​កូវីដ​-១៩​​និង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​ ​បង្ក​ជា​ឧបសគ្គ​ដល់​​ទំនាក់​ទំនង​អន្តរជាតិ​ហើយ​បង្កើន​ការ​សង្ស័យ​អំពី​អត្ថ​ប្រយោជន៍​នៃ​សកលភាវូបនីយកម្ម​»​។

​​របាយការណ៍​បាន​កត់​សម្គាល់​ថា​​ការ​បង្កើន​ទំនាក់​ទំនង​ពាណិជ្ជកម្ម​កាន់​តែ​ស៊ី​ជម្រៅ​ ​បាន​បន្ថយ​​ភាព​ក្រីក្រ​ពិភព​លោក​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​​ហើយ​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​អ្នក​ប្រើ​ប្រាស់​ដែល​មាន​ប្រាក់​ចំណូល​ទាប។​ ប៉ុន្តែ​ការ​ផ្តាច់​ចំណង​​ទំនាក់​ទំនង​ពាណិជ្ជកម្ម៖​ «នឹង​ប៉ះ​ពាល់​យ៉ាង​​​ធ្ងន់​ធ្ងរ​ដល់​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប​ និង​អ្នក​ប្រើ​ប្រាស់​ដែល​មិនសូវធូរធារនៅ​ក្នុង​​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿន​លឿន​»​។


​IMF បាន​ព្រមាន​ផង​ដែរ​ថា​ ​ការ​រឹត​ត្បឹត​លើ​​ការ​ធ្វើ​ចំណាក​ស្រុក​ឆ្លង​ដែន​ នឹង​កាត់​បន្ថយ​ធនធាន​មនុស្ស​​​មាន​ជំនាញ​សម្រាប់​ប្រទេស​ដែល​ទទួល​អ្នក​ធ្វើ​ចំណាក​ស្រុក​ ​ហើយ​​​កាត់​បន្ថយ​ការ​ផ្ទេរ​ប្រាក់​ទៅ​ក្នុង​ប្រទេសកំណើតរបស់​ជន​ចំណាក​ស្រុក​។​​ការ​កាត់​បន្ថយ​រំ ហូរ​មូល​ធន​ នឹង​​បន្ថយ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ពេលដែល​កិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ​បាន​ធ្លាក់ចុះ​ផងនោះ​ នឹង​បង្ក​ហានិភ័យ​ដល់​ការផ្គត់ផ្គង់​ទំនិញ​​ជា​សកល​។​

​​IMF ​បាន​លើក​ឡើង​ថា​​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប​ ទំនង​ជា​មាន​ហានិភ័យ​បំផុត​ នៅ​ពេល​​សេដ្ឋកិច្ច​ពិភព​លោក​​ប្រកាន់​យក​ប្រព័ន្ធ «​ហិរញ្ញវត្ថុ​​បែប​តំបន់​និយម​» និង​ប្រព័ន្ធ​ទូទាត់​សកល​​បែបបក្ខ​ ពួករៀងៗ​ខ្លួននោះ។

IMF និយាយ​ថា​ នៅ​ពេល​ការ​ចែក​រំលែក​ហានិភ័យ​រួម​ជា​អន្តរជាតិ​តិច​ជាង​មុន​ការមិនធ្វើ​សមាហរណកម្ម​ជាមួយគ្នា​ ក្នុង​សេដ្ឋកិច្ច​សកល​អាច​នាំ​ឱ្យ​មាន​ការ​ប្រែ​ប្រួល​ម៉ាក្រូ​សេដ្ឋកិច្ច​ខ្ពស់​ វិបត្តិ​កាន់​តែ​ធ្ងន់​ធ្ងរ​ និង​សម្ពាធ​កាន់​តែ​ខ្លាំង​នៅ​ថ្នាក់​ជាតិ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​ក៏​​អាច​ធ្វើ​ឱ្យ​សមត្ថភាព​របស់​សហគមន៍​ពិភព​លោក​​ចុះ​ខ្សោយ​​ ពិសេស​ការកៀរ​គរ​ជំនួយជួយ​ប្រទេស​ដែល​មាន​វិបត្តិ​ និង​ធ្វើ​ឱ្យ​មាន​ភាព​ស្មុគ​ស្មាញ​ដល់​ការ​ដោះ​ស្រាយ​វិបត្តិ​បំណុល​​នា​ពេល​អនាគត​៕