ភ្នំពេញៈ សាជីវកម្ម​ធានា​ឥណ​ទាន​កម្ពុជា ភីអិលស៊ី​​ (CGCC) ដែល​គ្រប់គ្រង​ដោយ​រដ្ឋ បានចេញ​លិខិតធានា ​(LG) ចំនួន ៩៨៥​ ច្បាប់​ជាមួយនឹង​ប្រាក់កម្ចី​សរុប ៩២,៧ ​លាន​ដុល្លារ គិត​ត្រឹម​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​ ២០២២ ចាប់តាំងពី​ក្រុមហ៊ុន​នេះ​ដំណើរ​ការ​នៅក្នុង​រយៈពេល​ ២ ​ឆ្នាំ​ចុង​ក្រោយ ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ឱ្យ​ងើបឡើង​វិញ ជាពិសេស​សហ​គ្រាស​ធុន​តូច និង​មធ្យម ពី​វិបត្តិ​សុខភាព​។​

​អគ្គនាយក CGCC លោក Wong Keet Loong បានឱ្យដឹង​នៅក្នុង​សិក្ខាសាលា​ប្រចាំឆ្នាំ​របស់ CGCC ស្តីពី​ «​តួនាទី​នៃ​គម្រោងការ​ធានា​ឥណទាន​ក្នុងការ​អភិវឌ្ឍ​សហ​​គ្រាស​ធុន​តូច និង​មធ្យម នៅ​កម្ពុជា និង​អាស៊ាន​»​នា​ថ្ងៃទី​ ១៧ ខែមករា​ថា គិត​ត្រឹម​ថ្ងៃទី​ ៣១ ខែធ្នូ ឆ្នាំ​ ២០២២​ ស្ថាប័ន​លោក​បានទទួល​លិខិតធានា​សរុប ​(LG) និង​ចំនួន​ប្រាក់កម្ចី​សរុប ៩២,៧​ លាន​ដុល្លារ ខណៈ​ប្រាក់កម្ចី​ដែលមាន​ការធានា​មាន​ចំនួន ៧០,៩​ លាន​ដុល្លារ គិត​ត្រឹម​ថ្ងៃទី​ ៣០ ខែវិច្ឆិកា ឆ្នាំ​ ២០២២​។ ទឹកប្រាក់​ធានា​ចំនួន ៥១,២​ លាន​ដុល្លារ គិត​ត្រឹម​ថ្ងៃទី​ ៣០ ខែវិច្ឆិកា ឆ្នាំ​ ២០២២​។​


​លោក​បន្ថែមថា កម្ចី​ដែល​ធានា​ភាគ​ច្រើន គឺ​ក្នុង​វិស័យ​កសិកម្ម​មាន​ចំនួន ២,៦ ​ភាគរយ ឧស្សាហកម្ម ៨,៣​ភាគ​រយ សេវាកម្ម ១១,៦ ភាគរយ ពា​ណិ​​ជ្ជ​កម្ម​លក់រាយ ២៩ ​ភាគរយ និង​ផ្សេងទៀត ៤៨,៤​ ភាគរយ​។ ប្រភេទ​អ្នក​ខ្ចី ក្រុមហ៊ុន​ធំ​មាន​ចំនួន​ ៣៥ និង​សហ​គ្រាស​ធុន​តូច និង​មធ្យម ៩៥០ ខណៈ​ប្រភេទ​ប្រាក់កម្ចី​មាន​ធានា​ចំនួន ៣២៨ ប្រាក់កម្ចី​គ្មាន​ធានា​ចំនួន ៦៥៧​។​

​លោក ម៉ី វ៉ាន់ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានឱ្យដឹង​ក្នុង​សិក្ខាសាលា​ខាងលើ​ថា សហគ្រាស​ធុន​តូច និង​មធ្យម បាន​ដើរតួ​យ៉ាងសំខាន់​នៅ​ក្នុងការ​ទ្រទ្រង់​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ចកម្ពុជា ដោយបាន​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​គួរឱ្យ​កត់​​សម្គាល់​ពី​អត្រា ៥០,២ ភាគរយ​ក្នុង​ឆ្នាំ​ ២០០៣ មក​ត្រឹម ១៧,៨​ ភាគរយ​ក្នុង​ឆ្នាំ​ ២០២០ តាមរយៈ​ការបង្កើន​ការងារ និង​ប្រាក់ចំណូល​ជូន​ប្រជា​ពលរដ្ឋ​កម្ពុជា​។​


​លោក​បន្តថា ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម គឺជា​ការងារ​អាទិ​ភាព​របស់​រដ្ឋាភិបាល ដែល​ឆ្លុះបញ្ចាំង​តាមរយៈ​យុទ្ធសាស្ត្រ និង​គោ​លន​យោ​បាយ​សំខាន់ៗ​ដែល​ត្រូវបាន​ដាក់ចេញ​ដោយ​រដ្ឋាភិបាល និង​បាន​បង្កើត​ស្ថា​ប័ន​ពាក់ព័ន្ធ​ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម រួមទាំង​ការបង្កើត​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​ផងដែរ ដើម្បី​ចែករំលែក​ហា​និ​​ភ័យ​ជាមួយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ក្នុងការ​ផ្តល់​កម្ចី​សំដៅ​បង្កើន​លទ្ធភាព​ទទួល​បាន​កម្ចី​របស់​ក្រុមហ៊ុន​អាជីវកម្ម ពិ​សេស​សហគ្រាស​ធុន​តូច និង​មធ្យម​។​

​លោក​បាន​ថ្លែងថា​៖ «​រាជរដ្ឋាភិបាល​ពិនិត្យឃើញថា ការប្រើប្រាស់​ថវិការដ្ឋ ដើម្បី​គាំទ្រ​ផ្នែក​ហិរញ្ញប្បទាន​តាមរយៈ​យន្តការ​ធានា​ឥណទាន គឺមាន​គុណ​សម្បត្តិ​សំខាន់​ទី​១ «Leverage Effect» ដោយ​ការប្រើប្រាស់​ដើមទុន​របស់​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា ដើម្បី​ធានា​លើ​កម្ចី​សាចុះសាឡើង ព្រោះ​ទុន​នេះ​ត្រូវបាន​ប្រើប្រាស់​នៅពេល​កម្ចី​ដែលមាន​ការធានា​ត្រូវបាន​បាត់បង់​តែប៉ុណ្ណោះ​។ ដូច្នេះ​ថវិការដ្ឋ​ចំនួន ២០០​ លាន​ដុល្លារ​ដែល​ត្រូវបាន​ផ្តល់ជូន​សាជីវកម្ម​ធានា​ឥណទាន​ជា​​ដើមទុន នឹងមាន​លទ្ធភាព​គាំទ្រ​ដល់​ការបញ្ចេញ​កម្ចី​ថ្មីៗ ដែលមាន​ការ​ធានា​លើសពី ២០០​ លាន​ដុល្លារ ទី​២ «Countercyclical Crisis Tool» ដោយ​រក្សា​ទំនុកចិត្ត​លើ​ទីផ្សារ ជា​ពិ​សេស​ក្នុងអំឡុងពេល​វិបត្តិ​ដើម្បី​រក្សា​លំនឹង​សកម្មភាព​សេដ្ឋកិច្ច​»​។​

​លោក​បញ្ជាក់ថា ជាមួយ​ប្រសិទ្ធភាព​នៃ​គោលនយោបាយ​ដែល​បានដាក់​ចេញ សេដ្ឋកិច្ចកម្ពុជា​ត្រូវបាន​ងាក​មករក​កំណើន​ជា​វិជ្ជមាន​ឡើងវិញ បន្ទាប់​ពី​កំណើន​អវិជ្ជមាន​កាលពី​ឆ្នាំ​ ២០២០ ដែល​ក្នុងនោះ​សេដ្ឋកិច្ចកម្ពុជា​ត្រូវបាន​រំពឹងថា កើនឡើង​ក្នុង​អត្រា​ប្រមាណ ៥ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០២២ និង​ប្រមាណ​ ៦ ភាគរយ​នៅ​ឆ្នាំ​ ២០២៣​ ខាងមុខ​។ យ៉ាងណាក៏ដោយ បញ្ហា​ប្រឈម​នៅតែ​បន្ត​ដែល​អាច​ជះឥទ្ធិពល​អវិជ្ជមាន ដល់​កំណើន​សេដ្ឋកិច្ចកម្ពុជា ដូចជា​ការអូសបន្លាយ​សង្គ្រាម​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន ការកើនឡើង​នៃ​សម្ពាធ​អតិផរណា​និង​ការប្រកួតប្រជែង​ផ្នែក​ភូមិសាស្ត្រ​​នយោបាយ​ក្នុង​តំបន់​។​

​លោក​លើកឡើងថា​៖ «​ក្នុង​បរិបទ​នេះ សហគ្រាស​ធុន​តូច និង​មធ្យម គឺជា​កម្លាំងចលក​រដែ​ល​មិនអាច​ខ្វះ​បាន ដើម្បី​ធានា​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​ប្រកបដោយ​ចីរភាព បរិ​យា​ប័ន្ន និង​ភាព​ធន់​។ ដូច្នេះ​រដ្ឋាភិបាល​នឹង​បន្ត​អនុវត្ត​គោលនយោបាយ​គាំទ្រ​តាម​​រយៈ​យន្ត​ការធានា​ឥណទាន ដើម្បី​ធានា​ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម​»​។

​លោក​បន្ថែមថា​៖ «​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា គឺជា​ស្ថាប័ន​ធានា​​ឥណទាន​ដំបូងបង្អស់​នៅ​កម្ពុជា​ដែល​ត្រូវបាន​បង្កើតឡើង ដោយ​ប្រើប្រាស់​រយៈពេល​ខ្លី​ក្នុងអំឡុងពេល​វិបត្តិ​ជំងឺ​​កូ​វីដ​ ១៩ កំពុង​វាយលុក​យ៉ាងខ្លាំង​លើ​កម្ពុជា ក្រោម​ការប្តេជ្ញា​ខ្ពស់​របស់​រដ្ឋា​ភិ​បាល​ដើម្បី​ដាក់ឱ្យ​ដំណើរការ​គម្រោង​ធានា​ឥណទាន​ឱ្យបាន​ទាន់ពេលវេលា ដើម្បី​គាំទ្រ​ដល់​ការស្តារ និង​ការធានា​និរន្តរភាព​របស់​ក្រុមហ៊ុន​អាជីវកម្ម​ក្នុងស្រុក​។ ខ្ញុំ​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​ដំ​ណើ​រការ​របស់​សាជីវកម្ម​ធានា​ឥណ​ទាន​កម្ពុជា​រយៈពេល​ ២ ឆ្នាំកន្លងមក​»​។​

​កាលពីដើម​ខែមករា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានប្រកាស​អំពី​ការបន្ត​ដាក់ឱ្យ​ដំណើរការ​គម្រោង​ធានា​ឥណ​ទាន​ដើម្បី​ស្ដារ​អាជីវកម្ម (BRGS) នៃ (CGCC) ដើម្បី​គាំទ្រ​អាជីវកម្ម ទាំង​អាជីវកម្ម​ខ្នាត​មីក្រូ សហគ្រាស​ខ្នាត​​តូច និង​មធ្យម ​(MSMEs) និង​សហ​​គ្រាស​ខ្នាត​ធំ ក្នុងការ​បង្កើន​លទ្ធភាព​ទទួលបាន​ហិរញ្ញប្បទាន​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម ​(PFIs)​ សម្រាប់​ធ្វើជា​ទុន​បង្វិល​, ការវិនិយោគ​, និង​ការ​​ពង្រីក​អាជីវកម្ម​។​

​បើ​យោងតាម​ការប្រកាស​ពី CGCC ការប្រកាស​បន្ត​ដាក់ឱ្យ​ដំណើរការ ​«​គម្រោង​ធានា​ឥណទាន​ដើម្បី​ស្តារ​អាជីវកម្ម (Business Recovery Guarantee Scheme, BRGS)» ចាប់ពី​ថ្ងៃទី​ ១ ខែមករា ឆ្នាំ​ ២០២៣ តទៅ រហូតដល់​គម្រោង​នេះ​ត្រូវបាន​ប្រើប្រាស់​អស់​៕