ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​(MEF) បានសម្រេច​ធ្វើការ​ជ្រើសរើស​ធនាគារ​ជាតិ​នៃ​កម្ពុជា​ (NBC) និង​ផ្សា​រមូល​​ប​ត្រ​កម្ពុជា​ (CSX) ជា​ភ្នាក់ងារ​បោះផ្សាយ​ក្នុងការ​បន្ត​បោះ​​ផ្សាយ​មូល​ប​ត្រ​បំណុល​រដ្ឋ​ក្នុង​ទឹកប្រាក់ ២០០ ​លាន​ដុល្លារ ​ដែល​គ្រោង​នឹង​ចាប់ផ្តើម​ពី​ខែ​​មករា នេះ​តទៅ​។

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ MEF កាលពី​ថ្ងៃទី​ ១៧ ខែមករា ផែនការ​បោះ​ផ្សាយ​លក់​មូល​ប​ត្រ​រដ្ឋ​នេះ គឺ​ក្នុង​ទំហំ​ទឹកប្រាក់ ៨១៣ ០០០ ០០០ ០០០ ​រៀល ដែល​ស្មើនឹង ២០០ ​លាន​ដុល្លារ ក្នុង​ឆ្នាំ ​២០២៣ ​នេះ​។​


​លោក ហុង សុ​ហួរ អគ្គ​នា​យក CSX បាន​ប្រាប់ ​ភ្នំពេញ​ ​ប៉ុស្តិ៍ ​នៅ​ថ្ងៃទី ​១៨ ខែមករា​ថា ក្នុង​ឆ្នាំ ​២០២៣ នេះ​រាជ​រដ្ឋា​ភិ​​បាល​ដែលមាន​ក្រសួង​សេដ្ឋកិច្ច ជា​សេនាធិការ គ្រោង​នឹង​រៀបចំ​បន្ត​ការបោះ​ផ្សាយ​មូល​ប​ត្រ​រដ្ឋ​ក្នុង​ទំហំ​ប្រមាណ ២០០​ លាន​ដុល្លារ ​ដោយ​ប្រើ​ទាំង​យន្តការ​ដែលមាន​ស្រាប់​តាមរយៈ​ធនា​​គារ​ជាតិ​នៃ​កម្ពុជា ក៏ដូចជា​យន្ត​​ការ​ថ្មី គឺ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ដែលជា​ស្ថាប័ន​មាន​បទ​ពិ​សោ​​ធន៍​លើ​ការបោះ​ផ្សាយ​មូល​​ប​ត្រ​បំណុល​ឯកជន​។​

​លោក​ថ្លែងថា​៖ «​យើង​រំពឹងថា ការបោះ​ផ្សាយ​មូល​ប​ត្រ​រដ្ឋ​ក្នុង​ឆ្នាំ ​២០២៣ នឹងមាន​លទ្ធ​​ផល​ល្អ​ជាង​ឆ្នាំ​ ២០២២ ដោយ​​សារ​តែ​យើង​មាន​បណ្តាញ​ទាំង​ ២ ​នេះ​ នឹង​បោះផ្សាយ​ជា​បន្ត​បន្ទាប់​។ រដ្ឋាភិបាល​នឹង​បោះ​​ផ្សាយ​តាំងពីដើម​ឆ្នាំទៅ​តែម្តង​ដែល​ខុសពី​ឆ្នាំ​ ២០២២​ដែល​បានចាប់ផ្តើម​ពី​ខែកញ្ញា ប៉ុន្តែ​ឥឡូវ​ គឺ​យើង​ចាប់ផ្តើម​ពី​ខែមករា​នេះ​តទៅ​។ យើង​រំពឹងថា​ នឹងមាន​ការដំឡើង​អត្រា​ការប្រាក់ បន្ថែម​លើ​មូល​ប​ត្រ​រដ្ឋ​នេះ​។


​លោក មាស សុខ​សេន​សាន អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានឱ្យដឹងថា ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ ​២០២២ បាន​អនុញ្ញាតឱ្យ​រដ្ឋាភិបាល​បោះផ្សាយ​លក់​មូល​ប​ត្រ​រដ្ឋ​ក្នុង​ទំហំ​ប្រមាណ ៣០០ ​លាន​ដុល្លារ ក្នុងនោះ​ក្រ​​សួង​សេដ្ឋកិច្ច បាន​ចាត់ចែង​ការ​បោះផ្សាយ​លក់​មូល​ប​ត្រ​រដ្ឋ​ចំនួន ២ ​លើក​មកហើយ​តាម​​រយៈ​ការដេញថ្លៃ​នៅលើ NBC Platform ក្នុងនោះ​លើក​ទី​១ នា​ថ្ងៃទី ​៧ ខែកញ្ញា ឆ្នាំ​ ២០២២ និង​លើក​ទី​២ ថ្ងៃទី​ ២១ ខែកញ្ញា ឆ្នាំ​ ២០២២​។

ការដេញថ្លៃ​ទាំង​ ២​ លើក គឺមាន​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ចូលរួម​ចំនួន​ ១០ គ្រឹះស្ថាន ដោយ​លើក​ទី​១ មាន​ ៨ ​គ្រឹះស្ថាន និង​លើក​ទី​២ ​មាន ​៦ ​គ្រឹះស្ថាន ​(៤​​ ចាស់ និង ​២ ​ថ្មី​) ដែល​លទ្ធផល​នៃ​ការដេញថ្លៃ​ ១ ​លើកៗ​ មាន​ផ្សព្វផ្សាយ​នៅលើ​គេហទំព័រ​ផ្លូវការ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​។

​លោក​បន្តថា ជាមួយនឹង​ទឹក​​ប្រាក់ ២០០ ​លាន​ដុល្លារ​នៃ​មូល​​ប​ត្រ​រដ្ឋ​នេះ គឺជា​ទំហំ​ទឹកប្រាក់​ថ្មី​បន្ថែម​ទៅលើ​ទំហំ​គ្រោង​បោះ​​ផ្សាយ​ប្រមាណ ៣០០​ លាន​ដុល្លារ ​ក្នុង​ឆ្នាំ​​ ២០២២​។​

​លោក​និយាយថា​៖ «​ការបោះ​​ផ្សាយ​លក់​មូល​ប​ត្រ​រដ្ឋ​ក្នុង​ឆ្នាំ ​២០២៣ នឹង​ចាប់ផ្តើម​ពី​ដើម​ឆ្នាំ​តែម្តង ដែល​ផែនការ​លម្អិត​នៃ​ការបោះ​ផ្សាយ​នឹងត្រូវ​ផ្សព្វ​​ផ្សាយ​លើ​គេហទំព័រ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នាពេលខាងមុខ​។ ចំពោះ​កាលបរិច្ឆេទ​ជាក់លាក់​នៃ​ការបោះ​ផ្សាយ​នឹង​អាស្រ័យ​តាម​ស្ថានភាព​ជាក់​ស្តែង​នៃ​ទីផ្សារ​»​។​

​បើ​យោងតាម MEF សម្រាប់​មូល​ប​ត្រ​រដ្ឋ​ដែល​នឹង​បោះផ្សាយ​លក់​ក្នុង​ខែមករា​នេះ គឺ​រដ្ឋ​បានកំណត់ ក្នុង ​១ ​បណ្ណ ​មានតម្លៃ ​១ ​លាន​រៀល​, ប្រភេទ​អត្រា​គូ​ប៉ុងថេរ​, ការទូទាត់​គូ​ប៉ុង​រៀងរាល់ ៦​ ខែម្ដង គិតពី​ថ្ងៃ​បោះផ្សាយ​, គម្លាត​នៃ​ការបោះ​ផ្សាយ​មាន​រយៈពេល ៤​សប្ដាហ៍​។​

​ប្រភេទ​មូល​ប​ត្រ​ឥណ​ប្រតិ​ទានមាន ៥ ​ប្រភេទ​គឺ ១ ​ឆ្នាំ ២ ​ឆ្នាំ​, ៣ ​ឆ្នាំ​, ៥ ​ឆ្នាំ និង​ ១៥​ ឆ្នាំ​៕