បាត់ដំបងៈ ក្រុមហ៊ុនShindo Shigeharu Shop Co. Ltd. នៅប្រទេសជប៉ុន នឹងមានគម្រោងបោះទុនវិនិយោគ លើការកែច្នៃផ្លែឈើ ដែលជាផលិតផលកសិកម្ម នៅខេត្តបាត់ដំបង នាពេលខាងមុខនេះ។ នេះបើតាមការលើកឡើងរបស់លោក សុខ លូ អភិបាលខេត្តបាត់ដំបង។
លោកបានលើកឡើងដូចនេះ ក្នុងជំនួបជាមួយ តំណាងក្រុមហ៊ុន Shop Shindou Shigeharu Limited Company ដើម្បីពិភាក្សាការងារអំពីគម្រោងដែលក្រុមហ៊ុននេះ មានគម្រោងបោះទុនវិនិយោគ លើការកែច្នៃផលិតផលកសិកម្ម នៅក្នុងខេត្តបាត់ដំបងនាពេលខាងមុខនេះ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣។
លោកសុខ លូ បានសម្តែងក្តីរីករាយ ចំពោះក្រុមហ៊ុនជប៉ុនដែលមានបំណងក្នុងការវិនិយោគនៅខេត្តបាត់ដំបង ពាក់ព័ន្ធនឹងគម្រោងកែច្នៃផ្លែឈើនេះ ស្របពេលដែលខេត្តបាត់ដំបងជាខេត្តមួយដែលមានសក្ដានុពលខ្ពស់ ទាំងផ្នែកទេសចរណ៍ និងកសិកម្ម។
លោកបញ្ជាក់ថា៖«រដ្ឋបាលខេត្តរង់ចាំការសហការជានិច្ច ព្រោះនេះក៏ជាគោលបំណងរបស់រដ្ឋបាលខេត្តក្នុងការលើកកម្ពស់វិស័យកសិកម្មនៅក្នុងខេត្តបាត់ដំបង ព្រោះជារៀងរាល់ឆ្នាំ ផលិតផលកសិកម្មមួយចំនួន ដូចជា ផ្លែស្វាយ ផ្លែមៀនប៉ៃលិន ឬម្នាស់ជាដើម មានចំនួនច្រើន ដែលសេសសល់ និងមានតម្លៃថោក ដោយសារគ្មានរោងចក្រក្នុងការកែច្នៃផលិតផលទាំងនោះ»។
ទាក់ទងនឹងគម្រោងនេះ អភិបាលរងខេត្តបាត់ដំបង លោកសឿម ប៊ុនរិទ្ធ បានបញ្ជាក់ នាថ្ងៃទី១៩ មករា ថា លោកមិនទាន់អាចផ្ដល់ព័ត៌មានលម្អិតអំពីគម្រោងវិនិយោគរបស់ក្រុមហ៊ុននេះបាននៅឡើយទេ។
ចំណែកលោកឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បានប្រាប់ថា វាជារឿងល្អ ដែលមានក្រុមហ៊ុនជប៉ុនមានគម្រោងមកវិនិយោគទៅលើការកែច្នៃផលិតផលកសិកម្មនេះ ដោយសារខេត្តបាត់ដំបង ជាខេត្តមួយដែលមានសក្ដានុពលលើវិស័យកសិកម្ម ជាពិសេស គឺសម្បូរផ្លែឈើច្រើន ដូចជា ផ្លែស្វាយ ដែលមានទំហំប្រមូលផលជាង ១ម៉ឺន៨ពាន់ហិកតា។
លោកបន្តថា ដូច្នេះហើយ រាល់ពេលប្រមូលផលកន្លងមក មានពេលខ្លះតម្លៃរបស់ផ្លែឈើទាំងនោះ ត្រូវបានធ្លាក់ថ្លៃខ្លាំង ដែលធ្វើឱ្យប្រជាកសិករ មិនធ្វើការប្រមូលផលឡើយ ដោយទុកផ្លែឈើទាំងនោះចោលជាដើម។
លោកឈឹម វជិរា ថ្លែងថា៖«អ៊ីចឹង វាជាឱកាសល្អមួយ ប្រសិនជាខាងក្រុមហ៊ុនជប៉ុនហ្នឹង លោកមកដាក់ទុនវិនិយោគ គឺវាបានផ្ដល់ទាំងឱកាសការងារ និងផ្ដល់ប្រាក់ចំណូលដល់បងប្អូនប្រជាពលរដ្ឋយើង ជាពិសេសការងារកែច្នៃហ្នឹងឯង»។
សូមបញ្ជាក់ថា ក្រុមហ៊ុន Shindo Shigeharu Shop Co. Ltd. គឺជាក្រុមហ៊ុនផលិតអាហារដ៏ល្អបំផុតនៅខេត្តអិហិមិ នៃប្រទេសជប៉ុន ជាពិសេសខាងផ្លែឈើស្ងួត ដូចជា ក្រូចឆ្មារ និងក្រូចពោធិ៍សាត់ដ៏ល្បីល្បាញរបស់ខេត្តអិហិមិប្រទេសជប៉ុន។មួយវិញទៀត ក្រុមហ៊ុននេះ ក៏មានបំណងក្នុងការសិក្សា និងស្វែងយល់បន្ថែមទៀត មុននឹងមានការបោះទុនវិនិយោគនៅខេត្តបាត់ដំបង ក្នុងការកែច្នៃផលិតផលកសិកម្មនេះ៕