ភ្នំពេញៈ ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ប្រទេស​កាណាដា ក្នុង​ឆ្នាំ​​ ២០២២ សម្រេចបាន​ទឹកប្រាក់​ជាង ១,១២​ ពាន់​លាន​ដុល្លារ កើន​ជាង ១៧ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ខណៈ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី មាន​ជាង ១,១៥​ពាន់​លាន​ដុល្លារ​។​នេះ​បើ​យោងតាម​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។​

​ស្ថិតិ​ជញ្ជីងពាណិជ្ជកម្ម​ទំនិញ​ប្រចាំឆ្នាំ​ ២០២២ ឱ្យដឹងថា ការធ្វើ​ពាណិជ្ជ​​កម្ម​រវាង​កម្ពុជា និង​កាណាដា មានទឹក​ប្រាក់​សរុប ១ ១៥៤,៤៦៩​ លាន​ដុ​ល្លារ កើន ១៦,១​ ភាគរយ​បើ​ធៀប​ឆ្នាំ ​២០២១ ដែលមាន ៩៩៤,៧១៦ ​លាន​ដុល្លារ​។ ក្នុងនោះ​ទំនិញ​ពី​កម្ពុជា​ទៅ​កាណាដា មាន ១ ១២០,៥៩២ ​លាន​ដុល្លារ កើន ១៧,៤​ ភាគរយ​។


​កាណាដាជា​ប្រទេស​ដែល​ទទួល​ទិញ​ទំនិញ​ពី​កម្ពុជា​ច្រើន​ទី​ ៥ ដែលមាន​ចំណែក​ទីផ្សារ​ប្រមាណ ៥ ​ភាគរយ​បើ​ធៀប​នឹង​អាមេរិក មាន​ចំណែក​ទីផ្សារ ៣៩,៩ ​ភាគរយ​, វៀតណាម ៩,៦ ​ភាគ​​រយ ចិន ៥,៥​ភាគរយ និង​ប្រទេស​ជប៉ុន ៥,២​ ភាគរយ​។ ចំណែក​ប្រាក់​នាំ​​ទំនិញ​ពី​កាណាដា​មក​កម្ពុជា​វិញ មាន​ចំនួន ៣៣,៨៧៧​ លាន​ដុល្លារ ធ្លាក់​ចុះ ១៥,១ ​ភាគរយ​។​

​យោងតាម​ទិន្នន័យ​ខាងលើ គឺ​ជញ្ជីងពាណិជ្ជកម្ម​កម្ពុជា​មាន​ឧត្តមភាព ១ ០៨៦,៧១៥ ​លាន​ដុល្លារ​។​


​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២២ ខែមករា ថា កា​ណា​ដា និង​អាមេរិក គឺជា​ទីផ្សារ​ធំ​ដែល​តែង​ទិញ​ទំនិញ​ពី​កម្ពុជា ដោយ​ភាគច្រើន​ជា​ផលិតផល​នៅក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ សម្ភារ​ធ្វើដំណើរ ស្បែក​ជើង កង់ គ្រឿង​បង្គុំ​អេឡិចត្រូនិក​អគ្គិ​ស​នី និង​ផលិតផល​សិប្បកម្ម​។

​ប្រសិន​បើ​ស្ថានភាព​ជំងឺ​កូ​វីដ​ ១៩ កាន់តែ​មាន​ភាព​ធូរស្រាល ហើយ​កំណើនសេដ្ឋកិច្ច​ពិភពលោក​ល្អ​វិញ គឺ​ប្រាកដ​ណាស់​ថា ការនាំ​ទំនិញ​ពី​កម្ពុជា​ទៅ​កាណាដា​នឹង​ហក់​ឡើង ពិសេស​ផលិតផល​ទាក់​ទង​នឹង​ដំណើរ​ទេសចរណ៍​ (​សម្លៀក​បំពាក់ សម្ភារ​ធ្វើដំណើរ ស្បែកជើង​)​។ លោក​បន្តថា បច្ចុប្បន្ន​សភា​ពាណិជ្ជ​កម្ម​កម្ពុជា ក៏មាន​ការិយាល័យ​តំណាង​របស់ខ្លួន​កំពុងបើក​ដំណើរការ​នៅក្នុង​ទីក្រុង​តូ​រ៉ុ​ន​តូ ប្រទេស​កាណាដា​ផង​ដែរ ដែល​ការិយាល័យ​តំណាង​នេះ គឺមាន​សារៈសំខាន់​ណាស់​ក្នុងការ​ទាក់​ទាញ​អ្នកវិនិយោគ និង​ភ្ញៀវទេសចរ​ឱ្យធ្វើ​ដំណើរ​មក​កម្ពុជា​។​

​លោក​ថ្លែងថា​៖ «​ដោយសារ​ទំនិញ​កម្ពុ​ជាមាន​តម្រូវការ​ច្រើន​នៅ​ទីនោះ ដូច្នេះ​នៅពេល​សង្គម​សេដ្ឋកិច្ច​វិល​រក​ប្រក្រតីភាព​ដូច​មុន​ឆ្នាំ​ ២០២០ គឺ​ការ​នាំចេញ​របស់​កម្ពុជា​នឹង​ហក់​ឡើង​»​។​

​ទាក់ទង​អ្នកវិនិយោគ​កាណាដា​នៅ​កម្ពុជា លោក លឹម ហេង បាន​ប្រាប់ថា នៅមាន​ចំនួន​តិច​នៅឡើយ ប៉ុន្តែ​ចំនួន​នេះ​អាច​នឹង​កើនឡើង​ថែមទៀត​នៅពេល​អនាគត​។​

​អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​និយាយថា ដោយសារ​កាណាដា​ជា​ប្រទេស​រីកចម្រើន និង​ផលិត​ទំនិញប្រើប្រាស់​បច្ចេកវិទ្យា​ខ្ពស់ៗ ដូច្នេះ​ធ្វើឱ្យ​កម្ពុជា​មានឱកាស​ច្រើន​ក្នុង​ការនាំ​ចេញ​ទំនិញ​ដែល​ប្រើ​អតិពលកម្ម​។ លោក​បន្ថែមថា ដោយសារ​ទំនិញ​ទាំង​​អស់​ខាងលើ ក្រៅពី​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ ក៏​នឹង​ប្រើប្រាស់​ច្រើន​ផងដែរ​សម្រាប់​ដំណើរ​ទេសចរណ៍ ដូច្នេះ​បើ​វិស័យ​ទេសចរណ៍​មានដំណើរ​ការល្អ​ឡើងវិញ ការបញ្ជាទិញ​ទំនិញ​ពី​កម្ពុជា​ក៏​នឹង​ហក់​ឡើង​ខ្ពស់​ដែរ​។​

​លោក​បញ្ជាក់ថា​៖ «​តាម​ព័ត៌មាន គឺ​ចាប់ពី​ឆមាស​ទី​២ ឆ្នាំ ​២០២២ មក​ការ​​នាំចេញ​ទំនិញ​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​​កម្ពុជា គឺ​មិនសូវ​ល្អ​ទេ ព្រោះ​ស្ថានភាព​ដែល​បង្ក​ពី​ជំងឺ​កូ​វីដ​ ១៩ និង​សង្គ្រាម​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន កំពុង​ធ្វើឱ្យ​សកម្មភាព​សេដ្ឋកិច្ច និង​ទេសចរណ៍ មួយចំនួន​ត្រូវ​ជាប់គាំង​។ បើ​ស្ថានភាព​ដូច​មុន​ឆ្នាំ​ ២០២០ ត្រឡប់មកវិញ ខ្ញុំ​គិតការ​នាំ​ទំនិញ​ពី​ប្រទេស​កម្ពុជា​ទៅ​កាណាដា នឹង​កើនឡើង​ខ្ពស់​»​។​

​តារាង​ស្ថានភាព​វិនិយោគ​ផ្ទា​ល់បរ​ទេស​នៅ​កម្ពុជា របស់​ធនាគារជាតិ​នៃ​កម្ពុជា ​(NBC) ឱ្យដឹងថា គិត​ត្រឹម​ចុង​ឆ្នាំ​ ២០២១ កាណាដា នៅ​លេខ​រៀង​ទី​ ៩ ជា​ប្រទេស​ដែល​មក​វិនិយោគ​ផ្ទាល់​នៅ​កម្ពុជា​ច្រើនជាងគេ ដោយមាន​ទឹក​ប្រាក់ ១,១​ ពាន់​លាន​ដុល្លារ ក្នុង​ចំ​ណោម​ទុនវិនិយោគ​សរុប ៤១ ​ពាន់​លាន​ដុល្លារ​តាម​ពីក្រោយ​ប្រទេស​ចិន កូរ៉េ​, សិង្ហ​បុរី​, វៀតណាម​, ជប៉ុន​, ម៉ា​​ឡេ​ស៊ី​, ថៃ​, ចក្រភព​អង់គ្លេស​៕