នាយកដ្ឋាន​ស្ថិតិ​ស្រីលង្កា ​បាន​និយាយ​កាលពីថ្ងៃ​ចន្ទថា ​អតិផរណា​តម្លៃទំនិញ​ប្រើប្រាស់​ជាតិ​ (NCPI) របស់​ប្រទេស​ស្រីលង្កា​មាន​ចំនួន​ ៥៩,២​ ភាគរយ​​នៅក្នុង​ខែធ្នូ​ ខណៈដែល​តួលេខនេះ​មាន​ចំនួន​ ៦៥​ ភាគរយ ​នៅ​ក្នុង​ខែវិច្ឆិកា​។

នាយកដ្ឋាន​ជំរឿន​និងស្ថិតិ​នៃ​ប្រទេសនេះ​ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែង​ការណ៍​មួយថា​ តម្លៃម្ហូប​អាហារ​ បាន​កើនឡើង​ ៥៩,៣ ​ភាគរយ​ នៅ​ក្នុងខែធ្នូ។​ ខណៈដែល​អតិផរណា​ មិនមែន​ម្ហូបអាហារ​កើនឡើង​ ៥៩​ភាគរយ​។


លោក​ Diman​tha Mathew ​ប្រធានផ្នែក​ស្រាវជ្រាវ​នៅ​ក្រុមហ៊ុន​ First Capital Holdings ដែលមាន​មូលដ្ឋាន​នៅទីក្រុង កូឡុំបូ ​បាន​និយាយថា ៖«យើង​កំពុង​ព្យាករអតិផរណា​នឹង​ធ្លាក់មក​ដល់​ប្រហែល ៥១​ភាគរយ​នៅខែ​មីនា។​ វា​ត្រូវ​ការ​ពេល​វេលា ព្រោះ​រដ្ឋាភិបាល​បាន​ប្រកាស​ដំឡើង​ថ្លៃ​ថាមពល»។

Mathew ​បាន​និយាយថា ៖«ទោះជា​យ៉ាងណាក៏​ដោយ យើង​កំពុង​សម្លឹង​មើលអតិ​ផរណា​ប្រហែល ១០​ភាគរយ​ឆមាស​ទី២​នៃឆ្នាំ២០២៣​»។


គេរំពឹងថា​ ធនាគារ​កណ្តាល​ស្រីលង្កា (CBSL​នឹង​រក្សា​អត្រាការ​ប្រាក់ថេរ​ក្នុង​សប្តាហ៍នេះ។​ ធនាគារ​ជាតិនេះ​ ធ្លាប់​បាន​ដំឡើង​អត្រា​ការប្រាក់​ដល់​កម្រិតខ្ពស់​បំផុត​កាលពី​ប៉ុន្មាន​ខែមុន​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អតិផរណា​ក្នុងប្រទេស។​

សីលង្កា​ កំពុង​ស្វែង​រក​មូល​និធិរូបិយ​វត្ថុ​អន្តរជាតិ​ (IMF) ដោយចង់​ខ្ចីប្រាក់​ប្រមាណ២ពាន់​៩០០​លាន​ដុល្លារ​អាមេរិក​ ដើម្បី​ទប់ទល់​នឹង​វិបត្តិសេដ្ឋ​ ប៉ុន្តែ​មិនទាន់​មាន​សញ្ញាថា​ពួកគេ​ទទួល​បាន​ប្រាក់នេះ​យកមក​ប្រើ​នៅ​ឡើយទេ​៕