ភ្នំពេញៈ លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ជួបពិភាក្សា​ការងារ​ទ្វេភាគី ជាមួយ​លោកស្រី​ Helene BudligerArtieda ​រដ្ឋលេខាធិការ​នៃ​រដ្ឋលេខាធិការដ្ឋាន​ស​ម្រា​ប់​កិច្ចការ​សេដ្ឋកិច្ច នៃ​សហព័ន្ធ​ស្វ៊ី​ស កាលពី​សប្តាហ៍​មុន នៅ​ទីក្រុង​ដា​វ៉ូស​-​ក្លូ​ស្ទ័​រ ​ប្រទេស​ស្វ៊ី​ស ​ដាច់ដោយឡែក​ពី​វេទិកា​សេដ្ឋកិច្ចពិភពលោក​ដើម្បី​ពិភាក្សា​ការងារ​ស្ដីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ ២ ដោយបាន​ស្នើសុំ​ពិនិត្យ​លទ្ធភាព​ក្នុងការ​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​ស្វ៊ី​ស ហើយក៏​បានលើកឡើង​ពី​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ ២ ដែល​ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ​ ១៩៦៣ ដែលនាំឱ្យ​មាន​ទំនាក់ទំនង​ល្អ​រហូតមកដល់​បច្ចុប្បន្ន​។

​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​៖«​ការផ្លាស់ប្តូរ​ពាណិជ្ជក​ម្ម​រវាង​ប្រទេស​ទាំង​២​គឺមាន​ការកើនឡើង​ជា​លំដាប់​ពី​១​ឆ្នាំទៅ​១​ឆ្នាំ ដោយ​នៅក្នុង​ឆ្នាំ​២០២០ ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​កម្ពុជា និង​ប្រទេស​ស្វ៊ី​ស មាន​ចំនួន​សរុប​ប្រមាណ ៣៧៩​លាន​ដុល្លារ​អាមេរិក រីឯ​នៅក្នុង​ឆ្នាំ​២០២១ ទំហំ​ពាណិជ្ជកម្ម​សរុប មាន​ចំនួន​ប្រមាណ​ជាង ៩៧៤​លាន​ដុល្លា​អាមេរិក​។ ហេតុដូច្នេះ បាន​ស្នើសុំ​លោកស្រី​Helene BudligerArtieda​ពិនិត្យ​លទ្ធភាព​ក្នុងការ​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​ប្រទេស​ស្វ៊ី​ស ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋាភិបាល និង​ប្រទេស​ទាំង​២​ឱ្យ​កាន់តែ​ទូលំទូលាយ និង​ស៊ីជម្រៅ​»​។​


លោក​ប៉ាន សូរ​ស័ក្តិ ក៏បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​ស្វ៊ី​ស​ចំពោះ​ជំនួយ និង​កម្មវិធី​អភិវឌ្ឍន៍​នានា​ក្នុង​វិស័យ​ជាច្រើន ដូចជា​អភិបាលកិច្ច​ល្អ និង​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ចំពោះ​វិស័យ​កសិកម្ម និង​សន្តិសុខ​ស្បៀង រហូតដល់​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​ការងារ​។​

​ចំពោះ​ការស្នើ​នេះដែរ លោកស្រី​Helene BudligerArtieda​បាន​ឆ្លើយតប​ថា ប្រទេស​ស្វ៊ី​ស​ស្វាគមន៍​លើ​គំនិត​ផ្តួចផ្តើម​នេះ ខណៈដែល​រដ្ឋាភិបាល​ស្វ៊ី​ស​បាននិងកំពុង​គាំទ្រ​កម្ពុជា​ក្នុង​ដំណើរការ​អន្តរកាល និង​កិច្ចខិតខំ​ប្រឹងប្រែង​នានា​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុងប្រទេស​កម្ពុជា​ផងដែរ​។


លោកស្រី​បាន​បញ្ជាក់ថា​៖«​កម្ពុជា និង​ស្វ៊ី​ស នឹង​ប្តេជ្ញាចិត្ត​បង្កើន​ទំនាក់ទំនង​ទ្វេភាគី​ដែលមាន​ស្រាប់​ឱ្យ​កាន់តែ​រឹងមាំ និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អាទិភាព​បន្ថែមទៀត ព្រមទាំង​កិច្ចសហប្រតិបត្តិការ​លើ​ឆាក​អន្តរជាតិ​ផងដែរ​»​។​

​លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​ប្រាប់​ឱ្យដឹងថា សម្រាប់​សភាពាណិជ្ជកម្ម តែងតែ​គាំទ្រ​នូវ​ការបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​បណ្តា​ប្រទេស​ផ្សេងៗ ជាពិសេស​ជាមួយ​ប្រទេស​ស្វ៊ី​ស​នេះ​តែម្តង ដោយ​សភាពាណិជ្ជកម្មរ​ង់​ចាំ​ផ្តល់​ជា​ធាតុ​ចូល​បន្ថែម​ជានិច្ច​នៅពេលដែល​មានការ​ពិភាក្សា​នានា ក្នុងការ​បង្កើត​កិច្ចព្រមព្រៀង​នេះ​។​

​លោក​បាន​ថ្លែងថា​៖«​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទាំងអស់​នេះហើយ ជា​ជំនួយ​ដ៏​សំខាន់ នៅពេលដែល​យើង​អស់ EBA ពី​សហគមន៍​អឺរ៉ុប​នា​ខាងមុខ​។​ដូច្នេះ​យើង​រំពឹង​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះហើយ ដែល​នឹង​មក​ជំនួស​ប្រព័ន្ធ​អនុគ្រោះ​ទាំងនោះ ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុ​ជាតា​ម​ការនាំចេញ នាំចូល​ផលិតផល​ផ្សេងៗ​»​។​

​អ្នកជំនាញ​សេដ្ឋកិច្ច នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់ឱ្យដឹង​ដែរ​ថា ស្វ៊ី​ស​ជា​ប្រទេស ដែលមាន​សក្តានុពល​ខ្លាំង ដែល​ត្រូវបាន​គេ​ចាត់ទុកជា​ប្រទេស​អ្នក​មាននៅ​ប្លុក​អឺរ៉ុប និង​មានអំណាច​ពាណិជ្ជកម្ម​ខ្លាំ​ង​ក្លា​ណាស់​។​ដូចនេះ​បើសិនជា​កម្ពុជា មាន​កិច្ចព្រមព្រៀង ឬ​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​លើ​វិស័យ​ពាណិជ្ជកម្ម ជាមួយ​ប្រទេស​នេះ គឺជា​ឱកាសល្អ​របស់​កម្ពុជា​។​

លោក​បាន​បញ្ជាក់ថា​៖«​នៅពេល​យើង​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ស្វ៊ី​ស ការនាំចេញ​ផលិតផល​មួយចំនួន​ដូចជា ផលិតផល​វាយ​ន​ភណ្ឌ​កាត់ដេរ កង់ ផលិតផល​កសិកម្ម​នា​នា ទៅកាន់​តំបន់​អឺរ៉ុប នឹងមាន​ការកើនឡើង​។​ម្យ៉ាងវិញទៀត កិច្ចសហការ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​ស្វ៊ី​ស ប្រៀបដូចជា​ការបង្កើន​កិច្ចសហការ​ល្អជា​មួយ​EU ផងដែរ ដែល​ធ្វើឱ្យ​អ្នកវិនិយោគ​ពី​បណ្តា​ប្រទេស​ដទៃទៀត​ចាប់អារម្មណ៍​មក​វិនិយោគ​នៅ​កម្ពុជា ដើម្បី​នាំចេញ​ទៅកាន់​ប្រទេស​ស្វ៊ី​ស ក៏ដូចជា​EU ដែរ​»​។​

​យោងតាម​របាយការណ៍​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ បាន​បង្ហាញថា នៅក្នុង​ឆ្នាំ​២០២២​កន្លងទៅ ការផ្លាស់ប្តូរ​ពាណិជ្ជក​ម្ម​រវាង​កម្ពុជា និង​ស្វ៊ី​ស សម្រេចបាន​ក្នុង​ទំហំ​ទឹកប្រាក់​ជាង​១៤៤៥​លាន​ដុល្លារ កើនឡើង​៤៨,៣​ភាគរយ​។​នៅ​ក្នុងនោះ​កម្ពុជា​នាំចូល​ពី​ស្វ៊ី​ស មាន​ទំហំ​ទឹកប្រាក់​ជាង​១៤៣៥​លាន​ដុល្លារ កើនឡើង​៤៩​ភាគរយ ខណៈដែល​ការនាំ​ចេញទៅ​ស្វ៊ី​ស​វិញ មានតម្លៃ​ទឹកប្រាក់​ជិត​១០​លាន​ដុល្លារ ថយចុះ​ជាង​១០​ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២១៕