ភ្នំពេញៈ កម្ពុជា-​ស្វ៊ី​ស ប្តេជ្ញា​រួមគ្នា​នឹង​បង្កើន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ និង​ពិចារណា​ពី​លទ្ធភាព​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយគ្នា​នៅពេល​អនាគត ខណៈ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ ឆ្នាំ​២០២២ មាន ជាង ១,៤ ​ពាន់​លាន​ដុល្លារ​។​

​សេចក្តីប្រកាស​ព័ត៌មាន​ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ការប្តេជ្ញា​ខាងលើ​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ស្ដីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​កម្ពុជា​ស្វ៊ី​ស រវាង​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ជាមួយនឹង​លោកស្រី Helene Budliger រដ្ឋលេខាធិការ​នៃ​រដ្ឋលេខាធិការដ្ឋាន​ស​ម្រា​ប់​កិច្ចការ​សេដ្ឋកិច្ច​នៃ​សហព័ន្ធ​ស្វ៊ី​ស Artieda នៅ​ទីក្រុង​ដា​វ៉ូស​ក្លូ​ស្ទ័​រ ប្រទេស​ស្វ៊ី​ស កាលពី​ថ្ងៃទី​ ១៩ ខែមករា ឆ្នាំ​២០២៣ អំឡុងពេល លោករដ្ឋមន្ត្រី​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ​ ២០២៣ របស់​វេទិកា​សេដ្ឋកិច្ចពិភពលោក​។​


​លោក សូរ​ស័ក្ដិ បាន​លើកឡើងថា កម្ពុជា​ស្វ៊ី​ស បាន​បង្កើត​ទំនាក់ទំនង​ការទូត​ជាមួយគ្នា​តាំងពី​ឆ្នាំ​ ១៩៦៣ ដែល​តាមរយៈ​នេះ​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ បង្ហាញ​សញ្ញា​វិជ្ជមាន​ជា​បន្តបន្ទាប់​។ ជាក់ស្តែង​ពាណិជ្ជកម្ម​ទ្វេភាគី​ដែលមាន​ប្រមាណ ៣៧៩​ លាន​ដុល្លារ​ក្នុង​ឆ្ នាំ​២០២០ បាន​កើន​ដល់​ជាង ៩៧៤ ​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២១​។ លោក​បន្តថា ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ​២ ឱ្យមាន​ទំហំ​ធំ​បន្ថែមទៀត កម្ពុជា​ស្វ៊ី​ស គួរ​ពិនិត្យ​លទ្ធភាព​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​។​


​លោក​លើកឡើងថា​៖ «​ភាគី​ទាំង​ ២ គួរ​ពិនិត្យ​លទ្ធភាព​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​ប្រទេស​ស្វ៊ី​ស ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋាភិបាល និង​ប្រទេស​ទាំង​២​ឱ្យ​កាន់តែ​ទូលំទូលាយ និង​ស៊ីជម្រៅ​»​។​


​ជាការ​ឆ្លើយតប លោកស្រី Helene Budliger Artieda បាន​ស្វាគមន៍​លើ​គំនិត​ផ្តួចផ្តើម​នេះ និង​បាន​បញ្ជាក់ថា រដ្ឋាភិបាល​ស្វ៊ី​ស បាននិងកំពុង​គាំទ្រ​កម្ពុជា​ក្នុង​ដំណើរការ​អន្តរកាល និង​កិច្ចខិតខំ​ប្រឹងប្រែង​នានា​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុងប្រទេស​កម្ពុជា​ផងដែរ​។​


​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បានឱ្យដឹងថា ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​ស្វ៊ី​ស ឆ្នាំ ​២០២២ មាន​សរុប ១ ៤៤៥,០៧២ ​លាន​ដុល្លារ កើន​ ៤៨,៣​ ភាគរយ បើ​ធៀប​ឆ្នាំ ​២០២១​។ ក្នុងនោះ​ការនាំ​ទំនិញ​ពី​ស្វ៊ី​ស មក​កម្ពុជា មាន ១ ៤៣៥,៧៩៦​ លាន​ដុល្លារ កើនឡើង ៤៩ ​ភាគរយ ខណៈ​ការនាំ​ទំនិញ​ពី​កម្ពុជា​ទៅ​ស្វ៊ី​ស មាន​ត្រឹមតែ ៩,២៧៥​ លាន​ដុល្លារ ធ្លាក់ចុះ ១០,៥​ ភាគរយ​។ បើតាម​តួលេខ​ខាងលើ គឺ​ជញ្ជីងពាណិជ្ជកម្ម​កម្ពុជា មាន​ឱនភាព​រហូតដល់ ១ ៤២៦,៥២១​ លាន​ដុល្លារ​។​


​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៤ ខែមករា​ថា ក្នុងនាម​ផ្នែក​ឯកជន លោក​ពិតជា​រីករាយ​ចំពោះ​ការប្តេជ្ញា​របស់​តំណាង​រដ្ឋាភិបាល​ប្រទេស​ទាំង​ ២ ក្នុងការ​រឹតចំណង​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ ជាពិសេស​គំនិត​ផ្តួចផ្តើម​ឈានទៅ​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​។ នៅពេល​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កាន់តែច្រើន គឺ​វា​មិន​ត្រឹមតែ​ផ្តល់ឱ្យ​កម្ពុជា​នូវ​ទីផ្សារ​នាំចេញ​កាន់តែច្រើន និង​មាន​លក្ខខណ្ឌ​ល្អ​ជាង​មុន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ជួយ​ទាក់ទាញ​អ្នកវិនិយោគ​ឱ្យមក​បណ្តាក់ទុន និង​បង្កើត​ការងារ​ក្នុងស្រុក​កាន់តែច្រើន​។​

​លោក​ថ្លែងថា​៖ «​ផ្នែក​ឯកជន​តែងតែ​គាំទ្រ​ការបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​បណ្តា​ប្រទេស​ផ្សេងៗ​។ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី នឹង​អាច​ដើរតួ​ជា​ជំនួយ​ដ៏​សំខាន់​ដល់​កម្ពុជា​នៅពេល​សុពលភាព​របស់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​មួយចំនួន​ដូចជា EBA (​ប្រព័ន្ធ​លើកលែង​ពន្ធគយ​របស់​សហគម​ន៍​អឺរ៉ុប​) ​ត្រូវបាន​បញ្ចប់​»​។​

​មន្ត្រី​នៃ​ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ទំនិញ​ដែល​កម្ពុជា​នាំ​ចេញទៅ​ប្រទេស​ស្វ៊ី​ស មានដូចជា ផលិតផល​វាយ​ន​ភណ្ឌ​, ត្បូង​មានតម្លៃ និង​ផលិតផល​កសិកម្ម​មួយចំនួន ចំណែក​ទំនិញ​ដែល​ប្រទេស​ស្វ៊ី​ស នាំមក​កម្ពុជា មានដូចជា ឱសថ និង​គ្រឿងចក្រ​ជាដើម​។​

​កាលពី​ថ្ងៃទី​ ១៦ ខែមិថុនា ឆ្នាំ​ ២០២២ នា​អំឡុង​ការធ្វើ​ទស្សនកិច្ច​របស់ លោក ប៉ាន សូរ​ស័ក្តិ ទៅកាន់​ក្រុមហ៊ុន Nestle Switzerland នៅក្នុង​ទីក្រុង Vevey ប្រទេស​ស្វ៊ី​ស ក្រុមហ៊ុន​នេះ​ក៏​ធ្លាប់​បានលើកឡើង​ពី​បំណង​មក​វិនិយោគ​លើ​ការបង្កើត​រោងចក្រ​នៅ​កម្ពុជា​ផងដែរ​៕