កម្ពុជាមាន​មហិច្ឆតា​ក្លាយជា​មជ្ឈមណ្ឌល​ផលិត​រថយន្ត និង​គ្រឿង​បង្គុំ​អេឡិចត្រូនិក​

Content image - Phnom Penh Post
រោងចក្រតម្លើងរថយន្ត Ford នៅស្រុកក្រគរ ខេត្តពោធិ៍សាត់។ រូបថត សហការី

ភ្នំពេញៈ កម្ពុជា មាន​ផែនការ​ប្រកបដោយ​មហិច្ឆតា​ក្នុងការ​ប្រែក្លាយ​ខ្លួន​ទៅជា​មជ្ឈមណ្ឌល​ផលិត​រថយន្ត និង​គ្រឿង​បង្គុំ​អេ​​ឡិច​ត្រូ​និក​សម្រាប់​នាំចេញ​ទៅ​ទីផ្សារ​ក្នុង​តំបន់ និង​ពិភពលោក ដោយ​ទាក់ទាញ​ការវិនិយោគ​បន្ថែម និង​ជំរុញ​ការនាំចេញ​ឱ្យលើស​ពី ២ ​ពាន់​លាន​ដុល្លារ​នៅត្រឹម​ឆ្នាំ​​​​ ២០២៧​។​

​យោងតាម​ផែនទី​បង្ហាញផ្លូវ​ការអភិវឌ្ឍ​វិស័យ​យានយន្ត និង​អេឡិចត្រូនិក​កម្ពុជា ដែល​ផ្តួចផ្ដើមឡើង​ដោយ​ក្រុមប្រឹក្សា​​អភិវឌ្ឍន៍​កម្ពុជា ​(CDC) និង​ចេញផ្សាយ​ជា​សាធារណៈ ​កាលពី​ថ្ងៃទី ​២៣ ខែមករា វិស័យ​​យានយន្ត​នៅ​កម្ពុ​ជាមាន​ការរីក​​ចម្រើន​យ៉ាង​ឆាប់រហ័ស​ក្នុង​រយៈ​​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។ ការនាំ​​ចេញ​ផ្នែក​យានយន្ត​ប្រចាំឆ្នាំ​ជា​មធ្យម​នៅក្នុង​អំឡុង​ឆ្នាំ ​២០១៦ ដល់​ឆ្នាំ​ ២០១៩ បាន​កើនឡើង​ទ្វេដង​នៃ​ការនាំចេញ​ចន្លោះ​ពី​ឆ្នាំ​ ២០០៩-២០១២ ​ដែល​ត្រូវបាន​ជំរុញ​ដោយ​កម្រិត​កា​រវិ​និ​​យោគ​បរទេស​កាន់តែ​ខ្ពស់​។​

CDC បានឱ្យដឹងថា បច្ចុប្បន្ន​ប្រទេស​ជប៉ុន​គឺជា​ប្រភព​សំខាន់​នៃ​ការវិនិយោគ​លើ​វិស័យ​យាន​​យន្ត​នៅ​កម្ពុជា ខណៈ​ទីផ្សារ​នាំ​ ចេញ​សំខាន់ៗ​រួមមាន​ប្រទេស​ថៃ និង​ជប៉ុន​។​CDC ត្រូវបាន​ដកស្រង់​សម្តី​ក្នុង​ផែនទី​បង្ហាញផ្លូវ​ថា ផែនទី​បង្ហាញផ្លូវ​នេះ​មាន​ចក្ខុវិស័យ​ប្រែក្លាយ​កម្ពុជា​ទៅជា​មជ្ឈមណ្ឌល​ប្រមូលផ្តុំ​សកម្ម​​ភាព​ផលិត​គ្រឿង​បង្គុំ​យានយន្ត និង​បរិក្ខារ​អេឡិចត្រូនិក​សម្រាប់​នាំចេញ​ទៅ​ទីផ្សារ​ក្នុង​តំបន់ និង​ពិភពលោក ដោយ​ចាប់ផ្តើម​ពី​ការផលិត​គ្រឿង​បង្គុំ និង​បរិក្ខារ​សាមញ្ញៗ​ឈាន​ឆ្ពោះទៅ​កសាង​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​អ្នកផ្គត់ផ្គង់​គ្រឿង​បង្គុំ​យានយន្ត និង​បរិក្ខារ​អេឡិចត្រូនិក ដែល​ប្រើប្រាស់​ជំនាញ និង​មានតម្លៃ​បន្ថែម​ខ្ពស់​សម្រាប់​រយៈពេល​វែង​។​

​លោក​បន្តថា ដើម្បី​សម្រេច​ចក្ខុ​វិស័យនេះ ផែនទី​បង្ហាញ​ផ្លូវការ​អភិវឌ្ឍ​វិស័យ​យានយន្ត និង​អេឡិចត្រូនិក​កម្ពុជា បានកំណត់​នូវ​វិធានការ​គន្លឹះ​ជា​អាទិភាព​ចំនួន ២០ តាម​ផ្នែក​ចំនួន​ ៥ រួមមាន យុទ្ធសាស្ដ្រ និង​ការ​សម្រប​​សម្រួល​អន្តរ​ស្ថាប័ន​, ធនធាន​​មនុស្ស និង​នវានុវត្តន៍​, ហេ​ដ្ឋា​​រចនាសម្ព័ន្ធ​, កិច្ច​សម្រួល​ពា​​ណិ​ជ្ជ​កម្ម​, និង​បរិយាកាស​ធុរកិច្ច និង​វិនិយោគ​។​

​លោក​ថ្លែងថា​៖ «​ខ្ញុំ​ជឿ​យ៉ាង​មុតមាំ​ប្រកបដោយ​សុទិដ្ឋិនិយម​ថា ផែនទី​បង្ហាញផ្លូវ​នេះ​នឹង​ក្លាយជា​ឯកសារ​គោល​ដ៏​មាន​សារៈ​​សំខាន់​ដែល​នឹង​ជួយ​តម្រង់ទិស​ការងារ និង​ការចូលរួមចំណែក​រប​ស់​ក្រសួង​ស្ថាប័ន វិស័យ​ឯក​​ជន និង​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំង​​អស់​នៅក្នុង​ការជំរុញ​ការអភិវឌ្ឍ​វិស័យ​យានយន្ត និង​អេ​ឡិច​​ត្រូ​និក​នៅ​កម្ពុជា​។ ទន្ទឹមនឹងនេះ ដើម្បី​ធានាថា បញ្ហា​រាំងស្ទះ​នា​​នា​ត្រូវបាន​ដោះស្រាយ​ប្រកប​​ដោយ​ប្រសិទ្ធភាព និង​ទាន់ពេល គឺ​ចាំបាច់​ត្រូវតែមាន​ការចូល​រួមសហកា​រ​យ៉ាង​ជិតស្និទ្ធ​ប្រកប​​ដោយ​ស្មារតី​ម្ចាស់ការ និង​ការ​​ទទួលខុសត្រូវ​ខ្ពស់​ពី​គ្រប់​អង្គ​​ភាព​ពាក់ព័ន្ធ​»​។​

​លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន​ សែន ត្រូវបាន​ដកស្រង់​សម្ដី​នៅក្នុង​ផែនទី​បង្ហាញផ្លូវ​នេះ ដោយ​លើកឡើងថា តាមរយៈ​ការដាក់ចេញ​ផែនទី​បង្ហាញផ្លូវ​នេះ កម្ពុជា​អាច​ទាញយក​អត្ថប្រយោជន៍​ជា​អតិបរមា​ពី​កាលានុវត្តភាព​បង្កើត​ដោយ​និន្នាការ​ចម្បងៗ ដែល​នឹង​ផ្លាស់ប្តូរ​ខ្សែចង្វាក់​តម្លៃ​នាពេលខាងមុខ ព្រមទាំង​ការ​​ធ្វើ​ទំនើបកម្ម និង​ពិពិធ​កម្ម​មូល​​ដ្ឋា​ន​ឧស្សាហកម្ម ទៅរក​សកម្ម​​ភាព​ផលិតកម្ម​ថ្មី ដែលមាន​តម្លៃបន្ថែម​ខ្ពស់ និង​បង្កើន​ជំនាញ​ព្រមទាំង​ឯកទេសកម្ម​នៃ​កម្លាំង​​ពលកម្ម​កម្ពុជា​ផងដែរ​។​

​លោក​ថ្លែងថា​៖ «​ខ្ញុំ​ជឿ​យ៉ាង​​មុតមាំ​ថា ផែនទី​បង្ហាញផ្លូវ​នេះ នឹង​ក្លាយជា​មគ្គុទេសក៍​សំខាន់​សម្រាប់​ជំរុញ​ការអភិវឌ្ឍ​វិស័យ​យានយន្ត និង​អេឡិចត្រូនិក សំដៅ​រួមចំណែក​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ចកម្ពុជា​ប្រកបដោយ​ភាព​​ធន់ ចីរភាព និង​បរិ​យា​ប័ន្ន​»​។​

​យោងតាម​ផែនទី​បង្ហាញផ្លូវ​នេះ ការនាំចេញ​គ្រឿង​បង្គុំ​យាន​​យន្ត​បាន​កើនឡើង​ជាង ៣​ ដង ពី ៦០​ លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៥ ដល់ ២០០ ​លាន​ដុល្លារ ក្នុង​ឆ្នាំ​ ២០១៩ ខណៈ​ការនាំចេញ​បរិ​​ក្ខា​រ​អេឡិចត្រូនិក​បាន​កើនឡើង ២០​ ភាគរយ​ក្នុង​ ១ ​ឆ្នាំ​ពី​ប្រមាណ ៤០០ ​លាន​ដុល្លារ​នៅក្នុង​ឆ្នាំ​ ២០១៥ ដល់​ប្រមាណ​ ៩០០ លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៩​។​

​ផែនទី​បង្ហាញផ្លូវ​នេះ​គឺមាន​គោលដៅ​បង្កើន​ទំហំ​នាំចេញ​នៅក្នុង​វិស័យ​យានយន្ត​ប្រមាណ ៥០០​ លាន​ដុល្លារ និង​នៅក្នុង​វិស័យ​អេឡិចត្រូនិក​ប្រមាណ ១,៦ ​ពាន់​លាន​ដុល្លារ​នៅត្រឹម​ឆ្នាំ​ ២០២៧ និង​បង្កើត​ការងារ​ថ្មី​នៅក្នុង​វិស័យ​យានយន្ត​ប្រមាណ ១០ ០០០​ កន្លែង និង​នៅក្នុង​វិស័យ​អេឡិចត្រូនិក​ប្រមាណ ១៦ ០០០​ កន្លែង​នៅត្រឹម​ឆ្នាំ​ ២០២៧ ផងដែរ​៕

ព័ត៌មានថ្មីៗ