ភ្នំពេញៈ អគ្គនាយក​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ ​(CSX) បាន​អះអាងថា នឹង​ទទួលបាន​ក្រុមហ៊ុន​ឯកជន​ធ្វើការ​ចុះបញ្ជី​ប្រមាណ​ ៣ ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២៣ នេះ​ដែល​ឆ្លុះបញ្ចាំង​ពី​ការរីកលូតលាស់​នៃ​ផ្សា​រមូល​ប​ត្រ ហើយនឹង​កាន់តែ​បង្ហាញ​សាធារណជន​ឱ្យឃើញ​ច្បាស់​ថា កន្លែង​នេះ គឺជា​ប្រភព​ទុន​ថ្មី​មួយទៀត​សម្រាប់​បណ្តា​សហគ្រាស និង​ក្រុមហ៊ុន​នានា​កៀរគរ​ទុន​ដើម្បី​ពង្រីក​អាជីវកម្ម​។​

​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ២៤ ខែមករា លោក ហុង សុ​ហួរ អគ្គនាយក CSX បានឱ្យដឹងថា បច្ចុប្បន្ន​ក្រុមហ៊ុន​មកពី​វិស័យ​អប់រំ គឺ​ក្រុមហ៊ុន Mengly J Quach Education Plc (MJQE) ​របស់​វិនិយោគិន​ក្នុងស្រុក គឺ​កំពុង​រៀបចំខ្លួន​ធ្វើការ​បោះផ្សាយ​មូល​ប​ត្រ​កម្មសិទ្ធិ​ក្នុងពេល​ឆាប់ៗ​នេះ ខណៈ​មាន​ក្រុមហ៊ុន​ចំនួន ២ ផ្សេងទៀត​មកពី​វិស័យ​ហិរញ្ញវត្ថុ និង​ទូរគមនាគមន៍ ក៏​គ្រោង​នឹងធ្វើ​ការបោះ​ផ្សាយ​សញ្ញា​បណ្ណ​នៅក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​នេះដែរ​។​


​លោក​និយាយថា​៖ «​សម្រាប់​ត្រីមាស​ទី​ ១​ ឆ្នាំនេះ ខ្ញុំ​នឹង​ទទួលបាន​ក្រុមហ៊ុន​ ២ ឬ​ ៣ ដែល​ធ្វើការ​បោះផ្សាយ​មូល​ប​ត្រ​កម្មសិទ្ធិ និង​មូល​ប​ត្រ​បំណុល​ដែល​ក្រុមហ៊ុន​ទាំងនោះ​មកពី​វិស័យ​អប់រំ ហិរញ្ញវត្ថុ និង​ទូរគមនាគមន៍​។ យើង​រំពឹងថា​នឹង​ទាក់ទាញ​ក្រុមហ៊ុន​ធំៗ​ចូលមក​ធ្វើការ​បោះផ្សាយ​មូល​ប​ត្រ​កម្មសិទ្ធិ ឬ​មូល​ប​ត្រ​សាជីវកម្ម ឬ​បៃតង​ដើម្បី​ធ្វើការ​កៀរគរ​មូលនិធិ​បន្ថែម​សម្រាប់​ពង្រីក​អាជីវកម្ម​របស់​ពួកគេ​»​។​


​ក្រុមហ៊ុន Mengly J. Quach Education PLC (MJQE) ដែល​គ្រប់គ្រង​សាលា​អន្តរទ្វីប​អាមេរិកាំង ​(AIS) របស់លោក គួច ម៉េង​លី គ្រោង​នឹង​ចុះបញ្ជី​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ (CSX)​ ក្នុង​ខែមករា​នេះ ដើម្បី​ប្រមូល​មូលនិធិ​បន្ថែម​សម្រាប់​ពង្រីក​អាជីវកម្ម​របស់ខ្លួន និង​បំពេញ​តាម​គោលដៅ​ក្នុងការ​បង្កើត​សាខា​ឱ្យបាន​ចំនួន ១៦០ នៅ​ទូទាំងប្រទេស​។​


​លោក គួច ម៉េង​លី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថ្មីៗ​នេះ​ថា លោក​មាន​ផែនការ​ក្នុងការ​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​លើកដំបូង​ជា​សាធារណៈ ​(IPO)​ កាលពី​ប៉ុន្មាន​ឆ្នាំមុន ប៉ុន្តែ​ដោយសារ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​ ១៩ ទើប​ក្រុមហ៊ុន​សម្រេច​ពន្យារពេល​រហូតដល់​ពេលនេះ​។​


​លោក​លើកឡើងថា​៖ «​គោលបំណង​ដ៏​សំខាន់ គឺ​ការប្រមូល​មូលនិធិ​ដើម្បី​ពង្រីក​សាលារៀន​បន្ថែម​ទៅកាន់​តំបន់​ដែល​ប្រជាជន​ចង់ឱ្យ​យើង​ទៅ ហើយ​យើង​មាន​ផែនការ​បង្កើត​សាលា​ជាង​ ១០០ ដោយ​ឥឡូវ​យើង​មាន ១៥ ​សាខា​រួចទៅហើយ ដូច្នេះ​យើង​មាន​ផែនការ​ពង្រីក​ឱ្យបាន ១៦០ ​សាខា ទៅកាន់​មូលដ្ឋាន​ ២៥ ​ខេត្ត​ក្រុង​»​។​


​ជាមួយនឹង IPO នេះ លោក ម៉េង​លី ប្រាប់​ឱ្យដឹងថា លោក​គ្រោង​នឹង​ចេញលក់​ភាគហ៊ុន​ជុំ​ទី​ ២ និង ​៣ ហើយ​សម្រាប់​ជុំ​ទី​ ១ លោក​គ្រោង​នឹង​ចេញលក់​ភាគហ៊ុន​ចន្លោះ​ពី ៦ ទៅ ១០ ភាគរយ​នៃ​ជុំ​ទី​ ១​ ប៉ុណ្ណោះ និង​ច្រើន​បំផុត​២០​ភាគរយ​នៃ​ភាគហ៊ុន​ក្រុមហ៊ុន​ទាំងមូល​។​

​លោក ហុង សុ​ហួរ បាន​លើកឡើងថា គិត​មកដល់ពេលនេះ CSX ពុំទាន់​ទទួលបាន​ឯកសារ​ផ្លូវការ​នៃ​ការស្នើសុំ​បោះផ្សាយ​ពី​ក្រុមហ៊ុន MJQE នៅឡើយ​ទេ ប៉ុន្តែ​គ្រាន់តែ​បានធ្វើការ​ជា​លក្ខណៈ​ក្រៅផ្លូវការ​មួយចំនួនធំ​រួចហើយ​។​

​បើ​យោងតាម​លោក សុ​ហួរ គិត​មក​ត្រឹម​ថ្ងៃទី ​១៩ ខែមករា ឆ្នាំ​ ២០២៣ CSX មាន​ក្រុមហ៊ុន​ចុះបញ្ជី​ចំនួន​ ១៨ ដែល​រួមមាន​ក្រុមហ៊ុន​ចំនួន​ ៩ បាន​ចុះបញ្ជី​ជា​ភាគហ៊ុន និង​ ៩ ចុះបញ្ជី​ជា​សញ្ញា​បណ្ណ​សាជីវកម្ម​។ ក្រុមហ៊ុន​ទាំង ​១៨ ​នេះ​បាន​ប្រមូល​ទុន​ពី​ផ្សា​រមូល​ប​ត្រ​ប្រមាណ ៣១៧ ​លាន​ដុល្លារ​។ ទន្ទឹមនឹង​ការកើនឡើង​នៃ​ចំនួន​ក្រុមហ៊ុន​ចុះបញ្ជី បរិមាណ និង​ទំហំ​ជួញដូរ​ភាគហ៊ុន​ប្រចាំ​ថ្ងៃជា​មធ្យម​ក៏មាន​ការកើនឡើង​ជា​លំដាប់​ផងដែរ​។ ជាក់ស្តែង​នៅក្នុង​ឆ្នាំ​ ២០២២ ទំហំ​ជួញដូរ​ប្រចាំ​ថ្ងៃជា​មធ្យម​មាន​ប្រមាណ ៥០ ​ម៉ឺន​ដុល្លារ និង​ចំនួន​គណនី​ជួញដូរ​បាន​កើនឡើង​ដល់​ទៅ​ ៣៦ ០០០ គណនី​៕