ភ្នំពេញៈ ក្រុមហ៊ុន ២២២ បានទទួលជោគជ័យ (Approved) ក្នុងការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី១ (Progress of Online Business Registration System via IT Platform phase 1) នារយៈពេល ១ សប្តាហ៍ គិតចាប់ពីរសៀលថ្ងៃទី ១៦ ដល់រសៀលថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៣ ដែលធ្វើឱ្យចំនួនក្រុមហ៊ុនទទួលជោគជ័យក្នុងការចុះបញ្ជីតាម «Single Portal» កើនឡើងដល់ ២១ ១៣៧។ នេះបើយោងតាមសេវាកម្ម Online Business Registration Service។
យោងតាម Online Business Registration Service គិតត្រឹមរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ក្រុមហ៊ុនដែលបានចុះបញ្ជីដោយជោគជ័យតាមប្រព័ន្ធ Single Portal មានចំនួនសរុប ២១ ១៣៧ ខណៈក្រុមហ៊ុនដែលមានទទួលជោគជ័យលើការសុំនាមករណ៍បម្រុងទុក(Reservations) មានចំនួន ១៣ ៣០៤ និងមានចំនួន ២ ត្រូវបានបដិសេធ(Rejected)។
រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២០ បានដាក់ឱ្យដំណើរការការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដែលហៅថា «Single Portal» ដោយបានដាក់ក្រសួង-ស្ថាប័នរដ្ឋ ចំនួន ៦ គឺក្រសួងមហាផ្ទៃ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងពាណិជ្ជកម្ម, ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, អគ្គនាយកដ្ឋានពន្ធដារ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ បន្ទាប់ពីដំណើរការបាន ៣ខែ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ រដ្ឋាភិបាលក៏បានដាក់បញ្ចូលក្រសួង-ស្ថាប័ន មួយចំនួនបន្ថែមទៀតរួមមាន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងទេសចរណ៍, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, និង និយតករអាជីវកម្មអចលនទ្រព្យ និងបញ្ចាំនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍នាថ្ងៃទី២៤ ខែមករា ថា ការសម្រួលនីតិវិធីឱ្យមានភាពងាយស្រួល ឆាប់រហ័ស និងការពង្រឹងការអនុវត្តច្បាប់ឱ្យមានតម្លាភាព គឺជំរុញឱ្យម្ចាស់ក្រុមហ៊ុន/អាជីវកម្មជាច្រើននាំគ្នាមកចុះបញ្ជី។ ការចុះបញ្ជី មិនត្រឹមតែជួយឱ្យរដ្ឋាភិបាលអាចគ្រប់គ្រងបានពីដំណើរវិវឌ្ឍន៍នៃប្រភេទនៃអាជីវកម្ម និងប្រមូលពន្ធប៉ុណ្ណោះទេ ប៉ុន្តែក៏អាចជួយឱ្យរដ្ឋាភិបាលរៀបចំគោលនយោបាយជួយគាំពារប្រភេទអាជីវកម្មមួយចំនួនផងដែរ។ លោកបន្ថែមថា នៅពេលគ្រប់ដំណើរការអាជីវកម្មត្រូវបានធ្វើក្រោមច្បាប់ រដ្ឋាភិបាលក៏ងាយស្រួលទាក់ទាញវិនិយោគិនពីក្រៅប្រទេសឱ្យចូលមកបណ្តាក់ទុនផងដែរ។
លោកបន្ថែមថា៖«ការចុះបញ្ជី គឺជួយធ្វើឱ្យការប្រកួតប្រជែងកាន់តែមានតម្លាភាព និងយុត្តិធម៌ ព្រោះបើអាជីវកម្មប្រភេទ និងទំហំប្រហាក់ប្រហែលគ្នាការជាប់កាតព្វកិច្ចពន្ធ និងផ្លូវច្បាប់ក៏ប្រហាក់ប្រហែលគ្នាដែរ»។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង ធ្លាប់និយាយកាលពីពេលថ្មីៗនេះថា ការចុះបញ្ជីតាមSingle Portal គឺជាការឆ្លើយតបនឹងបរិបទនៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ន ដោយម្ចាស់អាជីវកម្មភាគច្រើន គឺមិនមានពេលរង់ចាំការចុះបញ្ជីពីកន្លែង ១ទៅកន្លែង១ និងឯកសារច្រើនទៀតទេ។ លោកបន្តថា ប្រព័ន្ធនៃការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានកំពុងផ្តល់ប្រយោជន៍ជាច្រើនសម្រាប់សេដ្ឋកិច្ចកម្ពុជា ដោយវាមិនត្រឹមតែជួយបង្រួមពេលវេលា កាត់បន្ថយអំពើពុករលួយ ថវិកា និងនីតិវិធីដែលមានភាពស្មុគស្មាញនៅតាមក្រសួងស្ថាប័នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការលើកទឹកចិត្តដល់អ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុកដែលមានបំណងចាប់ផ្តើមអាជីវកម្មនៅកម្ពុជាទៀតផង។
លោកបញ្ជាក់ថា៖«ប្រព័ន្ធនេះក៏ដើរស្របនឹងការរីកចម្រើននៃសម័យបច្ចេកវិទ្យាពិភពលោក និងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ ដែលរាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកផងដែរ»។ លោកបន្ថែមថា៖ «អ្នកវិនិយោគតែងតែចង់បានប្រព័ន្ធចុះបញ្ជីមួយដែលមានភាពងាយស្រួល ឆាប់រហ័ស និងចំណាយតិច។ នេះជាអ្វីដែលវិស័យឯកជនចង់បាន។ ការបង្កភាពងាយស្រួលក្នុងការចុះឈ្មោះ គឺជាការលើកទឹកចិត្ត១ផ្នែកដល់អ្នកដែលចង់បើកអាជីវកម្មនៅកម្ពុជា»។
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន «Single Portal» គឺជាផ្នែកមួយនៃការដ្ឋានកែទម្រង់ប្រកបដោយស្មារតីបុរេសកម្មរបស់រាជរដ្ឋាភិបាល ដោយការបង្កើតប្រព័ន្ធនេះបានឈរលើគោលការណ៍ចំនួន ៣ រួមមាន ការកាត់បន្ថយនីតិវិធីស្មុគស្មាញ, ការកាត់បន្ថយចំណាយ, និងការកាត់បន្ថយពេលវេលាត្រួតពិនិត្យ។
លោកបានថ្លែងថា៖«ខ្ញុំជឿជាក់យ៉ាងមុតមាំថា ជាមួយនឹងការចូលរួមសហការស្អិតល្មួតពីក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាននឹងក្លាយជាចំណុចចាប់ផ្តើមមួយដ៏មានសក្តានុពលលើការផ្តល់សេវាសាធារណៈឌីជីថល និងកាលានុវត្តភាពចំពោះសេដ្ឋកិច្ចជាតិ តាមរយៈការចាប់យកបច្ចេកវិទ្យាឌីជីថលជាស្នូល»៕