
រូបភាព ក្រសួងសាធារណការ
ក្រសួងសាធារណការនិងដឹកជញ្ជូន តម្រូវក្រុមហ៊ុន SINGA CMS LOGISTICS CO., LTD. ដែលមានបំណងដឹកជញ្ជូនទំនិញ (ទួរប៊ីនខ្យល់/Wind Power) ពីកំពង់ផែក្រុងព្រះសីហនុ ទៅច្រកព្រំដែនត្រពាំងគ្រាល ក្នុងខេត្តស្ទឹងត្រែង តាមផ្លូវល្បឿនលឿន ត្រូវរាយការណ៍ សិក្សា និងពិនិត្យឱ្យបានច្បាស់លាស់ មុននឹងដឹកជញ្ជូនទំនិញប្រភេទនេះ។
ក្រុមហ៊ុន SINGA CMS LOGISTICS CO., LTD. បានស្នើសុំ ក្រសួងសាធារណការ ដឹកជញ្ជូនទំនិញ (ទួរប៊ីនខ្យល់/Wind Power) ពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅច្រកព្រំដែនត្រពាំងគ្រាល ក្នុងខេត្តស្ទឹងត្រែង ដោយត្រូវឆ្លងកាត់ផ្លូវជាតិលេខ៤ លេខ៦, លេខ៧, លេខ៨ និងឆ្លងកាត់ស្ពានតូចធំជាច្រើនផងដែរ ដែលការដឹកនេះ អាចធ្វើឱ្យប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំងនេះ ដែលទាមទារឱ្យត្រូវស្នើសុំនិងពិនិត្យឱ្យបានច្បាស់លាស់មុននឹងធ្វើការដឹកជញ្ជូន។
នៅក្នុងជំនួបពិភាក្សាជាមួយក្រុមហ៊ុននេះ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនលោក ពៅ ម៉ាលី បានផ្ដល់អនុសាសន៍ឱ្យក្រុមហ៊ុនពិភាក្សាជាមួយអគ្គនាយកដ្ឋានសាធារណការ អគ្គនាយកដ្ឋានបច្ចេកទេស អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ ដើម្បីពិនិត្យឱ្យបានច្បាស់លាស់។
លោកបានបញ្ជាក់បន្ថែមថា ក្រុមហ៊ុន គួរពិភាក្សា និងប្រឹក្សាយោបល់ជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីដោះស្រាយបញ្ហាទាក់ទងនឹងពន្ធនាំចូល និងជាមួយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) ដើម្បីស្នើសុំធ្វើប្រតិបត្តិការដឹកជញ្ជូនលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុផងដែរ។
លោករដ្ឋលេខាធិការ ក៏បានផ្ដល់អនុសាសន៍ឱ្យក្រុមហ៊ុនធ្វើលិខិតស្នើសុំដោយបញ្ជាក់ពីព័ត៌មានលម្អិត ព្រមទាំងកិច្ចសន្យា របាយការណ៍សិក្សាស្រាវជ្រាវពីផលប៉ះពាល់ និងដំណោះស្រាយដាក់ជូនមកក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពិនិត្យ និងសម្រេច៕