ភ្នំពេញៈ ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ចំណូល​ពន្ធដារ និង​បង្ក​ភាពងាយស្រួល​សម្រាប់​អ្នក​ជាប់​កាតព្វកិច្ច​ពន្ធ បច្ចុប្បន្ន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ជាមួយ​ធនាគារពាណិជ្ជ​ចំនួន ១០ រួចមក​ក្នុងការ​អនុញ្ញាតឱ្យ​ធនាគារ​ជា​ដៃគូ​ផ្តល់នូវ​សេវា​ទទួល​ប្រាក់​ពន្ធ​។ នេះ​បើ​យោងតាម​អគ្គនាយកដ្ឋាន​ពន្ធដារ​។​

​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​កិច្ចប្រជុំ​រវាង​ក្រុមការងារ​នៃ​អគ្គនាយក​ដា្ឋ​ន​ពន្ធដារ ​និង​ធនាគារពាណិជ្ជ​ដៃគូ ដើម្បី​ពិនិត្យ​ពិភាក្សា​តាមដាន​វឌ្ឍនភាព​និង​ពង្រឹង​ការអនុវត្ត​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ធនាគារពាណិជ្ជ​ដៃគូ កាលពី​ថ្ងៃទី​២៦ ខែមករា ឱ្យដឹងថា កិច្ចប្រជុំ​ដែល​រៀបចំឡើង​ដោយ​អគ្គនាយកដ្ឋាន​ពន្ធដារ​តាម​ប្រព័ន្ធ​វីដេអូ ​Zoom ​ជាមួយ​ធនាគារ​ដៃគូ​នេះ គឺធ្វើឡើង​ក្នុង​គោលបំណង​ពិភាក្សា​កិច្ចការ​បច្ចេកទេស​ក្នុង​ការផ្តល់សេវា​ទទួល​ប្រាក់​ពន្ធ​-​អាករ​គ្រប់​ប្រភេទ តាម​ធនាគារពាណិជ្ជ​ដៃគូ​។​


​យោងតាម​អគ្គនាយកដ្ឋាន​ពន្ធដារ ធនាគារពាណិជ្ជ​ទាំង ១០ ដែលជា​ដៃគូ​រួមមាន ធនាគារ កាណាឌីយ៉ា ក​.​អ​, ធនាគារ អេស៊ីលីដា ភីអិលស៊ី​, ធនាគារ កម្ពុជា​សាធារណៈ ភីអិលស៊ី​, ធនាគារ វឌ្ឍនៈ​, ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់​, ធនាគារ ប្រៃសណីយ៍​កម្ពុជា ក​.​អ​, ធនាគារ ពាណិជ្ជ​ក្រៅប្រទេស​នៃ​កម្ពុជា​, ធនាគារ ស្ថាបនា ភីអិលស៊ី​, ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់​, និង ធនាគារ​វី​ង (​ខេ​ម​បូ​ឌា​) ម​.​ក​។​

​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ លោក កែន សម្បត្តិ បានលើកឡើង​ក្នុង​កិច្ចប្រជុំ​ខាងលើ​ថា គិត​មកដល់ពេលនេះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ជាមួយ​ធនាគារពាណិជ្ជ​ចំនួន ១០​រួចមកហើយ ដែល​នេះ​ជា​យន្តការ​មួយ​ក្នុង​ការជួយ​សម្រួល​សេវា​បង់ពន្ធ ក៏ដូចជា​ការ​បង្ខិត​សេវា​បង់ពន្ធ​ឱ្យទៅ​ជិត​អ្នក​ជាប់ពន្ធ ក្នុងន័យ​សំដៅ​ឱ្យ​អ្នក​ជាប់ពន្ធ​មាន​ភាពងាយស្រួល​ក្នុងការ​បង់ពន្ធ ជាពិសេស​នៅ​អំឡុងពេល​មាន​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​១៩ ដែល​អនុញ្ញាតឱ្យ​អ្នក​ជាប់ពន្ធ​អាចធ្វើ​ការប្រកាស និង​បង់ប្រាក់​ពន្ធ​តាមរយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន E-Filling និង E-Payment ពី​គេហដ្ឋាន ឬ​ការិយាល័យ​របស់ខ្លួន ឬ​ពី​ទីតាំង​ណាមួយ​ក៏បាន​ឱ្យតែ​មាន​ប្រព័ន្ធ​Internet ដោយ​មិនចាំបាច់​ធ្វើដំណើរ​មកជួប​ផ្ទាល់​ជាមួយ​មន្ត្រីរដ្ឋបាល​ពន្ធ​ដារ ឬ​បុគ្គលិក​សាខា​ធនាគារពាណិជ្ជ​ដៃគូ​ឡើយ​។​


​លោក​ថ្លែងថា​៖«​ការចុះ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ធនាគារពាណិជ្ជ​ដៃគូ គឺ​ដើម្បី​អនុញ្ញាតឱ្យ​ធនាគារពាណិជ្ជ​ដៃគូ​ផ្តល់​សេវា​ទទួល​ប្រាក់​ពន្ធ​នេះ គឺ​ស្ថិតក្នុង​ក្របខ័ណ្ឌ​នៃ​ការអនុវត្ត​កម្មវិធី​កំណែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ និង​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​របស់​រាជរដ្ឋាភិបាល​»​។​

​ក្នុងឱកាស​នោះ លោក​ក៏បាន​ជំ​រុញឱ្យ​ធនាគារពាណិជ្ជ​ដៃគូ ត្រូវខិតខំ​យកចិត្ត​ខ្ពស់​ក្នុង​ការពង្រឹង និង​បង្កើន​ប្រសិទ្ធភាព​នៃ​ការផ្តល់សេវា​ទទួល​ប្រាក់​ពន្ធ​ជូន​អគ្គនាយកដ្ឋាន​ពន្ធដារ​ឱ្យបាន​កាន់តែ​ល្អប្រសើរ ដើម្បី​លើកកម្ពស់​ការផ្តល់សេវា​បង់ពន្ធ​ជូន​អ្នក​ជាប់ពន្ធ និង​អនុលោមភាព​សារពើពន្ធ​។ ជាមួយគ្នានេះ​សូម​ធនាគារពាណិជ្ជ​ដៃគូ បន្ត​សហការ​ជិតស្និទ្ធ​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ ដើម្បី​ដោះស្រាយ​បញ្ហា​បច្ចេកទេស​ពាក់ព័ន្ធ​នឹង​ការទទួលប្រាក់​ពន្ធ​ផងដែរ​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង កន្លងមក​ធ្លាប់បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការដាក់ឱ្យ​ដំណើរការ​នីតិវិធី​ក្នុងការ​បង់ពន្ធ​តាម​ធនាគារ​គឺ​មិន​ត្រឹមតែ​ធ្វើឱ្យ​រដ្ឋ​អាច​ប្រមូល​ចំណូល​បាន​ច្រើនជាង​មុន និង​កាត់​ប្ថ​យ​អំពើពុករលួយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​ឱ្យ​អ្នក​ជាប់ពន្ធ​មាន​ភាពងាយស្រួល​ជាង​មុន ដែល​ពេលខ្លះ​ត្រូវ​កកស្ទះ​នៅតាម​សាខា​ពន្ធដារ​រហូត​ហួសពេល និង​ត្រូវ​ជាប់​ពិន័យ​ទៀតផង​។

លោក​បន្តថា ការបង់ពន្ធ​តាមរយៈ​ប្រព័ន្ធ​ធនាគារ​នេះ ក៏​ជា​ផ្នែក​មួយ​ក្នុង​កាត​ទាក់ទាញ​អ្នកវិនិយោគ​ឱ្យ​បណ្តាក់ទុន​នៅ​កម្ពុជា​ផងដែរ​។​

​លោក​ថ្លែងថា​៖«​ការបង់​ពន្ធដារ​តាម​ប្រព័ន្ធ​ធនាគារ គឺ​មិន​ត្រឹមតែ​ជួយ​ឱ្យ​រដ្ឋ​រកចំណូលបាន​ច្រើន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​មិន​ធ្វើឱ្យ​អ្នក​ជាប់ពន្ធ​ត្រូវ​ចំណាយពេល​ទៅ​បង់ពន្ធ​ដោយផ្ទាល់​ផងដែរ​»​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាស​ចូលរួម​ពិធីបើកការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ និង​ផ្លូវ​ត​ភ្ជាប់​ស្ពាន​នៅក្នុង​ខេត្តក្រចេះ កាលពី​ព្រឹក​ថ្ងៃទី​២ ខែមករា បាន​លើកឡើងថា បន្ទាប់ពី​ការប្រមូល​ចំណូល​ពន្ធ​ធ្លាក់ចុះ​មួយរយៈ​ដោយសារ​វិបត្តិ​បណ្តាលមកពី​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ ​១៩ ប្រទេស​កម្ពុជា​ចាប់ផ្តើម​បង្ហាញ​ភាព​រីកចម្រើន​លើ​គ្រប់​វិស័យ​ឡើងវិញ​ជា​បន្តបន្ទាប់ ក្នុងនោះ​ការប្រមូល​ចំណូល​ថវិកាជាតិ​ក៏​កើនឡើង​គួរឱ្យកត់សម្គាល់​ដែរ​។ ក្នុង​ឆ្នាំ​២០២២ ចំណូល​ដែល​អគ្គនាយកដ្ឋាន​ពន្ធ​ដារ​ប្រមូលបាន គឺមាន​ចំនួន ៣ ៤៥៥ លាន​ដុល្លារ ស្មើ ១២២,៥៤ ភាគរយ​នៃ​ច្បាប់​ថវិកា​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២២​៕