ខេត្តព្រះសីហនុបានទទួលជើងហោះហើរទី១ មកពីប្រទេសចិន ឡើងវិញ

ភ្នំពេញៈ មន្ត្រីនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងមន្ត្រីខេត្តព្រះសីហនុ បានលើកឡើងថា ការហោះហើរត្រង់នៃជើងហោះហើរពីខេត្តយូណាន ប្រទេសចិន មកខេត្តព្រះសីហនុ កាលពីថ្ងៃទី ២៧ ខែមករា គឺជាការបើកទំព័រនៃការត្រឡប់មកវិញរបស់ភ្ញៀវទេសចរអន្តរជាតិ ពិសេសភ្ញៀវចិន ក្រោយពីអាក់ខានដោយសារការរីករាលដាលជំងឺកូវីដ ១៩ ជាង ២ ឆ្នាំកន្លងមក។
កាលពីថ្ងៃទី ២៧ មករា អាកាសយានដ្ឋានអន្តរជាតិកងកេង ខេត្តព្រះសីហនុ បានទទួលជើងហោះហើរជាលើកដំបូងមកពីប្រទេសចិន បន្ទាប់ពីរដ្ឋាភិបាលចិនអនុញ្ញាតឱ្យប្រជាជនខ្លួនចេញក្រៅប្រទេសឡើងវិញ ជាមួយវត្តមានភ្ញៀវចំនួន ១០៤ នាក់ និងក្រុមអ្នកបម្រើការលើយន្តហោះ ៦ នាក់។ នេះបើយោងតាមក្រសួងទេសចរណ៍។
អ្នកដំណើរ និងភ្ញៀវទេសចរចិនទាំង ១០៤ នាក់ បានចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិគួនមីង (យូណាន) និងមកដល់អាកាសយានដ្ឋានអន្តរជាតិកងកេង ម៉ោង ៩:៤៥ នាទីតាមជើងហោះហើរក្រុមហ៊ុន Ruili Airline។
ក្នុងដំណើរចុះចតនៅខេត្តព្រះសីហនុលើកដំបូងនេះក៏ទទួលបានការស្វាគមន៍ពីសំណាក់ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងតំណាងអាជ្ញាធរខេត្តព្រះសីហនុផងដែរ។
លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងឱកាសទទួលបដិសណ្ឋារកិច្ចភ្ញៀវមកពីប្រទេសចិននៅអាកាសយានដ្ឋានព្រះសីហនុលើកដំបូងនោះ កម្ពុជាក៏មានរៀបចំបដាស្វាគមន៍ និងផ្សព្វផ្សាយពីការត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលភ្ញៀវទេសចរមកពីចិន និងមកពីជុំវិញពិភពលោក។ លោកបញ្ជាក់ថា កម្ពុជាមិនមានវិធានការបង្ការ ឬការធ្វើតេស្តរកមេរោគកូវីដ១៩ចំពោះភ្ញៀវទេសចរចិនឡើយ ពោលគឺគេអាចធ្វើដំណើរកម្សាន្តដោយសេរីនៅខេត្តព្រះសីហនុ និងនៅទូទាំងប្រទេសកម្ពុជា។
លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានលើកឡើងថា ការហោះហើរត្រង់ពីអាកាសយានដ្ឋានអន្តរជាតិគួនមីងមកព្រលានយន្តហោះអន្តរជាតិកងកេងខេត្តព្រះសីហនុ គឺជាការបង្ហាញអំពីការត្រឡប់មកវិញនៃភ្ញៀវទេសចរ និងធុរជនចិនមកកាន់កម្ពុជា។
លោកនិយាយថា៖ «យើងដឹងហើយថាថ្មីៗនេះរដ្ឋាភិបាលចិនបានលុបចោលគោលនយោបាយកូវីដសូន្យដែលជាការបើកផ្លូវឱ្យពលរដ្ឋខ្លួនអាចធ្វើដំណើរទៅទស្សនាក្រៅប្រទេសបាន ដូច្នេះការហោះហើរត្រង់ពីស្រុកចិនមកកាន់ខេត្តព្រះសីហនុនេះគឺជាការចាប់ផ្តើមការត្រឡប់មកវិញនៃភ្ញៀវចិនមកកាន់កម្ពុជា»។
អភិបាលរងខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៩ ខែមករាថា ការមកដល់នៃភ្ញៀវទេសចរចិននេះគឺជាការបើកទំព័រថ្មីមួយក្នុងការស្វាគមន៍ការវិលត្រឡប់មកវិញនៃភ្ញៀវទេសចរបរទេសមកកម្ពុជា។ នេះបញ្ជាក់ឱ្យឃើញពីទំនុកចិត្តអ្នកទេសចរមកលើប្រទេសកម្ពុជា ជាពិសេសគឺខេត្តព្រះសីហនុដែលភ្ញៀវទេសចរចិនបានទន្ទឹងរង់ចាំ។
លោកថ្លែងថា៖ «ការណ៍នេះក៏បង្ហាញថា ខេត្តព្រះសីហនុគឺជាគោលដៅទេសចរណ៍ និងវិនិយោគដែលមានសក្តានុពលទាំងទេសចរណ៍ និងសេដ្ឋកិច្ច ដូច្នេះការហោះហើរទៅមកត្រង់នេះគឺបញ្ជាក់ឱ្យឃើញអ្វីដែលយើងត្រៀមក្នុងការទទួល និងជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិទាំងមូលផងដែរ»។
កាលពីថ្ងៃទី ២០ ខែមករា ក្រសួងទេសចរណ៍ និងវប្បធម៌ចិន បានប្រកាសថា ប្រទេសចិន នឹងចាប់ផ្តើមបើកឱ្យធ្វើដំណើរឡើងវិញទៅកាន់ប្រទេសទិសដៅចំនួន ២០។ ប្រទេសកម្ពុជាត្រូវបានចិនជ្រើសរើសឱ្យប្រជាពលរដ្ឋខ្លួនអាចទៅទស្សនាបានចាប់ពីថ្ងៃទី ៦ ខែកុម្ភៈ៕