ក្នុងកិច្ចសម្ភាសន៍ផ្ដាច់មុខមួយជាមួយទីភ្នាក់ងារព័ត៌មានរ៉យទ័រ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បង្ហាញទំនុកចិត្តថា ក្រុមហ៊ុន Tesla Inc (TSLA.O) នឹងព្រមព្រៀងវិនិយោគបង្កើតរោងចក្រផលិតរថយន្តអគ្គិសនីក្នុងប្រទេសរបស់គាត់ ដោយគាត់សន្យាថា នឹងអាចបន្ធូរបន្ថយពន្ធ រហូតដល់ផ្ដល់សម្បទានរ៉ែនីកែលទៀតផង។
ឥណ្ឌូនេស៊ីជាប្រទេសដែលមានទំហំសេដ្ឋកិច្ចដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍។
ប្រទេសនេះ កំពុងទាក់ទាញក្រុមហ៊ុន Tesla ឱ្យវិនិយោគលើការផលិតអាគុយនិងរថយន្តចាប់តាំងពីឆ្នាំ២០២០។
ប្រធានាធិបតីឥណ្ឌូនេស៊ី បានជួបពិភាក្សាជាមួយនាយកប្រតិបត្តិ Tesla លោក Elon Musk ចំនួន២ ដងរួចមកហើយ ដោយជួបគ្នាផ្ទាល់នៅឯរោងចក្រ SpaceXក្នុងរដ្ឋតិចសាស់កាលពីឆ្នាំ២០២២ និងឆ្លើយឆ្លងគ្នាតាមទូរស័ព្ទផង។
មេដឹកនាំឥណ្ឌូនេស៊ី Widodo បាននិយាយដោយសំដៅទៅលើការផ្តល់សម្បទានរ៉ែរបស់ឥណ្ឌូនេស៊ីថា៖ «ខ្ញុំបាននិយាយទៅគាត់ថាប្រសិនបើអ្នកវិនិយោគនៅប្រទេសឥណ្ឌូនេស៊ី ខ្ញុំនឹងផ្តល់សម្បទាននីកែល»។ លោកបន្តថា ប្រទេសលោកនឹងលើកទឹកចិត្តផ្សេងទៀតរួមមានការបន្ធូរបន្ថយពន្ធ និងគម្រោងឧបត្ថម្ភធនលើការទិញរថយន្តអគ្គិសនីEV ដើម្បីឱ្យក្រុមហ៊ុន Teslaបើកទីផ្សារក្នុងប្រទេសគាត់ជាដើម។
លោកបានបន្ថែមថា រដ្ឋមន្ត្រីរបស់លោកកំពុងសិក្សាលើយន្ដការឧបត្ថមធនសម្រាប់ពលរដ្ឋដែលចង់ប្រើយានយន្ដអគ្គិសនីដែលផលិតក្នុងស្រុក។
លោកប្រធានាធិបតីថា គាត់មានទំនុកចិត្តថាប្រទេសឥណ្ឌូនេស៊ី មានសក្តានុពលជាងប្រទេសផ្សេងទៀតដែលក្រុមហ៊ុន Tesla ប្រហែលជាកំពុងពិចារណាសម្រាប់ការវិនិយោគនៅទីនេះ។លោក Jokowi បាននិយាយថា ៖«អាស្រ័យលើក្រុមហ៊ុន Tesla ក្នុងការទទួលយកការផ្តល់សម្បទានរ៉ែនីកែល ហើយឥណ្ឌូនេស៊ីបើកចំហចំពោះការវិនិយោគនៅក្នុងខ្សែចង្វាក់ ផ្គត់ផ្គង់អាគុយ EV និងរថយន្តអគ្គិសនី។វាមិនអីទេប្រសិនបើពួកគេចង់ចាប់ផ្តើមពីថ្ម EV»។
រ៉យទ័រមិនអាចទាក់ទងTesla ដើម្បីឆ្លើយតបភ្លាមៗទេ។
អ្នកវិភាគប៉ាន់ប្រមាណថា Tesla នឹងត្រូវសាងសង់ "gigafactories" ចំនួន៧ ឬ៨ បន្ថែមទៀតដើម្បីបំពេញតាមគោលដៅរបស់ លោកMusk ក្នុងការលក់រថយន្តអគ្គិសនីចំនួន ២០លានគ្រឿង នៅឆ្នាំ ២០៣០។
ក្រៅពីប្រទេសឥណ្ឌូនេស៊ី កូរ៉េខាងត្បូង កាណាដា និងម៉ិកស៊ិក បាននឹងកំពុងប្រជែងគ្នាទាក់ទាញក្រុមហ៊ុន Tesla។
អ្នកនាំពាក្យរបស់ប្រធានាធិបតីម៉ិកស៊ិក បាននិយាយកាលពីថ្ងៃអង្គារថា ក្រុមហ៊ុន Tesla កំពុងពិចារណាបង្កើតរោងចក្រដំឡើងរថយន្តអគ្គិសនី នៅជិតអាកាសយានដ្ឋានម៉ិកស៊ិកថ្មី។
ក្រុមអ្នកវិភាគ លើកឡើងថា ម៉ិកស៊ិកទំនងជាអាចមានលទ្ធភាពឈ្នះក្នុងការទាញក្រុមហ៊ុន Tesla ដោយសារតែប្រទេសនេះ នៅជិតសហរដ្ឋអាមេរិកស្រាប់។
ប្រសិនបើក្រុមហ៊ុន Tesla វិនិយោគលើការផលិតថ្មនៅក្នុងប្រទេសឥណ្ឌូនេស៊ី វានឹងក្លាយជាកន្លែងដំបូងរបស់ខ្លួននៅក្នុងទ្វីបអាស៊ី។ កាលពីខែមុន ក្រុមហ៊ុនបានប្រកាសការវិនិយោគចំនួន ៣,៦ ពាន់លានដុល្លារ ដើម្បីពង្រីកការផលិតថ្មនៅរោងចក្រ Nevada របស់ខ្លួន។
ប្រធានាធិបតីឥណ្ឌូនេស៊ីJokowi កាលពីឆ្នាំ ២០២០បានហាមឃាត់ការនាំចេញរ៉ែនីកែល ដើម្បីលើកទឹកចិត្តអ្នកវិនិយោគឱ្យបង្កើតខ្សែចង្វាក់ ផ្គត់ផ្គង់បង្កើតរោងចក្រផលិតអាគុយ និង រថយន្ដអគ្គិសនី ដោយប្រើវត្ថុធាតុដើម្បីក្នុងស្រុកតែម្ដង។
ប្រទេសឥណ្ឌូនេស៊ីក៏ជាទីចាប់អារម្មណ៍ក្នុងការវិនិយោគលើការផលិត EV ឬថាមពលថ្មផងដែរ ក្នុងនោះមានក្រុមហ៊ុន Hyundai Motor Co (005380.KS) របស់កូរ៉េខាងត្បូង និង LG Energy Solution ដែលបានសាងសង់រោងចក្រ EV និងអាគុយរួចមកហើយនោះ។
មន្ត្រីឥណ្ឌូនេស៊ីកាលពីឆ្នាំមុនបាននិយាយថាក្រុមហ៊ុន Tesla បានចុះហត្ថលេខាលើកិច្ចសន្យាដែលមានតម្លៃប្រហែល ៥ពាន់លានដុល្លារ ដើម្បីទិញសម្ភារៈសម្រាប់ថ្មរបស់ពួកគេពីក្រុមហ៊ុនកែច្នៃនីកែល៕