ភ្នំពេញៈ លោក ប៉ាន សូរស័ក្តិ រដ្ឋ​មន្រ្តី​ក្រសួង​ពាណិជ្ជកម្ម បាន​លើកឡើង​ពីការ​សំណូមពរ ទៅ​កាន់​លោក Ratnakar Adhikari នាយក​ប្រតិបត្តិ​នៃ​ក្របខ័ណ្ឌ​ពង្រឹង​សមា​ហរណកម្ម (EIF) អំពី​កិច្ចការ​សំខាន់ៗ​ដែល​ក្របខ័ណ្ឌ​ពង្រឹង​សមា​ហរណកម្ម អាច​ចូលរួម​ចំណែក ក្នុង​ការអភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​បន្ថែម​ទៀត។

ក្នុងនោះ​រួម​មាន ការពង្រីក​វិសាលភាព​នៃ​គម្រោង Go4eCAM ការអភិវឌ្ឍ​សមត្ថភាព​ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម​តាមប្រព័ន្ធ​អេឡិចត្រូនិក ការ​ធ្វើ​បច្ចុប្បន្ន​ភាព​ឯកសារ​យុទ្ធសាស្រ្ត​សមា​ហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា និង​ការត្រៀម​ចាកចេញ​ពី​ឋានៈ​ជាប្រទេស​អភិវឌ្ឍន៍​តិចតួច​របស់​កម្ពុជា។


លោក ប៉ាន សូរស័ក្តិ បានលើក​ឡើង​បែប​នេះ ក្នុង​អំឡុង​ពេល​ទទួល​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោក Ratnakar Adhikari កាល​ពី​ថ្ងៃ​ទី២​ខែកុម្ភៈ។


លោក​រដ្ឋ​មន្រ្តី បាន​បញ្ជាក់​ពីសារៈ​សំខាន់​នៃ​ជំនួយ​ពាណិជ្ជកម្ម ក្នុង​ការបង្កើន​ឱកាស​ពាណិជ្ជកម្ម និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច របស់​ប្រទេស​អភិវឌ្ឍន៍​តិចតួច រួមទាំង​ប្រទេស​កម្ពុជា​ផងដែរ។


បើតាមលោក​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម ក្របខ័ណ្ឌ​ពង្រឹង​សមា​ហរណកម្ម (EIF) តែងតែ​ផ្តល់​ការគាំទ្រ​ទាំង​ផ្នែក​បច្ចេកទេស និង​ហិរញ្ញវត្ថុ​ដល់​កម្ពុជា តាមរយៈ​គម្រោង​នានា​ដែល​មាន​គោលដៅ​អភិវឌ្ឍន៍ វិស័យ​ពាណិជ្ជកម្ម​នៅ​កម្ពុជា។


សមិទ្ធផល​សំខាន់ៗ​ដែល​សម្រេច​បាន​ក្នុង​រយៈពេល​ជាង ១០​ឆ្នាំ​កន្លង​មក តាមរយៈ​ការអនុវត្ត​គម្រោង​ដែល​ទទួល​បាន​ការគាំទ្រ​ពី​ក្របខ័ណ្ឌ​ពង្រឹង​សមា​ហរណកម្ម ក្នុងនោះ​រួមមាន​៖ គម្រោង EIF Tier 1, កម្ម​វិធី​ការធ្វើ​ពិពិធកម្ម និង​ពង្រីក​ការនាំ​ចេញ (CEDEP I), CEDEP II, កម្មវិធី​គាំទ្រ​ដល់​និរន្តរ​ភាព (SSP), យុទ្ធសាស្រ្ត​សមា​ហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា (CTIS) 2019-23, យុទ្ធសាស្រ្ត​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​គម្រោង Go4eCAM ដែលបាន​និង​កំពុង​អនុវត្ត​ដោយ​ក្រសួង​ពាណិជ្ជកម្ម៕