​ភ្នំពេញៈ កម្ពុជា​រកចំណូលបាន​ជិត ១​​​ ពាន់​លាន​ដុល្លារ​ពី​ការនាំចេញ​កង់​ទៅ​ទីផ្សារ​អន្តរ ជាតិ​កាលពី​ឆ្នាំ​ ២០២២ ខណៈ​អ្នកជំនាញ​អះអាងថា ឧស្សាហកម្ម​មិនមែន​កាត់ដេរ​មួយ​នេះ ក្លាយទៅជា​វិស័យ​ប្រកបដោយ​សក្តានុពល​ដើម្បី​ទាក់ទាញ​លំហូរ​វិនិយោគ​កាន់តែច្រើន​ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​ខាងមុខ​។​

​បើតាម​ទិន្នន័យ​ចុងក្រោយ​របស់​ក្រសួង​ដែល​ទទួលបាន​ដោយ ​ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ថ្ងៃទី ​២ ​ខែកុម្ភៈ ការនាំចេញ​កង់​ពី​ប្រទេស​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​ឆ្នាំ​ ២០២២ មានតម្លៃ​ជាង ៩៦៦,៧៥​ លាន​ដុល្លារ កើនឡើង​ជាង ៤៨ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២១​។​


​លោក ប៉ែន សុ​វិជាតិ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ការនាំចេញ​កង់​បាន​កើន​ឡើងជា​លំដាប់​ពី​ ១ ​ឆ្នាំ ទៅ​ ១​ ឆ្នាំ ដោយសារ​វា​មាន​តម្រូវការ​ខ្ពស់​នៅ​ទីផ្សារ​អឺរ៉ុប អាមេរិក អង់គ្លេស កាណាដា ជប៉ុន និង​ចិន​។ លោក​បន្តថា បច្ចុប្បន្ន​កម្ពុជា​បាន​នាំចេញ​កង់​ទៅ​ជាង ៥០​ ប្រទេស​ជុំវិញ​ពិភពលោក​។​

​លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​កត់សម្គាល់​ឃើញថា ការនាំចេញ​កង់​បាន​កើន​ជា​លំដាប់ ព្រោះ​មាន​តម្រូវការ​ខ្ពស់​។ ឥឡូវ​កង់​ក្លាយជា​ផលិតផល​នាំចេញ​សំខាន់​មួយ​ក្រៅពី​សម្លៀកបំពាក់ ស្បែកជើង និង​កាបូប​»​។​


​លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​ប្រាប់ថា ការនាំចេញ​កង់​កើនឡើង គឺ​ឆ្លុះបញ្ចាំង​ពី​ការផ្លាស់ប្តូរ​ទម្លាប់​រប​ស់​ប្រជាជន​ភាគច្រើន​នៅ​អឺរ៉ុប និង​ប្រទេស​រីកចម្រើន​ដែល​ផ្លាស់ប្តូរ​ទម្លាប់​របស់​ពួកគេ​ពី​ការប្រើប្រាស់​រថយន្ត ឬ​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ​ទៅជា​ការ​ជិះ​កង់ ព្រោះ​វា​មិន​ត្រឹមតែ​ជួយ​ដល់​សុខភាព​ឬ​សម្រួល​ចរាចរណ៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​រួមចំណែក​ដល់​យុទ្ធនាការ​របស់​រដ្ឋាភិបាល​លើ​គោលនយោបាយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូន​សូន្យ​ទៀតផង​។​

​លោក​បន្តថា​៖ «​ខ្ញុំ​មើលឃើញថា ផលិតផល​មិនមែន​កាត់ដេរ​បានក្លាយ​ជា​ផលិតផល​កាន់តែ​សំខាន់​សម្រាប់​ប្រទេស​យើង បន្ទាប់ពី​វិស័យ​វាយ​ន​ភណ្ឌ​។ ដូចដែល​យើង​មើលឃើញ គឺ​ការនាំចេញ​មាន​ប្រាក់​ជិត ១ ​ពាន់​លាន​ដុល្លារ ​កាលពី​ឆ្នាំមុន ហើយ​យើង​ជា​ប្រទេស​នាំចេញ​ដ៏​សំខាន់​ទៅ​ទីផ្សារ​អឺរ៉ុប និង​តំបន់​។ ដូច្នេះ​យើង​មើលឃើញថា វា​ជា​វិស័យ​ដ៏​មាន​សក្ដានុពល​ខ្លាំង​ក្នុងការ​ទាក់ទាញ​ការវិនិយោគ​បន្ថែមទៀត​»​។​

​បើតាម​ក្រសួងពាណិជ្ជកម្ម បច្ចុប្បន្ន​មាន​រោងចក្រ​កង់​ចំនួន ៥ កំពុងដំណើរការ​នៅ​កម្ពុជា ដោយមាន​ទីតាំង​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុង​បាវិត នៃ​ខេត្តស្វាយរៀង​៕