វិនិយោគិនភាគច្រើនប្រហែលជាបានស្គាល់រួចទៅហើយអំពី «មូលបត្របំណុលសាជីវកម្ម» ដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជាយើង។ យ៉ាងណាមិញមូលបត្របំណុល ១ ប្រភេទទៀតដែលមានឈ្មោះថា «មូលបត្ររដ្ឋ» ទើបតែត្រូវបានដាក់ឱ្យចរាចរនៅក្នុងប្រទេសកម្ពុជាយើងនាចុងឆ្នាំ ២០២២ កន្លងទៅនេះ។ តើអ្វីទៅជាមូលបត្ររដ្ឋ? តើវាមានភាពខុសគ្នាដូចម្តេចខ្លះ បើប្រៀបធៀបទៅនឹងមូលបត្របំណុលសាជីវកម្ម? តើមូលហេតុអ្វីបានជាវិនិយោគិនគ្រប់រូបគួរយកចិត្តទុកដាក់សិក្សាអំពីឧបករណ៍វិនិយោគដ៏មានសារៈសំខាន់មួយនេះ?
តើអ្វីទៅជាមូលបត្ររដ្ឋ?
មូលបត្ររដ្ឋ គឺជាប្រភេទមូលបត្របំណុលដែលវិនិយោគិនផ្តល់ប្រាក់កម្ចីទៅកាន់រាជរដ្ឋាភិបាលជាថ្នូរដើម្បីទទួលបាននូវអត្រាការប្រាក់ដ៏ទៀងទាត់មួយ ផ្អែកតាមអត្រាគូប៉ុងដែលត្រូវបានកំណត់រួចជាស្រេចចំពោះមូលបត្ររដ្ឋនីមួយៗ។ មិនតែប៉ុណ្ណោះវិនិយោគិនទាំងអស់នឹងទទួលបានប្រាក់ដើមរបស់ខ្លួននៅចុងគ្រា ស្របតាមកាលកំណត់ដែលហៅថា កាលឥណប្រតិទាន។ ចំពោះមូលនិធិដែលត្រូវបានកៀរគរតាមរយៈឧបករណ៍វិនិយោគមួយនេះ នឹងត្រូវបានចំណាយទៅលើគម្រោងអភិវឌ្ឍន៍ផ្សេងៗស្របតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។
មូលបត្ររដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ននេះ មូលបត្ររដ្ឋ
ត្រូវបានបោះផ្សាយលក់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលជាតំណាងរាជរដ្ឋាភិបាល ក្នុងគោលបំណងដើម្បីអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជា និងធ្វើពិពិធកម្មប្រភពហិរញ្ញប្បទានដើម្បីទ្រទ្រង់តម្រូវការអភិវឌ្ឍន៍ប្រទេសជាតិ។ នាឆ្នាំ ២០២២កន្លងមកនេះ រាជរដ្ឋាភិបាលបានអនុម័តផែនការបោះផ្សាយសម្រាប់ឆ្នាំដំបូងនូវទឹកប្រាក់អតិបរមា ១,២ ទ្រីលានរៀល ពោលគឺប្រមាណជា ៣០០ លានដុល្លារសហរដ្ឋអាមេរិក ហើយការបោះផ្សាយលើកទី ១ ជាប្រវត្តិសាស្ត្របានចាប់ផ្តើមនៅថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២២។
ដោយការបោះផ្សាយមូលបត្ររដ្ឋក្នុងឆ្នាំ ២០២២ ត្រូវបានធ្វើឡើងនៅដំណាច់ឆ្នាំទៅហើយ រាជរដ្ឋាភិបាលកម្ពុជាសម្រេចបានការបោះផ្សាយចំនួន ៣ លើកតែប៉ុណ្ណោះ ដោយប្រមូលមូលធនប្រមាណជា ៧២ ប៊ីលានរៀល ឬ ១៨ លានដុល្លារសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណាក្តីរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញផែនការបោះផ្សាយលក់មូលបត្ររដ្ឋសម្រាប់ឆ្នាំ ២០២៣ ក្នុងទំហំសរុបចំនួន ៨១៣ ប៊ីលានរៀល ឬ ២០០ លានដុល្លារសហរដ្ឋអាមេរិក។ ដោយផ្អែកលើបទពិសោធន៍នៃការបោះផ្សាយលក់មូលបត្របំណុលនាឆ្នាំ ២០២២ កន្លងទៅនេះជាមួយ នឹងការដាក់ចេញយុទ្ធសាស្ត្រថ្មីៗក្នុងឆ្នាំ ២០២៣ រាជរដ្ឋាភិបាលកម្ពុជាមានសុទិដ្ឋិនិយមថា នឹងអាចសម្រេចបាននូវផែនការបោះផ្សាយលក់មូល បត្ររដ្ឋក្នុងឆ្នាំ ២០២៣ នេះ។
ការបោះផ្សាយលក់មូលបត្ររដ្ឋក្នុងទីផ្សារដំបូង
មូលបត្ររដ្ឋដែលបានបោះផ្សាយលក់ក្នុងទីផ្សារដំបូងកន្លងមក គឺធ្វើឡើងតាមរយៈការដេញថ្លៃនៅលើ «វេទិកាដេញថ្លៃរបស់ធនាគារជាតិនៃកម្ពុជា» ដែលហៅកាត់ថា«NBCP»។យ៉ាងណាមិញនៅក្នុងឆ្នាំ ២០២៣ នេះ រាជរដ្ឋាភិបាលកម្ពុជាគ្រោងនឹងបន្ថែមជម្រើសការបោះផ្សាយលក់មូលបត្ររដ្ឋក្នុងទីផ្សារដំបូងជាលក្ខណៈឯកជន (Private Placement) និងការដេញថ្លៃដោយប្រើប្រាស់ «វេទិកាដេញថ្លៃមូលបត្ររដ្ឋ (GSAP)» របស់ផ្សារមូលបត្រកម្ពុជា (ផមក) ដែលនឹងត្រូវបានដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខនេះបន្ថែមទៅលើការដេញថ្លៃមូលបត្ររដ្ឋតាមរយៈធនាគារជាតិនៃកម្ពុជា ដោយវេទិកាដេញថ្លៃមូលបត្ររដ្ឋទាំង២ នេះផ្តោតលើមូលបត្រដែលមានរយៈពេលឥណប្រតិទានខុសគ្នា។
វេទិកាដេញថ្លៃមូលបត្ររដ្ឋទាំង ២ នឹងអនុញ្ញាតឱ្យវិនិយោគិនសក្តានុពលផ្សេងៗចូលរួមក្នុងទីផ្សារដោយផ្ទាល់ដែលរួមមាន ធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ក្រុមហ៊ុនមូលបត្រ ក្រុមហ៊ុនធានារ៉ាប់រង បេឡាជាតិរបបសន្តិសុខសង្គម ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ ព្រមទាំងវិនិយោគិន និងស្ថាប័នផ្សេងទៀត ស្របតាមផែនការបោះផ្សាយរបស់រាជរដ្ឋាភិបាល។
ទីផ្សារបន្ទាប់
នៅក្នុងឆ្នាំដំបូង ទីផ្សារបន្ទាប់សម្រាប់ការជួញដូរមូលបត្ររដ្ឋស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍នៅឡើយ ដូច្នេះមូលបត្ររដ្ឋត្រូវបានចុះបញ្ជីព័ត៌មាននៅ ផមក តែមិនទាន់ត្រូវបានដាក់ឱ្យជួញដូរទៅវិញទៅមកនៅឡើយ។ យ៉ាងណាមិញទីផ្សារបន្ទាប់នឹងត្រូវបានដាក់ឱ្យដំណើរការនាអំឡុងឆ្នាំ ២០២៣ នេះ។
គុណសម្បត្តិនៃការវិនិយោគលើមូលបត្ររដ្ឋ
ហេតុផលខាងក្រោមនេះជាអត្ថប្រយោជន៍ក្នុងការវិនិយោគទៅលើមូលបត្ររដ្ឋ៖ ហានិភ័យស្មើសូន្យ៖ មូលបត្ររដ្ឋត្រូវបានគេទទួលស្គាល់ថាជាការវិនិយោគដែលមានហានិភ័យទាបបំផុត ឬស្ទើរតែគ្មានហានិភ័យ ព្រោះមូលបត្របំណុលទាំងនេះត្រូវបានបោះផ្សាយឡើងដោយរដ្ឋាភិបាលដែលនោះមានន័យថា ការខកខានទូទាត់ការប្រាក់ ឬសងថ្លៃដើមវិញជារឿងមួយដែលមិនអាចកើតឡើងបានឡើយ។ រដ្ឋាភិបាលដែលកំពុងមានដំណើរការជាធម្មតាតែងនឹងមានមូល និធិគ្រប់គ្រាន់ដើម្បីផ្តល់ជាសំណងដល់ម្ចាស់បំណុលវិញនូវការប្រាក់ និងថ្លៃដើមដូចដែលបានកំណត់។ យ៉ាងណាមិញវិនិយោគិនគួរចាំទុកថាដោយសារតែប្រភេទមូលបត្របំណុលនេះមានហានិភ័យទាប នោះក៏មានន័យថា អត្រាការប្រាក់ដែលវិនិយោគិននឹងទទួលបានមកវិញក៏តិចជាងមូលបត្រសាជីវកម្មផងដែរ។
ទទួលបានប្រាក់ចំណូលថេរ៖ ស្រដៀងគ្នាទៅនឹងការវិនិយោគសាច់ប្រាក់ទៅលើធនាគារដែរមូលបត្ររដ្ឋអនុញ្ញាតឱ្យវិនិយោគិនទទួលបានប្រាក់ចំណូលពីការប្រាក់មួយដែលមានភាពឋិតថេរ។ មូលបត្ររដ្ឋទាំងអស់សុទ្ធតែមានអត្រាគូប៉ុងមួយជាក់លាក់ ដែលនឹងត្រូវបានយកទៅគណនាជាចំនួនការប្រាក់សម្រាប់ទូទាត់តាមកាលកំណត់ទៀងទាត់ទៅដល់ម្ចាស់បំណុល។
ធ្វើពិពិធកម្មផលបត្រ៖ វិនិយោគិនតែងមានតម្រូវការបែងចែកទ្រព្យរបស់ខ្លួនទៅវិនិយោគលើផលិតផលហិរញ្ញវត្ថុផ្សេងៗគ្នាដើម្បីកាត់បន្ថយហានិភ័យដែលកើតឡើងមកពីការពឹងផ្អែកទៅលើប្រភេទទ្រព្យវិនិយោគតែមួយ។
មូលបត្ររដ្ឋ គឺជាការវិនិយោគមួយដែលមានសុវត្ថិភាពខ្ពស់ពោលគឺវិនិយោគិនអាចចាត់ទុកវាជាការវិនិយោគបម្រុង ហើយធ្វើការបែងចែកប្រាក់វិនិយោគរបស់ខ្លួនដែលនៅសល់ទៅលើមូលបត្រ និងទ្រព្យសកម្មផ្សេងៗដែលហានិភ័យខ្ពស់ជាងនេះ ដើម្បីធ្វើឱ្យមានសមតុល្យផលបត្រ។ ការធ្វើពិពិធកម្មផលបត្រ បែបនេះនឹងផ្តល់សារៈប្រយោជន៍ខ្ពស់ជាពិសេសសម្រាប់ស្ថាប័នហិរញ្ញវត្ថុដូចជាក្រុមហ៊ុនធានារ៉ាប់រង និងធនាគារ ដើម្បីកាត់បន្ថយឱកាសក្ស័យធន និងការខាតបង់។
ការអភិវឌ្ឍន៍ជាតិ
ពាក្យគន្លឹះថា «រដ្ឋ» បានបង្ហាញយ៉ាងច្បាស់ថា ឧបករណ៍វិនិយោគមូលបត្ររដ្ឋនេះដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។ ការបង្កើតឱ្យមានទីផ្សារមូលបត្ររដ្ឋផ្តល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់ជាតិដូចខាងក្រោម៖
ការផ្តល់ហិរញ្ញប្បទានដល់រាជរដ្ឋាភិបាល៖ មូលធនដែលបានប្រមូលពីការបោះផ្សាយលក់មូលបត្ររដ្ឋនឹងត្រូវបានប្រើប្រាស់ជាមូលនិធិផ្ទាល់សម្រាប់ការអភិវឌ្ឍគម្រោងនានារបស់រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាសេវាសាធារណៈ និងជាការជំរុញដល់ការរីកលូតលាស់នៃសេដ្ឋកិច្ចជាតិទាំងមូលផងដែរ។ មូលបត្ររដ្ឋនីមួយៗត្រូវបានបោះផ្សាយឡើងជាមួយនឹងគោលបំណងជាក់លាក់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ឬកែលម្អហេដ្ឋារចនាសម្ព័ន្ធសង្គមជាដើម ហេតុនេះប្រជាពលរដ្ឋកម្ពុជាអាចបង្ហាញការគាំទ្ររបស់ខ្លួនតាមរយៈការវិនិយោគដោយផ្ទាល់ ទៅលើប្រភេទគម្រោងនៃការអភិវឌ្ឍណាមួយដែលខ្លួនចង់បាន។
គោលនយោបាយរូបិយវត្ថុ៖ មូលបត្របំណុលរដ្ឋនឹងដើរតួនាទីជាឧបករណ៍ចម្បងមួយសម្រាប់ជំរុញការអនុវត្ត គោលនយោបាយរូបិយវត្ថុរបស់ប្រទេស កម្ពុជាយើង។ ជាឧទាហរណ៍ ធនាគារជាតិអាចទិញមូលបត្របំណុលរដ្ឋដើម្បីបង្កើនការផ្គត់ផ្គង់សាច់ប្រាក់នៅក្នុងសេដ្ឋកិច្ច និងបន្ថយអត្រាការប្រាក់ ហើយផ្ទុយទៅវិញធនាគារជាតិក៏អាចលក់មូលបត្ររដ្ឋវិញ ដើម្បីកាត់បន្ថយបរិមាណសាច់ប្រាក់ដែលដាក់ឱ្យចរាចរក្នុងចរន្តសេដ្ឋកិច្ខ និងបង្កើនអត្រាការប្រាក់ជាដើម។ ឧបករណ៍សេដ្ឋកិច្ចនេះ បូកផ្សំនឹងគោលនយោបាយរូបិយវត្ថុផ្សេងទៀត នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រង និងផ្តល់ឥទ្ធិពលផ្ទាល់ទៅលើកំណើនផលិតផលក្នុងស្រុកសរុប ការផ្គត់ផ្គង់សាច់ប្រាក់ អត្រាការប្រាក់ អតិផរណា និងស្ថិរភាពថ្លៃទូទាំងព្រះរាជាណាចក្រកម្ពុជាទាំងមូល។
រង្វាស់ថ្លៃគោល (Benchmark)៖ មូលបត្ររដ្ឋ គឺជារង្វាស់ស្តង់ដារមួយដែលត្រូវបានគេប្រើប្រាស់ដើម្បីកំណត់តម្លៃមូលបត្របំណុល និងមូលបត្រកម្មសិទ្ធគ្រប់ប្រភេទដោយធ្វើការវាយតម្លៃទៅលើហានិភ័យនិងផលចំណេញត្រឡប់មកវិញរបស់មូលបត្របំណុលទាំងនោះធៀបទៅនឹងមូលបត្ររដ្ឋ។ ជារឿយៗ មូលបត្របំណុល របស់ប្រទេសនីមួយៗត្រូវបានប្រើប្រាស់ជារង្វាស់ថ្លៃគោល ព្រោះមូលបត្របំណុលប្រភេទនេះមានប្រជាប្រិយភាព និងសន្ទនីយភាពខ្ពស់។ ការអភិវឌ្ឍ ផលិតផលថ្មីនេះ នឹងជួយបំពេញបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធនៃទីផ្សារហិរញ្ញវត្ថុកម្ពុជាឱ្យកាន់តែមានភាពពេញលេញ និងគ្រប់ជ្រុងជ្រោយ។
សេចក្តីសន្និដ្ឋាន
មូលបត្ររដ្ឋត្រូវបានចាត់ទុកថាជាឧបករណ៍ហិរញ្ញវត្ថុដែលមានសុវត្ថិភាពខ្ពស់ជាងគេនៅលើទីផ្សារ ព្រោះមូលបត្រ បំណុលប្រភេទនេះអនុញ្ញាតឱ្យវិនិយោគិនទទួលបាននូវការប្រាក់មួយដែលទៀងទាត់បើប្រៀបធៀបទៅនឹងទ្រព្យសកម្មដទៃទៀត។ ម្យ៉ាងវិញទៀតដោយមូលបត្ររដ្ឋទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់រាជរដ្ឋាភិបាល ឧបករណ៍វិនិយោគប្រភេទនេះអាចធានាបាននូវការប្រាក់និងការសងថ្លៃដើម ក៏ដូចជាអាចប្រើប្រាស់ជាការបំពេញបន្ថែមប្រកបដោយប្រសិទ្ធភាពទៅលើផលបត្រមូលដ្ឋានរបស់វិនិយោគិនគ្រប់ៗរូប។ មិនតែ ប៉ុណ្ណោះ វិនិយោគិនក៏បានចូលរួមចំណែកដោយផ្ទាល់ក្នុងការអភិវឌ្ឍប្រទេសកម្ពុជាយើងផងដែរ៕