ភ្នំពេញៈ លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅក្នុង​អំឡុងពេល ចុះទៅ​ទស្សនកិច្ច នៅ​សហគមន៍​ត្រពាំង​ឫស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ កាលពី​ថ្ងៃទី​ ១២ ខែកុម្ភៈ បាន​លើកឡើងថា ក្រសួង​បាន​និង​កំពុង​ជួយ​ឱ្យ​សហគមន៍​អ្នក​ផលិត​ពូជស្រូវ​ផ្ការំដួល​សុទ្ធ​ឱ្យបាន​ច្រើន ដោយសារតែ​ពូជស្រូវ​ប្រភេទ​នេះ​កំពុងមាន​ទីផ្សារ​ល្អ​។​

ទោះជា​យ៉ាងណាក៏ដោយ លោក​បានឱ្យដឹងថា សហគមន៍​ត្រពាំង​ឫ​ស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ផលិត​ស្រូវពូជ​ផ្ការំដួល​បាន ១៧០ តោន តែ​ពួកគាត់​បារម្ភ​ពី​ទីផ្សារ​លក់​ពូជ​របស់គាត់​។


លោក​បាន​លើកឡើងថា​៖ «​យើង​បាន​ពន្យល់​គាត់​ពី​ប្រព័ន្ធ​ដែល​ត​ភ្ជាប់​គ្នា​រវាង​អ្នក​ផលិត​ស្រូវពូជ អ្នក​ផលិត​ស្រូវ​ចំណី និង​រោង​ម៉ាស៊ីន​ដែល​ជួយ​ឱ្យទាំង​អ្នក​ផលិត​ពូជ​និង​អ្នក​ផលិត​ស្រូវ​ចំណី​ទទួលបាន​ការធានា​ទីផ្សា​រ និង​រោង​ម៉ាស៊ីន​ទទួលបាន​ស្រូវ​សុទ្ធ​ល្អ​សម្រាប់​កែច្នៃ​ជា​អង្ករ​ដើម្បី​លក់​មកកាន់​ទីផ្សារ​»​។​

​លោក​លោក យ៉ង សាំងកុមារ​ បានឱ្យដឹង​ទៀតថា បន្ទាប់ពី​ខាង​សហគមន៍ បាន​យល់​ហើយ សហគមន៍​មាន​អារម្មណ៍​សប្បាយចិត្ត​ឡើងវិញ ដោយ​អះអាងថា នឹង​ខំ​ពង្រីក​សមាជិក​បន្ថែម​ដើម្បី​ផលិត​ពូជ​។​ប៉ុន្តែ​​គាត់​ក៏​នៅ​បន្ត​បញ្ហា​ប្រឈម​ក្នុងការ​ខ្វះ​ទុន​ផងដែរ​សម្រាប់​ការពង្រីក​បន្ថែម ដែល​នេះ​ជា​កិច្ច​ការសំខាន់​មួយ​ដែល​លោក​កំពុង​ចូលរួម​ធ្វើ​ដើម្បី​លើកស្ទួយ​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​និង​ជីវភាព​កសិករ​។​


​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក ចាន់ សុ​ឃាំង បាន​ប្រាប់​ឱ្យដឹងថា ការជំរុញឱ្យ​កសិករ​ដាំ​ដុះ​ពូជស្រូវ​ផ្ការំដួល​សុទ្ធ​នេះ គឺជា​ការជួយ​ ១ ផ្នែក​ដល់​ពួកគាត់ ដោយសារតែ នៅក្នុង​ករណី​ដែល​​ពូជ​មិន​សុទ្ធ​ល្អ ដំណុះ​អាច​នៅសល់​ត្រឹមតែ​៧០​ទៅ​៨០​ភាគរយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បើ​គាត់​ប្រើប្រាស់​ពូជ​សុទ្ធ ដំណុះ​អាច​កើន​ដល់​ជាង​៩០​ភាគរយ​។​

​លោក​បាន​បន្ថែមថា បច្ចុប្បន្ននេះ ខាង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា សហការ​ជាមួយ​ក្រសួងកសិកម្ម កំពុងតែធ្វើការ​ជាមួយ​សហគមន៍​នានា​ទូទាំងប្រទេស​លើ​ការងារ​ផលិត​ពូជស្រូវ​ផ្ការំដួល​សុទ្ធ​នេះ ដោយ​ជំរុញ​ឱ្យ​កសិករ​ទៅ​ទាក់ទងជាមួយ​សហ​គម​ន៍ ដើម្បី​ទទួលបាន​ពូជស្រូវ​ផ្ការំដួល​សុទ្ធ​ទាំងអស់នេះ​។​

​លោក​ ចាន់ សុ​ឃាំង បាន​បញ្ជាក់ថា​៖ «​យើង​នឹងមាន​ការលំបាក ប្រសិនបើ​យើង​ទៅធ្វើ​ការ​ផ្ទាល់​ជាមួយ​កសិករ​ម្តង ​១​ គ្រួសារៗ ដែល​ត្រូវ​ចំណាយ​ពេលវេលា​ច្រើន ហើយ​មិនទាន់​សភាពការណ៍​។​ដូចនេះ​យើង​ត្រូវ​ធ្វើការ​ជាមួយ​សហគមន៍​កសិក​រវិ​ញ ដោយ​ជំរុញ​ឱ្យ​កសិករ​យើង​ទៅរក​សហគមន៍​ដែល​នៅក្បែរ​គាត់​។ បន្ទាប់ពី​យើង​បាន​ពិភាក្សា​ជាមួយ​ក្រសួង យើង​បានកំណត់​យក​ពូជ​ចំនួន​ ២ ជា​គោល​គឺ​ពូជ​ផ្ការំដួល ដែល​ផលិត​ចេញ​ជា​អង្ករ​ដែល​ឈ្មោះថា ​ម្លឹះ​អង្គរ និង​ពូជ​សែន​ក្រអូប​០១ ដែល​ពូជ​ទាំង២ប្រភេទ​នេះ សុទ្ធ​តែមានទីផ្សារ​ល្អ​ដូចគ្នា​»​។​

​ ចំណែក លោក ឃុន សា​អែម ប្រធាន​សហគមន៍​ក​សិ​កម្មបាភ្នំ​មានជ័យ នៃ​ខេត្តព្រៃវែង បាន​ប្រាប់ឱ្យដឹង​ដែរ​ថា ពូជ​ដែល​សហគមន៍​បាភ្នំ​មានជ័យ បាននិងកំពុង​ផលិត​នេះ មាន​៣​ប្រភេទ គឺ ពូជ​ផ្ការំដួល សែន​ក្រអូប​ ០១ និង​ពូជ OM54 ដែល​ក្នុង​ឆ្នាំ​ ២០២២​កន្លងទៅ សហគមន៍​ផលិត​បាន​ជាង ​២៦៨​ តោន​។​ប៉ុន្តែ ដោយសារ​ក្នុង​ឆ្នាំ​ ២០២៣ រោង​ម៉ាស៊ីន​មាន​តម្រូវការ​ច្រើន​លើ​ពូជ​ផ្ការំដួល និង​សែន​ក្រអូប ​០១ ទើប​សហគមន៍​មាន​គម្រោង​ផលិត​ឱ្យបាន​ប្រមាណ​ ៤៥០ ​តោន​។​

​លោក​បាន​បន្ថែមថា​៖«​ពូជស្រូវ ដែល​សហគមន៍​កសិក​ម្ម​ផលិត​បាន មិន​ត្រឹមតែ​លក់​នៅក្នុង​ខេត្តព្រៃវែង​ប៉ុណ្ណោះ​ទេ ថែម​នាំ​ចេញទៅ​លក់​នៅតាម​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត ដូចជា កំពង់ធំ កំពង់ចាម តាកែវ ស្វាយរៀង មណ្ឌលគិរី រតនគិរី បន្ទាយមានជ័យ និង​កំពង់ឆ្នាំង​ជាដើម​។​ឆ្នាំ​កន្លងទៅ ខាង​រោង​ម៉ាស៊ីន​ក្នុង​ខេត្តព្រៃវែង​យើង​មិនសូវ​ទិញ​សែន​ក្រអូប​ ០១​ ទេ ទើប​យើង​មិនសូវ​ផលិត តែ​ឆ្នាំនេះ​គេ​ទិញ​ច្រើន ទើប​យើង​បង្កើន​ការផលិត​វិញ​»​។​

​ លោក​បាន​បន្តថា ដោយសារតែ​តម្រូវការ​ពូជស្រូវ​មានការ​កើនឡើង សហគមន៍​ក​សិ​ម្ម​បាភ្នំ​មានជ័យ នៃ​ខេត្តព្រៃវែង ដែល​សព្វថ្ងៃ​មាន​សមាជិក​ជាង​ ២២៦ ​គ្រួសារ នឹង​បង្កើន​ចំនួន​សមាជិក​ថែមទៀត ដើម្បី​ជំរុញ​ឱ្យ​ការផលិត​ពូជស្រូវ​សុទ្ធ ផ្ការំដួល និង​សែន​ក្រអូប​ ០១​ នេះ គ្រប់​ទៅតាម​ផែនការ​ដែល​បានកំណត់​។​

​បើតាម​លោក យ៉ង សាំងកុមារ បច្ចុប្បន្ន​ទូទាំងប្រទេស​កម្ពុជា ត្រូវការ​ពូជស្រូវ​ផ្ការំដួល​សុទ្ធ​ប្រមាណ ២០ ០០០ តោន ហើយ​និង​អាច​កើន​ដល់ ៤០ ០០០ តោន ​សម្រាប់​ពេលខាងមុខ​៕